Thursday, September 18, 2025
Homeតារាខ្មែរទេព បូព្រឹក្ស នៅតែចម្រូងចម្រាស រឿងចេញឬនៅ?

ទេព បូព្រឹក្ស នៅតែចម្រូងចម្រាស រឿងចេញឬនៅ?

“ទេព បូព្រឹក្ស ចេញពីផលិតកម្មរស្មីហង្សមាស ហើយ” នេះជាការទម្លាយរបស់អ្នកផលិតកម្មវិធីទូរទស្សន៍ហង្សមាសម្នាក់ ប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះ ដោយបុរសនោះថែមទាំងអះអាងថា បូព្រឹក្ស មុននឹងដើរចេញបានបន្សល់បទចម្រៀង Audio ២បទ ដែលមិនទាន់ថតជា MV ឡើយ។

ប្រភពបានឲ្យដឹងថា ផលិតកម្មរស្មីហង្សមាស មិនព្រមបន្ដកុងត្រាឲ្យទេព បូព្រឹក្ស ជាដាច់ខាត ព្រោះថា ដៃគូចម្រៀងរបស់នាង គឺងួន ចាន់ដេវីត នៅខាងក្រៅហង្សមាស ទៅហើយ ហេតុនេះ ហង្សមាស លែងផ្ដល់ទំនុកចិត្តដល់នាងដូចមុនទៀតហើយ បានជាលែងអើពើចង់រក្សារទុកតារាចម្រៀងដែលល្បីដោយសាររាំ មិនមែនល្បីដោយសារសំឡេងរូបនេះទៀត។

ទោះជាយ៉ាងណា នៅពេលដែលអ្នកយកព័ត៌មានយើងបានសួរអ្នកដឹកនាំសម្ដែងនៅផលិតកម្មរស្មីហង្សមាស លោកកៅ សីហា ដែលជិតស្និទ្ធជាមួយបូព្រឹក្ស នោះ អតីតចាងហ្វាងទស្សនាវដ្ដីអាថ៌កំបាំង រូបនេះ បានច្រានចោលចំពោះដំណឹងទាំងនេះ ដោយអះអាងថា បូព្រឹក្ស នៅតែជាអ្នកចម្រៀងរបស់ហង្សមាស ដដែលទេ។

លោកសីហា ដែលមិនចង់ឲ្យដាក់ឈ្មោះចូលក្នុងសារព័ត៌មាននោះ អះអាងថា ”អត់ទេ!​ខ្ញុំបានជួបបូព្រឹក្ស ហើយសួរគាត់រឿងហ្នឹង ហើយគាត់មានចេញឯណា? អ្នកណាចេះតែថាហ្នឹង គ្នានៅច្រៀងឲ្យហង្សមាស ទើបថត MV ហើយថ្មីៗហ្នឹងសោះ។ ប៉ុន្ដែខ្ញុំមិនដែលបានដឹកនាំសម្ដែងបទចម្រៀងគាត់ថត MV ទេ ថ្មីៗនេះ”។

ទោះជាលោកកៅ សីហា បញ្ជាក់ច្បាស់ៗថា ១០០% ទេព បូព្រឹក្ស នៅតែជាសមាជិករបស់ផលិតកម្មរស្មីហង្សមាស បែបនេះក្ដី ប៉ុន្តែអ្នកនិពន្ធមួយចំនួននៅហង្សមាស ដែលអ្នកយកព័ត៌មានយើងបានសាកសួរនៅតែបង្ហាញការស្ទាក់ស្ទើរចំពោះទេព បូព្រឹក្ស ថា នាងនៅតែជាតារាចម្រៀងហង្សមាស ឬចាកចេញពីផលិតកម្មធំនេះទៅហើយនោះ។

អ្នកនិពន្ធល្បីឈ្មោះម្នាក់ នៅហង្សមាស និយាយដោយសុំមិនឲ្យភ្ជាប់ឈ្មោះថា ”វាពិបាកដែរ តារាហង្សមាស ឥឡូវមានច្រើន ទោះជាអ្នកណាចេញក៏មិនអីដែរ។ ចំពោះបូព្រឹក្ស វិញ ដៃគូគាត់ (ដេវីត) នៅខាងក្រៅអីចឹង ហង្សមាស ក៏មិនសូវទុកចិត្តគាត់ដូចមុនដែរ បើតាមខ្ញុំយល់ បើគាត់មិនចេញពេលហ្នឹង ក៏គង់តែចេញនៅពេលខាងមុខដែរ ឬអាចនិយាយថា ច្រៀងចាំថ្ងៃផុតកុងត្រា”។

លោកកៅ សីហា បន្ថែមថា ក្រៅពីនៅតែជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស នោះ ទេព បូព្រឹក្ស ត្រូវហង្សមាស ផ្ដល់សិទ្ធិឲ្យធ្វើបទចម្រៀងដោយខ្លួនឯង បន្ថែមពីលើផលិតកម្មទម្លាក់ឲ្យច្រៀងទៀតផង។

ប៉ុន្ដែយ៉ាងណាចម្លើយរបស់លោកសីហា គឺហាក់បញ្រ្ចាសគ្នាជាមួយការលើកឡើងរបស់ក្រុមការងារផ្សេងៗទៀតរបស់ហង្សមាស ដែលថា បូពឹក្ស នឹងមិនអាចបន្ដដំណើរជាមួយហង្សមាស បានយូរអង្វែងតទៅទៀត ព្រោះតែផលិតកម្មមួយនេះ ដាច់ខាតមិនព្រមបន្ដកុងត្រាថ្មីឲ្យនាងទៀតឡើយ។

ការធ្លាយរឿងទេព បូព្រឹក្ស ត្រៀមបង្វេចរត់ចោលហង្សមាស នៅពេលនេះ ស្របពេលដែលការមកដល់របស់ស្រីស្អាតពេជ្រ សូលីកា ជាលើកទីពីរ នៅហង្សមាស ដែលធ្វើឲ្យតារាមួយចំនួនមានការជ្រួលច្របល់ ព្រោះសូលីកា ទោះជាប៉ះរឿងអាស្រូវស្នេហាយ៉ាងណា ក៏នាងនៅតែជាតារាដែលមានសម្រស់ និងទឹកដមសំឡេងគួរឲ្យទាក់ទាញ មិនចាញ់បូព្រឹក្ស ឬស៊ូហ្សាណា ឡើយ។

ដោយឡែក ទេព បូព្រឹក្ស ដែលចាប់កំណើតនៅផលិតកម្ម TV Production និងរស្មីស្ទឹងសង្កែ វិញ បើពិតជាអស់អាល័យជាមួយហង្សមាស នោះ នាងនិងសង្សារបណ្ដូលចិត្ត ងួនចាន់ ដេវីត ត្រូវផលិតកម្មថោន បើកទ្វារស្វាគមន៍នាង២៤ម៉ោង។ ប៉ុន្ដែផលិតកម្មសាន់ដេ វិញ មិនបានបង្ហាញចំណាប់អារម្មណ៍ចំពោះបូព្រឹក្ស ហៅស្រីនិច្ច ឡើយ៕

RELATED ARTICLES