ខេត្តកណ្តាល ៖ ជនសង្ស័យក្នុងអំពើចោរកម្មម្នាក់ ត្រូវបានប៉ូលិសវ៉ៃខ្នោះ បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃមួយគ្រឿង ហើយត្រូវម្ចាស់ឆែកកាមេរ៉ាសុវត្ថិភាពឃើញ និងតាមរកក្របួចប្រគល់ឱ្យសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១២នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់ទេពតារា ស្ថិតក្នុងភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុខ សុខៈ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះប៉ែន សារ៉េត ហៅបុក ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
សម្ភារៈបាត់បង់ ទូរស័ព្ទ១គ្រឿង ម៉ាក iphone 7Plus ពណ៌ក្រហម។ វត្ថុតាងដកហូតបានទូរស័ព្ទដៃ១គ្រឿង ម៉ាក HUAWEI ពណ៌ទឹកមាស ជារបស់ជនសង្ស័យ។

សមត្ថកិច្ចដដែលបានឱ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកទូរស័ព្ទរបស់ខ្លួននៅលើសាឡុង ក្បែរជណ្តើរឡើងផ្ទះសំណាក់ ហើយអង្គុយហូបទឹកក្រូចជាមួយបងប្អូន ចម្ងាយប្រហែល៧ម៉ែត្រពីទូរស័ព្ទ លុះពេលដើរមករកទូរស័ព្ទវិញ ស្រាប់តែបាត់តែម្តង។ ភ្លាមនោះ ជនរងគ្រោះ និងបងប្អូនបានឆែកកាមេរ៉ាមើលឃើញជនសង្ស័យដែលដេកនៅបន្ទប់លេខ១០៣ ជាអ្នកយក រួចចេញទៅបាត់។ ពេលនោះ ជនរងគ្រោះ និងបងប្អូន បានជិះម៉ូតូតាមរកឃើញជនសង្ស័យនៅផ្ទះសំណាក់បេស ថានី ក៏បានឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកទូរស័ព្ទរបស់ជនរងគ្រោះប្រាកដមែន ហើយបានយកទៅលក់ឱ្យជនមិនស្គាល់ឈ្មោះម្នាក់ នៅម្តុំផ្សារកណ្តាល រាជធានីភ្នំពេញ បានលុយ១០៥ដុល្លារ យកទៅលេងល្បែង និងចាយអស់បាត់ទៅហើយ។ ករណីនេះ សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី”