ភ្នំពេញ ៖ នារីម្នាក់ ត្រូវខាងប្រុសធានាដឹកជូនមកផ្ទះវិញ រួចក៏ដឹកបង្ហួសចូលផ្ទះសំណាក់ តែខាងស្រីមិនព្រមរត់ចេញមកវិញ ក៏ត្រូវប្រុសតាមលួងលោមឱ្យឡើងជិះម៉ូតូវិញ រួចដឹកចូលទៅកន្លែងស្ងាត់ ទះ២កំផ្លៀង រួចចាប់ច្របាច់ក ហែកខោចាប់រំលោភ ទាំងកំរោលរហូតដល់បានសម្រេច ខណៈដែលពួគេបានចេញពីច្រៀងខារ៉ាអូខេ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបឹងកក់ នៅចំណុចដីឡូមួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

នារីរងគ្រោះមានឈ្មោះឯម ស្រីណា ហៅស្រីពេជ្រ អាយុ២៩ឆ្នាំ មុខរបរកូនជាងអ៊ុតសក់នៅផ្សារដីថ្មី ស្នាក់នៅផ្ទះជួលម្តុំផ្សារដីថ្មី ផ្លូវលេខ១៦ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានវ័យប្រមាណ៤០ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1HL-5880។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងទើបចូលធ្វើការជាកូនជាងអ៊ុតសក់នៅម្តុំផ្សារដីថ្មី បានប្រមាណ៣ខែប៉ុណ្ណោះ។ នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នាងត្រូវបានមិត្តភក្តិជាអ្នកអ៊ុតសក់ជាមួយគ្នាម្នាក់ (ភេទទី៣) បបួលទៅញ៉ាំអីនៅត្រើយម្ខាង លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល នាងក៏ត្រូវមិត្តភក្តិជាភេទទី៣នោហ នាំជិះម៉ូតូកង់បី សំដៅទៅញ៉ាំអីនៅត្រើយម្ខាង។ ក្រោយពីញ៉ាំអីរួចហើយ ពួកនាងក៏បន្តចូលច្រៀងខារ៉ាអូខេនៅម្តុំជ្រោយចង្វានោះបន្តទៀត ដោយមានបុរស១ក្រុម នៅក្នុងបន្ទប់នោះដែរ ហើយក្នុងនោះ ក៏មានជនសង្ស័យម្នាក់ដែរ។

នារីរងគ្រោះបានបន្តថា រហូតដល់វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យក៏បានមកសួរនាំនាងថា រស់នៅម្តុំណា លុះនាងថា នាងស្នាក់នៅម្តុំផ្សារដីថ្មី ស្រាប់តែជនសង្ស័យបាននិយាយថា គេក៏នៅម្តុំនោះដែរ ហើយគេជាអ្នកកាប់គោ និងលក់សាច់គោ។ បន្ទាប់ពីច្រៀងខារ៉ាអូខេចប់ ពួកនាងក៏បែកផ្លូវគ្នាទៅផ្ទះ ហើយជនសង្ស័យក៏បានលួចស៊កលុយចំនួន១០ម៉ឺនរៀល (ក្រដាស៥ម៉ឺនរៀល ចំនួន២សន្លឹក) ដាក់ចូលកាបូបរបស់នាង លុះនាងសួរនាំ ក៏ត្រូវជនសង្ស័យប្រាប់ថា ទុកឱ្យនាងធ្វើសោហ៊ុយ ជិះម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ។ ស្រាប់តែពេលនោះ នាងបានហៅមិត្តភក្តិជា ភេទទី៣ ឱ្យហៅម៉ូតូកង់បីជិះ តែមិត្តភក្តិនោះ បានប្រាប់ថា គេឡើងឡានទៅជាមួយមិត្តភក្តិផ្សេងទៀតហើយ។ ភ្លាមនោះ ជនសង្ស័យក៏បានចូលមកនិយាយជាមួយនាង ដោយធានាអះអាងថា កុំភ័យចាំគេជូនទៅផ្ទះ។

នារីរងគ្រោះ បានបន្ថែមថា ពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យបានបើកម៉ូតូដឹកនាងចុះពីលើស្ពានជ្រោយចង្វា ដល់រង្វង់មូល ក៏បានបត់ម៉ូតូទៅផ្លូវទំនប់៧០ រួចដឹកនាងចូលទៅផ្ទះសំណាក់ទៅវិញ លុះចូលទៅដល់ នាងក៏បានរត់ចេញពីផ្ទះសំណាក់មកក្រៅវិញ។ ពេលនោះ ជនសង្ស័យក៏បានជិះម៉ូតូតាមមកលួងលោមនាងថា ឱ្យគាត់សុំទោសដែលហ៊ានធ្វើបែបនេះ ដោយមិនបានសួរចិត្តនាង ហើយក៏ហៅនាងឱ្យឡើងជិះម៉ូតូជាមួយគាត់ ចាំគាត់ជូនទៅផ្ទះ និងសន្យាមិនធ្វើបែបនេះទៀតឡើយ។ ពេលនោះ នាងក៏ទន់ចិត្តយល់ព្រមឡើងជិះម៉ូតូជាមួយជនសង្ស័យម្តងទៀត និងបានស្តីបន្ទោសជនសង្ស័យ២-៣ម៉ាត់ដែរ ប៉ុន្តែជនសង្ស័យនៅតែនិយាយពាក្យថា សុំទោសៗជាប់មាត់រហូត។

នារីរងគ្រោះបានបញ្ជាក់ថា លុះបន្ទាប់មក ជនសង្ស័យក៏បានដឹកនាងកាត់តាមកន្លែងបង់ទឹក (រដ្ឋាករទឹក) សំដៅទៅផ្លូវបឹងកក់ រួចក៏ជិះចូលទៅកន្លែងដីឡូតិ៍ស្ងាត់ មានតែពំនូកខ្សាច់។ គ្រាន់តែដល់ភ្លាម ជនសង្ស័យក៏បានច្រាននាងឱ្យដួល ស្រាប់តែជនសង្ស័យបាននិយាយថា អញសុំស្រួលៗមិនព្រម ចង់ខ្លាំង? ពេលនោះ នាងបានព្យាយាមសំពះអង្វរផង លួងលោមជនសង្ស័យផងថា បងកុំធ្វើបាបអូន បើបងចង់ទៅទីនោះ (ផ្ទះសំណាក់) ក៏ទៅៗ ខ្ញុំយល់ព្រមហើយ ប៉ុន្តែជនសង្ស័យមិនព្រមឡើយ រួចក៏ធ្វើសកម្មភាពចូលមកចាប់នាងទាំងកំរោល ធ្វើឱ្យនាងភ័យផងខ្លាចផង ក៏ស្រែក១ម៉ាត់ ជនសង្ស័យក៏ទះនាង១កំផ្លៀងភ្លាម លុះនាងស្រែកជាលើកទី២ ជនសង្ស័យក៏ទះនាងថែម១កំផ្លៀងទៀត។ ភ្លាមនោះ ជនសង្ស័យក៏បានចាប់ច្របាច់ករបស់នាង រួចក៏ចាប់ហែកខោរបស់នាងចេញ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់បង្ខំរំលោភនាង ទាំងកំរោល នៅលើពំនូកដីខ្សាច់ រហូតដល់បានសម្រេចតែម្តង។ លុះធ្វើសកម្មភាពចាប់រំលោភនាងហើយ ជនសង្ស័យក៏ប្រុងឡើងជិះម៉ូតូគេចខ្លួន តែនាងបានលួងលោមឱ្យជនសង្ស័យជូននាងត្រឡប់ទៅផ្ទះវិញ ទើបជនសង្ស័យបានដឹកនាង មកទម្លាក់ចោលត្រឹម DN រួចក៏គេច ខ្លួនបាត់ ចំណែកនាងក៏បានទាញទូរស័ព្ទមកថតរូបជនសង្ស័យ និងម៉ូតូ បានប៉ុន្មានប៉ុស្តិ៍ដែរ ទុកជាភ័ស្តុតាង។
ក្រោយកើតហេតុ នារីរងគ្រោះបានស្រែកហៅអ្នកដំណើរឱ្យជួយ ទើបធ្វើឱ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំ និងដឹកនារីរង គ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុ។

ជុំវិញករណីខាងលើនេះ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីអោយសមត្ថកិច្ចតាមស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនល្មោភកាមខាងលើ នាំយកមកផ្តន្ទាទោសទៅតាមច្បាប់៕