អតីតតារាចម្រៀងផលិតកម្ម Rock និងជាថៅកែស្រីហាងម៉ូលីកា បានឲ្យដឹងថា ពេលនេះនាងកំពុងតែពិបាកចិត្តខ្លាំងណាស់ ព្រោះតែលោកយាយជាទីស្រលាញ់របស់នាង វ័យ៦៥ឆ្នាំ ដែលរស់នៅខេត្តបាត់ដំបងមានជំងឺជាទម្ងន់ តម្រូវឲ្យនាងទៅយកគាត់មកព្យាបាលដោយយកចិត្តទុកដាក់បំផុត ព្រោះថា លោកយាយម្នាក់នេះហើយ ដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីតូច ព្រោះនាងជាកូនកំព្រា។

ថៅកែស្រីដែលបានបោះទុន១០ម៉ឺនដុល្លារ លើហាង Cosmetic នេះ បានសុំទោសដល់អតិថិជនរបស់នាង ព្រោះដោយសារនាងជាប់មើលថែជំងឺលោកយាយ ទើបធ្វើឲ្យអីវ៉ាន់ខ្លះមានការយឺតយ៉ាវ។ ប៉ុន្តែយ៉ាងណា នាងថា មានបុគ្គលិកជាអ្នករ៉ាប់រងការងារទាំងនោះជំនួសនាងហើយ។

តារាដែលជាអ្នកលក់ជើងមាន់ តាម Online ក្លាយជាថៅកែហាង Cosmetic រូបនេះ ថ្លែងសារទាំងក្រៀមក្រំថា ”សុំទោសដល់អតិថិជនចែកា ទាំងអស់គ្នាផង អីវ៉ាន់យឺតយ៉ាវ ព្រោះចែកា មានភារកិច្ចត្រូវតបស្នងសងគុណដល់លោកយាយរបស់ចែកា ដោយសារគាត់មានជំងឺធ្ងន់ និងជំងឺប្រចាំកាយ (ទឹកនោមផ្អែម) ចែកា កូនកំព្រា មានគាត់យកមកចិញ្ចឹម តាំងពីកើត គាត់បានផ្ដល់អ្វីគ្រប់យ៉ាងឲ្យចៅ ចង់រៀនអី ក៏ឲ្យរៀនដែរ មិនដែលជំទាស់ចិត្តចៅ ហើយមួយទៀត ចៅចង់ក្លាយទៅជាអ្នកចម្រៀង ចង់ឡើងមកភ្នំពេញ ម្នាក់ឯង ដើម្បីបានរៀនរាំច្រៀង ក៏យាយឲ្យចៅមកដែរ ដែលគ្រប់គ្រួសារហាមឃាត់មិនឲ្យមក ហើយបោះពាក្យសំដីមើលងាយថា កុំតាមចិត្តវាពេក តែវាឡើងទៅ នឹងក្លាយជាសំផឹងហើយ តែយាយដឹងថា ចៅចរិតម៉េច គាត់ដឹង គាត់ក៏ប្រថុយឲ្យចៅមកភ្នំពេញ បានចូលជាអ្នកចម្រៀងក្នុងក្រុមមួយ ដែលមានឈ្មោះថា F2b ហើយចៅក៏បានជ្រើសចូលក្នុងផលិតកម្មមួយឈ្មោះថា ផលិតកម្ម Rock ចូលបានមួយរយៈ ក៏ចៅមានគំនិតចង់រកស៊ីចាប់ផ្ដើមដំបូង លក់ជ្រក់ជើងមាន់ បន្ទាប់មកក៏លក់ផលិតផល ដែលបានមកដល់សព្វថ្ងៃនេះ គឺព្រោះតែយាយម្នាក់ដែលបានចិញ្ចឹមខ្ញុំតាំងពីបាតជើងក្រហម ខ្ញុំជាក្មេងកំព្រា តាំងពីតូចដល់ពេលនេះ ដល់វេនខ្ញុំម្ដងហើយ ដែលត្រូវមើលថែយាយ យាយខ្ញុំទន់ហើយ ដើរលែងកើតហើយ ខ្ញុំត្រូវឡើងមកបាត់ដំបង ទាំងយប់ ព្រោះឮដំណឹងថា យាយខ្ញុំថ្ងូររកខ្ញុំ មមើរកខ្ញុំ រហូតចង់ជួបខ្ញុំ ចឹងហើយខ្ញុំមិនអាចទុកគាត់ចោលបាន “។

ម៉ូលីកា ប្រាប់ថា ទោះជារវល់យ៉ាងណា ក៏នាងត្រូវតែមកមើលថែព្រះរស់ ព្រោះថា ជីវិតនាងមានរាល់ថ្ងៃនេះ គឺដោយសារតែលោកយាយកម្សត់ម្នាក់នេះ៕


