Saturday, November 15, 2025
Homeព័ត៌មានជាតិប្តីមានស្រី វ៉ៃប្រពន្ធ ចាក់សោបង្ខាំងក្នុងផ្ទះ

ប្តីមានស្រី វ៉ៃប្រពន្ធ ចាក់សោបង្ខាំងក្នុងផ្ទះ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្រែកទ្រហោយំ សុំឱ្យគេឯងជួយទាំងកណ្តាលយប់ ខណៈដែលត្រូវបុរសជាប្តីកំណាច ដែលបានលួចលាក់មានស្រីថ្មីវាយធ្វើបាប រួចចាក់សោបង្ខាំទុកក្នុងផ្ទះ ជាហេតុធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍រំដោះស្ត្រីរងគ្រោះ ចេញមកក្រៅវិញ។

ហេតុការណ៍ប្តីវ៉ៃដំ រួចចាក់សោបង្ខាំងប្រពន្ធទុកក្នុងផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងលក់កាមេរ៉ា១កន្លែង យីហោ ទេវតា កាមេរ៉ា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ផ្ទះលេខ៩៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ស្ត្រីរងគ្រោះដែលត្រូវប្តីវាយដំប្រើទារុណកម្ម រួចចាក់សោបង្ខាំងទុកក្នុងផ្ទះនេះ មានឈ្មោះ អៀង ស៊ីង អាយុ៣៦ឆ្នាំ ជាម្ចាស់ហាងលក់កាមេរ៉ាខាងលើ។ ចំណែកបុរសជាប្តី មានឈ្មោះ ហីង សុខលឹម អាយុ៣៦ឆ្នាំ មុខរបរលក់កាមេរ៉ា។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងប្តីកំណាចខាងលើ បានរួមរស់នឹងគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយបានរៀបការត្រឹមត្រូវតាមច្បាប់ និងបង្កើតបានកូន២នាក់ ជាចំណងនិស្ស័យ។ ប្តីរបស់គាត់ម្នាក់នេះ  គឺជាមនុស្សខិលខូចរឿងស្រីញី លួចលាក់មានស្រីថ្មី និងថែមទាំងមានកូនជាមួយស្រីថ្មីនោះទៀតផង។ មិនតែប៉ុណ្ណោះ ប្តីនេះមានចិត្តកោងកាចខ្លាំងណាស់ ឱ្យតែនិយាយស្តីអ្វីឃ្នើសចិត្តតែបន្តិច ក៏ចាប់ផ្តើមប្រើកម្លាំងបាយវាយដំ ច្រំធាក់គាត់ជាប្រពន្ធ គ្មានគិតថា ជាមនុស្សស្រី គ្មានកម្លាំងតបតអ្វីនោះទេ។ មួយវិញទៀត ប្តីនេះក៏ពូកែខាងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដើម្បីយកទៅលេងល្បែង ដោយតែងប្រមូលរបស់របរលក់អស់គ្មានសល់ ដើម្បីបានប្រាក់យកទៅលេងល្បែង។ 

ស្ត្រីរងគ្រោះបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ នៅសុខៗ ប្តីកំណាចក៏បានបង្ករឿងឈ្លោះប្រកែកជាមួយគាត់ រហូតដល់ប្រើអំពើហិង្សា វាយដំគាត់បណ្តាលឱ្យរងរបួស ហើយនៅមិនទាន់អស់ចិត្ត បានវាយកញ្ចក់ទ្វារហាង  បណ្តាលឱ្យបែកខ្ទេចគ្មានសល់ រួចក៏ចេញពីផ្ទះ ដោយបានចាក់សោបង្ខាំងគាត់ជាប្រពន្ធ ទុកក្នុងផ្ទះ រួចចាក់សោពីខាងក្រៅជាប់ បន្ទាប់មកក៏ទៅបាត់ មិនដឹងជាទៅដល់ណា។

ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ថា អ្វីដែលគាត់ចង់បាននៅពេលនេះ គឺសេរីភាព និងការរស់នៅដោយគ្មានការភ័យខ្លាច ហេតុនេះ គាត់ចង់លែងលះប្តីនេះ ឱ្យបានដាច់ស្រេច ឈប់ឱ្យមានទំនាក់ទំនងអ្វីនឹងគ្នាទៀត ព្រោះទោះទ្រាំតទៅទៀត ក៏ប្រុសថ្លៃមិនកែចរិតអាក្រ់នេះបានដែរ  ប៉ុន្តែអាចនឹងធ្វើឱ្យគាត់ជាប្រពន្ធ ស្លាប់នៅថ្ងៃណាមួយក៏ថាបាន។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចបានចុះអន្តរាគមន៍ ដោះសោផ្ទះខាងលើ រួចរំដោះស្ត្រីរងគ្រោះចេញមកក្រៅបានដោយសុវត្ថិភាព  រួចក៏នាំទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបុរសជាប្តី ដើម្បីនាំយកមកសាកសួរ និងដោះស្រាយគ្នាឱ្យបានដាច់ស្រេច៕

RELATED ARTICLES