ភ្នំពេញ ៖ ជនសង្ស័យម្នាក់ តែងធ្វើសកម្មភាពអង្គុយផឹកស្រានៅមាត់ផ្លូវកន្លែងស្ងាត់ រង់ចាំមានអ្នកដំណើរឆ្លងកាត់ ក៏ធ្វើសកម្មភាពស្ទាក់វ៉ៃ ឬគប់ដុំថ្ម ដើម្បីប្លន់ទ្រព្យសម្បត្តិមានតម្លៃ លុះចុងក្រោយ ឃើញយុវជនម្នាក់ជិះម៉ូតូឆ្លងកាត់ ក៏ទាញដុំថ្មគប់ តែមិនត្រូវ ស្របពេលនោះ កម្លាំងអាវុធហត្ថចេញល្បាតប្រទះឃើញ ក៏ចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យស្ទាក់ប្លន់អ្នកដំណើរនេះ បានកើតឡើង កាលពីវេលាម៉ោង៩និ១៥នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ លុះមកដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យស្ទាក់ប្លន់អ្នកដំណើរនៅទីកន្លែងស្ងាត់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះជា ចាន់ចាំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និ១៥នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យខាងលើបានធ្វើសកម្មភាពពួនស្ទាក់ និងយកដុំថ្មគប់ ទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅកន្លែងងងឹតស្ងាត់ ចំណុចខាងលើ ដើម្បីប្លន់ទ្រព្យសម្បត្តិមានតម្លៃពីប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យឃើញ បានឃាត់ខ្លួនយកមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នៅចំពោះមុខមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ រូបគេបានអង្គុយផឹកស្រានៅកន្លែងស្ងាត់ក្បែរផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ក្នុងគោលបំណងចាំស្ទាក់ផ្លូវ និងគប់ដុំថ្មទៅលើប្រជាពលរដ្ឋឆ្លងកាត់នៅទីនោះ ដែលជាកន្លែងស្ងាត់ ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ។ បន្ទាប់មក ក៏មានក្មេងប្រុសម្នាក់ អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ឆ្លងកាត់ទីស្ងាត់ដែលរូបគេកំពុងពួនស្ទាក់ ភ្លាមនោះ រូបគេបានយកដុំថ្មដែលបានត្រៀមទុកជាស្រេច គប់ទៅលើក្មេងប្រុសនោះ តែមិនត្រូវ ស្របពេលនោះ មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញល្បាតមកដល់កន្លែងកើតហេតុល្មម និងបានប្រទះឃើញសកម្មភាពបែបនេះ ក៏បានឃាត់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕