ស្រីស្រស់ម៉ាក សែនសូនីតា ហៅតូតា ចាត់ទុកថាជាតារាស្រីវ័យក្មេងជើងខ្លាំងម្នាក់ ដែលអាចចងចិត្តថៅកែពោះម៉ាយ លោកប៉ុល វិបូរ មិនឱ្យងាករេស្នេហ៍ពីនាងបានឡើយ ដែលខុសពីតារាមួយចំនួនធ្លាប់ប៉ះស្នេហ៍លោកថៅកែរូបនេះ ច្រើនតែមិនបានយូរអង្វែងឡើយ។
ស្រីស្អាតតូតា ត្រូវបានតារារួមអាជីពចាត់ទុកថា នាងជាស្រីជើងខ្លាំងម្នាក់ ដែលអាចចងជើងថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត បាន ខណៈដែលតារាស្រីស្អាតកន្លងមកដែលធ្លាប់ប៉ះស្នេហ៍ជាមួយលោកថៅកែនោះ ច្រើនតែមួយផ្សែងបារីប៉ុណ្ណោះ លោកថៅកែលែងចាប់អារម្មណ៍ទៀតហើយ។

ប៉ុន្តែទន្ទឹមនឹងការសរសើរថា តូតា ពូកែថ្នាក់ថ្នមគូស្នេហ៍មិនឱ្យងាករេចិត្តពីនាងនេះ កន្លងមកមិត្តរួមអាជីពធ្លាប់បង្អាប់តូតា ផងដែរថា តាំងពីភ្ជាប់ស្នេហ៍ជាមួយលោកនីត មក នាងបែកសាច់ដោយសារនាងប្រឹងធ្វើការទាំងយប់ថ្ងៃទៀតផង ខណៈដែលតូតា បានត្រឹមតែសើចប៉ុណ្ណោះ មិនហ៊ានប្រកែកឡើយ។
ម៉ាក សែនសូនីតា បានផ្តាច់ស្នេហ៍សង្សារក្មេង ទឹម នីដា ដែលជាប្អូនតារាសម្តែងទឹម រដ្ឋា ដើម្បីទៅភ្ជាប់ស្នេហ៍ជាមួយលោកប៉ុល វិបូរ ទើបធ្វើឱ្យតូតា និងរដ្ឋា ពេលនេះមិនសូវល្អូកល្អិនគ្នាដូចមុន។ ប៉ុន្តែតូតា មិនមែនផាត់ចោលតែប្រុសក្មេងនេះម្នាក់ឡើយ គឺមានឧកញ៉ា, ថៅកែសណ្ឋាគារមួយ និងមន្ត្រីធំៗជាច្រើនរូបទៀត ដែលតាមស្នេហ៍នាងក្នុងពេលតែមួយ ត្រូវស្រីស្រស់ផាត់ចេញអស់ ព្រោះបេះដូងនាង ប្រគល់ទៅឱ្យតែលោកថៅកែពោះម៉ាយម្នាក់ថ្នាក់ថ្នមបំពេ។

តូតា បានដឹកដៃថៅកែទៅសាសងស្នេហានៅក្រៅប្រទេសជាញឹកញាប់ ហើយពួកគេរួមរស់ក្រោមដំបូលផ្ទះតែមួយ ដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអ៊ីចឹង។
ទាំងតូតា និងលោកនីត សុទ្ធតែអះអាងថា មិនទាន់កំណត់ពេលវេលាចូលរោងការក្នុងពេលឆាប់ៗឡើយ ខណៈដែលតូតា ប្រកាសផ្អាកសម្តែងរយៈពេលកន្លះឆ្នាំ ដើម្បីយកពេលទៅលំហែកាយា និងផ្តោតលើមុខជំនួញ។

ដោយឡែក អ្នកស្រីគង់ ស៊ីណា ម្តាយរបស់តូតា ធ្លាប់បង្ហាញអារម្មណ៍មិនចង់ឱ្យរឿងស្នេហារបស់លោកថៅកែ និងកូនស្រីគាត់ល្បីខ្ទរខ្ទារឡើយ ព្រោះខ្លាចលោកនីត នៅមិនទាន់លែងប្រពន្ធដើមដាច់ស្រឡះ។ ប៉ុន្តែ ក្រោយដឹងថា លោកនីត ស្មោះស្ម័គ្រតែតូតា ម្នាក់ ម្តាយតូតា គាំទ្រចំណងស្នេហារបស់កូនស្រី និងលោកថៅកែ ដោយគ្មានការប្រឆាំងឡើយ ទោះជាពេលនេះពួកគេរួមរស់ជាមួយគ្នាមុនរៀបការក៏ដោយ។
ក្រៅពីពូកែថ្នាក់ថ្នមចិត្តសង្សារមិនឱ្យងាករេចិត្តរួចនោះ តូតា ហាក់ដូចជាមានយីអ៊ុនឡើងខ្ពស់ត្រដែតផងដែរ នៅពេលដែលចាប់ដៃជាមួយថៅកែពោះម៉ាយនេះ នាងកាន់តែមានភាពហ៊ឺហាខ្លាំងឡើងៗ ដូចជាការទិញរថយន្ត Lexus LX 570 តម្លៃ១៧ម៉ឺនដុល្លារ ហើយបានបោះទុនរួមគ្នាជាមួយលោកនីត បើកហាងផែសមុទ្រ ដែលចំណាយទុនមិនក្រោមកន្លះលានដុល្លារឡើយ សម្រាប់ទីតាំងនៅរាជធានីភ្នំពេញ គ្រោងធ្វើឱ្យបាន១២សាខា និងខេត្តកំពត លើផ្ទៃដីទំហំប្រមាណជា៣ហិកតារ ត្រៀមចំណាយដល់ទៅ៣លានដុល្លារថែមទៀតនោះ។

ការធ្វើអាជីវកម្មធំៗរួមគ្នាជាមួយគូស្នេហ៍នេះហើយ ទើបធ្វើឱ្យតូតា សុខចិត្តផាត់ចោលស្នេហ៍មន្ត្រីធំជាច្រើន ហើយប្រគល់បេះដូងឱ្យលោកថៅកែ ខណៈដែលតូតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា តំណែងជំទាវលាក់មុខ គ្មានអ្វីអស្ចារ្យទេ គឺនាងចង់រៀបការជាមួយមនុស្សប្រុសដែលនាងស្រលាញ់ ហើយបុរសនោះគឺកំពូលស្នេហ៍របស់នាង លោកនីត ។

អ្នកសិល្បៈរួមអាជីពតូតា បានលើកឡើងថា ពេលនេះ តូតា កំពុងតែបង្រៀនឱ្យលោកនីត ស្មោះស្នេហ៍ ហើយតាមរយៈរូបរាងដ៏ស្រស់ស្អាតរបស់នាង គឺតូតា ពិតជាអាចចងជើងគូស្នេហ៍មិនឱ្យងាករេទៅរកស្រីផ្សេងឡើយ។
ប៉ុន្តែការពន្យារពេលរៀបការរបស់តូតា ដោយគ្មានការកំណត់ពេលវេលាច្បាស់លាស់នៅពេលនេះ ធ្វើឱ្យតូតា នៅតែត្រូវបានមន្ត្រីធំៗតាមស្នេហ៍ស្រីស្អាតនេះដូចមុនដដែល បើទោះជាគេដឹងថា តូតា កំពុងរួមរស់ជាមួយគូស្នេហ៍ក៏ដោយ។ តូតា ធ្លាប់និយាយដែរថា គូស្នេហ៍ថ្មីរបស់នាងមិនចេះប្រចណ្ឌដោយគ្មានហេតុផលទេ ប៉ុន្តែលោកនីត មិនអនុញ្ញាតឱ្យនាងថតសម្តែងឈុតរោលរាលជាមួយតារាប្រុសណាម្នាក់ឡើយ។

ក្រៅពីតូតា តារាដែលប៉ះស្នេហ៍ថៅកែផលិតកម្ម មាន ឱក សុគន្ធកញ្ញា , សុខ ពិសី , ឡាយ សានិកា , សាឡាត់ ស្រីឡាង , សុខ សោម៉ាវត្តី , គៀត សុវណ្ណាឡាង , លីង លីង ជាដើម ដែល ពេលនេះ ពួកគេខ្លះព្រមសារភាព ឬរៀបការ និងខ្លះទៀតនៅតែប្រកែក។
ចំណែកតូតា វិញ នាងមិនខ្លាចចំណងស្នេហារបស់នាងជាមួយលោកថៅកែប៉ុល វិបូរ ប្រែប្រួល ព្រោះមិនទាន់រៀបការនេះឡើយ ព្រោះនាងអះអាងថា មានជម្រើសស្នេហ៍ច្រើន…៕