ខេត្តមណ្ឌលគិរី ៖ ជនដៃដល់ជាឃាតករដែលបានធ្វើសកម្មភាពលបបាញ់ប្រហារបុរសម្នាក់ពីក្រោមផ្ទះ តាមប្រឡោះក្តារ បណ្តាលធ្លាយពោះស្លាប់ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិខ្អួម ឃុំស្រែឈូក ស្រុកកែវសីមា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកកែវសីមា តាមចាប់ខ្លួនបាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណន ម៉ៅ អាយុ៣៩ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ។ ចំណែកបុរសរងគ្រោះដែលត្រូវឃាតករលបបាញ់សម្លាប់យ៉ាងឃោរឃៅ មានឈ្មោះប្យុច ផុស អាយុ៣៩ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ មានប្រពន្ធឈ្មោះស្រោញ ចែវ ជាជនជាតិព្នង និងមានកូនក្នុងបន្ទុកចំនួន៧នាក់ (ប្រុស១ ស្រី៦)។ ក្រុមគ្រួសារជនរងគ្រោះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

លោកឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះព្យុច ផុស ប្រាកដមែន។ ជនសង្ស័យបានសារភាពបន្តថា មូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះនោះ គឺដោយសារតែខ្លួនមានគំនុំជាមួយគ្រួសាររងគ្រោះ ៣ឆ្នាំមកហើយ ដោយបញ្ហាទំនាស់ដីធ្លី និងចោទប្រកាន់ថា ជនរងគ្រោះចេះអំពើអាបធ្មប់ ធ្វើបាបខ្លួន។ ក្នុងចម្លើយសារភាពនៅពេលដែលសមត្ថកិច្ចយកជនសង្ស័យទៅធ្វើត្រាប់ឡើងវិញនោះ ជនសង្ស័យក៏បានបកស្រាយលម្អិតអំពីគម្រោងផែនការរៀបចំធ្វើឃាតជនរងគ្រោះ ប្រាប់ដល់សមត្ថកិច្ចផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃ ទី១៤ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅចំណុចភូមិខ្អួម ឃុំស្រែឈូក ស្រុកកែវសីមា ដោយបុរសម្នាក់ទើបនឹងត្រឡប់មកពីផឹកស៊ីអបអរពិធីបុណ្យចូលឆ្នាំថ្មីវិញ បានឡើងទៅដេកចុចទូរស័ព្ទលេងនៅលើផ្ទះ ក្បែរប្រពន្ធកូន ស្រាប់តែបន្តិចក្រោយមក ក៏មានជនមិនស្គាល់មុខម្នាក់ លបបាញ់ប្រហារតាមប្រឡោះក្តារពីក្រោមផ្ទះ ចំនួន២គ្រាប់ ត្រូវពោះ ធ្វើឱ្យជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឱ្យរន្ធត់។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានបណ្តើរឆ្កែចេញទៅរកសត្វនៅក្នុងព្រៃ ដូចសព្វដង រហូតដល់ម៉ោងប្រមាណ៦និង៣០នាទីព្រលប់ ថ្ងៃដដែល ទើបត្រឡប់មកផ្ទះវិញ ដោយចាប់បានសត្វត្រកួត ចំនួន៤ក្បាល និងកូនជ្រូកព្រៃ ១ក្បាល។ លុះដល់ម៉ោង៧និង១០នាទីយប់ថ្ងៃដដែល ជនរងគ្រោះក៏បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី ជាមួយអ្នកភូមិ និងបានផឹកស្រាបៀរអស់៣កំប៉ុង និងមិនបានកើតមានជម្លោះ ឬទំនាស់ជាមួយអ្នកណាឡើយ រួចក៏ត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែលបន្តថា នៅពេលមកដល់ផ្ទះ ជនរងគ្រោះបានឡើងទៅដេកលេងទូរស័ព្ទជាមួយប្រពន្ធកូនៗនៅលើផ្ទះ ស្រាប់តែបន្តិចក្រោយមក ក៏មានជនមិនស្គាល់មុខលបបាញ់ពីក្រោមផ្ទះ ត្រូវពោះជនរងគ្រោះចំនួន២គ្រាប់។ ភ្លាមៗ ជនរងគ្រោះបានស្រែកប្រាប់កូនៗថា គេបាញ់ពុកហើយ បន្ទាប់មកក៏ដាច់ខ្យល់ស្លាប់ភ្លាមៗ គួរឱ្យរន្ធត់បំផុត។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះទទួលរងរបួសចំនួន២គ្រាប់ ចំត្រង់ក្បាលពោះ បណ្តាលឱ្យស្លាប់ភ្លាមៗ ដោយជនដៃដល់ជាឃាតករបានបាញ់ប្រហារជនរងគ្រោះតាមប្រឡោះក្តារពីក្រោមផ្ទះ លុះធ្វើសកម្មភាពរួច ក៏បានរត់គេចខ្លួនបាត់ស្រមោល។

ទោះជាយ៉ាងណា ឈាមស្រែកស្បែកហៅ ពេលនេះជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕



