អ្នកនាងឡាយ លក្ខិណា បានចេញមុខអង្វរស្នើសុំដល់តារាៗទាំងឡាយ សូមកុំឲ្យនិយាយដើមគ្នានៅក្រោយខ្នងអី ព្រោះវាជះឥទ្ធិពលអាក្រក់ណាស់នៅក្នុងចង្កោមអ្នកសិល្បៈដោយសារតែពួកគេមានគំនុំទុកក្នុងចិត្ត ហើយមិនហ៊ាននិយាយចំពោះមុខ ទីបំផុត ធ្វើឲ្យតារានិងតារា ប្រឈមមុខដាក់គ្នា ឈានទៅមើលមុខគ្នាមិនចំតែម្ដង។

ការសំណូមពររបស់អ្នកនាងឡាយ លក្ខិណា នៅពេលនេះ ដោយសារមុននេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ ត្រូវបានគេសង្ស័យថា អ្នកនាងមានទំនាស់ជាមួយលោកអែន ឌី ព្រោះតែអ្នកទាំង២ លែងដើរចូលគ្នា ហើយថែមទាំងលែងនិយាយស្ដីរកគ្នាទៀតផង ដែលធ្វើឲ្យមានការលេចឮថា លក្ខិណា ក្លាយជាគូបដិបក្សជាមួយអែន ឌី ទៀតផង។

ឡាយ លក្ខិណា ថ្លែងថា ”ខ្ញុំសូមអង្វរសិល្បករយើង ចាត់ទុកថា ខ្ញុំសុំរឿងមួយហ្នឹងទៅចុះ គឺបើតារាណាមានរឿងជាមួយគ្នាអី កុំនិយាយដើមគ្នានៅក្រោយខ្នង អាក្រក់ណាស់។ ជួបគ្នាផ្ទាល់តទល់គ្នា ទើបជាដំណោះស្រាយល្អ។ ខ្ញុំសូមតែប៉ុណ្ណឹងទេ ព្រោះខ្ញុំគិតថា បើគាត់មានការអន់ចិត្តជាមួយគ្នាអី មិនបានជួបគ្នាផ្ទាល់ដោះស្រាយទេ វានឹងក្លាយទៅជាគំនុំក្នុងចិត្ត ហើយឈានទៅរកទំនាស់ជាមិនខាន”។

ការលើកម្រាមដៃដប់អង្វរតារាៗទាំងឡាយ កុំឲ្យនិយាយដើមគ្នាក្រោយខ្នងរបស់អ្នកនាងឡាយ លក្ខិណា នៅពេលនេះ កើតមានដោយសារតែកាលពីខែមេសា នៅពេលដែលអ្នកនាងលក្ខិណា ត្រឡប់មកពីច្រៀង សម្ដែងនៅប្រទេសកាណាដា ហើយទៅច្រៀងរាំនៅស្ទូឌីយូ CTN ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរនោះ ស្រាប់តែពិធីការិនី អ្នកនាងកាតុ និងរ៉ូលីន កាន់ក្បាលមីក្រូម្នាក់មួយ ឡើងព្រលះតារាដែលវ៉ៃឬក ហើយពួកគេសុំអង្វរកុំឲ្យតារាវ៉ៃឬកពេក ព្រោះដូចជា លោកអែនឌី អីចឹង ជួយគេច្រើននាក់ហើយ ប៉ុន្តែឥឡូវគេជួបគេមិននិយាយស្ដីរកផង។

បើទោះជាអ្នកនាងកាតុ និងរ៉ូលីន មិនបញ្ជាក់ឈ្មោះចំៗថា ជាតារារូបណាក៏ដោយ ប៉ុន្ដែគ្រប់គ្នាយល់ថា តារាដែលកាតុ និងរ៉ូលីន ចង់និយាយនោះ គ្មានអ្នកណាក្រៅពីអ្នកនាងឡាយ លក្ខិណា ព្រោះថា អ្នកនាងលក្ខិណា និងលោកអែនឌី មើលមុខគ្នាមិនចំទេ។

ប៉ុន្តែភ្លាមៗនេះ អ្នកនាងលក្ខិណា ចេញមុខមកបំភ្លឺថា អ្នកនាងនិងលោកអែនឌី គ្មានទំនាស់គ្នាទេ ហើយបើអ្នកនាងនិយាយយ៉ាងណា ក៏នៅតែគ្មានអ្នកណាជឿនោះ អ្នកនាងទាល់តម្រិះហើយ គឺមានតែពឹងលោកម្ចាស់ប៉ាវចិន ឲ្យជួយរកយុត្តិធម៌ឲ្យប៉ុណ្ណោះ។

ប៉ុន្ដែលក្ខិណា ទទួលស្គាល់ថា រយៈពេល៣ខែនេះ អ្នកនាងនិងលោកអែនឌី នៅតែមិនបានជួបគ្នាមែន ព្រោះចេះតែឃ្វាងៗគ្នារហូត ដោយសាររវល់រៀងៗខ្លួន៕
