Thursday, September 18, 2025
Homeតារាខ្មែរទឹម រដ្ឋា ទម្លាយរឿង តូតា ផ្តាច់ស្នេហ៍ពីប្អូនប្រុស បែរជាលែងនិយាយរកនាង

ទឹម រដ្ឋា ទម្លាយរឿង តូតា ផ្តាច់ស្នេហ៍ពីប្អូនប្រុស បែរជាលែងនិយាយរកនាង

ទឹម រដ្ឋា ធ្លាប់បង្ហាញការគាំទ្រចំពោះចំណងស្នេហាប្អូនប្រុសនាង លោកទឹម នីដា ជាមួយម៉ាក សែនសូនីតា ដោយថែមទាំងចង់ឱ្យពួកគេរៀបការជាមួយគ្នាទៀតផង។

ប៉ុន្តែទឹម រដ្ឋា ដែលអាក់ខានក្នុងការធ្វើបងថ្លៃតូតា ក្រោយពេលដែលតូតា ផ្តាច់ស្នេហ៍នីដា ទៅផ្សារភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ ប៉ុល វិបូរ ហៅនីត មក ធ្វើឱ្យរដ្ឋា និងតូតា លែងនិយាយស្តីរកគ្នា និងមើលមុខគ្នាលែងចំទៀតហើយ…។

ទឹម រដ្ឋា ដែលធ្លាប់តែល្អូកល្អិនជាមួយម៉ាក សែនសូនីតា នោះ បែរជាមើលមុខគ្នាលែងចំទៅវិញ បើទោះជាមុននេះ តារាទាំង2បានថតភាពយន្តជាមួយគ្នា រឿង “កូនពស់កេងកង” ដោយរដ្ឋា ធ្វើជាម៉ែក្មេករបស់តូតា ក្តី ប៉ុន្តែក្រោយថតចប់ ស្រាប់តែពួកគេលែងនិយាយស្តីរកគ្នាតែម្តង។

ចំពោះមូលហេតុដែលធ្វើឱ្យទឹម រដ្ឋា ដែលធ្លាប់តែផ្អែមល្ហែមជាមួយតូតា ប្រែទៅជាមើលមុខគ្នាលែងចំ បែបនេះ គ្មានរឿងណាផ្សេងក្រៅពីរដ្ឋា អន់ចិត្ត ជាមួយតូតា ដែលផ្តាច់ស្នេហ៍ប្អូនប្រុសរបស់នាង គឺលោកទឹម នីដា នោះឡើយ។

ទឹម រដ្ឋា និយាយមួយៗថា “តាមពិត រឿងហ្នឹងខ្ញុំមិនចង់និយាយសោះ ប៉ុន្តែធ្វើម៉េចបងសួរទៅហើយ។ ខ្ញុំនិងតូតា បានសម្តែងរឿង “កូនពស់កេងកង” ឱ្យហង្សមាស ជាមួយគ្នាមែន គឺខ្ញុំធ្វើតួម៉ែក្មេកតូតា។ ពេលសម្តែងស៊ីចង្វាក់គ្នាល្អណាស់ គ្មានអ្នកណាដឹងថា យើងនៅក្រៅឆាក អត់និយាយរកគ្នាអ៊ីចឹងទេ។ សម្រាប់ខ្ញុំមានអាយុច្រើនជាងតូតា អាចថា ជាបងរបស់គាត់ អ៊ីចឹងគាត់ប្អូនខ្ញុំ គួរតែនិយាយរកខ្ញុំមុន ប៉ុន្តែគាត់អត់និយាយទេ អ៊ីចឹងខ្ញុំពិតជាអន់ចិត្តគាត់មែន។ ខ្ញុំគិតថា តូតា គាត់អៀនខ្ញុំ ទើបអត់និយាយរកហ្នឹង”។

តាមព័ត៌មានថា ទឹម រដ្ឋា អាណិតប្អូនប្រុសរបស់នាង លោកទឹម នីដា ខ្លាំងណាស់ ព្រោះក្រោយតូតា ផ្តាច់ស្នេហ៍មក នីដា គិតតែពីខូចចិត្តនឹងរឿងបាត់បង់ស្រីស្អាត តូតា ហើយរៀនក៏លែងចូល និងមិនចង់ធ្វើកិច្ចការអ្វីទាំងអស់ ចង់តែផឹកស្រា ដើម្បីព្យាយាមបំភ្លេចស្រីស្អាតពីបេះដូង។

ទឹម រដ្ឋា និយាយថា រឿងនោះគឺជាការពិតប្អូនប្រុសនាងពិបាកចិត្តបំផុត ពេលដែលបែកពីតូតា។ ប៉ុន្តែពេលនេះ នីដា អរគុណដែលអតីតកាលឈឺចាប់ ទើបធ្វើឱ្យគេមានភាពរឹងមាំ និងតស៊ូរហូតមានការងារធ្វើល្អ ប្រាក់ខែខ្ពស់ហួសពីការស្មាន។

ទឹម រដ្ឋា បន្ថែមថា “ប្អូនខ្ញុំខូចចិត្តខ្លាំងណាស់ពេលដែលបែកពីតូតា ហ្នឹង។ ខ្ញុំព្យាយាមលួងលោមគេឱ្យមានភាពរឹងមាំឡើង។ ទីបំផុត គាត់ធ្វើឱ្យខ្ញុំមិនខកចិត្តទេ គឺអាចក្រោកឈរបានយ៉ាងរឹងប៉ឹង ឥឡូវធ្វើការនៅព្រលានយន្តហោះពោធិ៍ចិនតុង ផ្នែកច្រកចេញដំណើរ (Departure) ប្រាក់ខែគេក៏ច្រើនគួរសមដែរ។ ប្អូនខ្ញុំអរគុណពេលវេលាដែលធ្វើឱ្យគេមានការងារល្អ ចេះតស៊ូក្នុងជីវិតរបស់គេបានដោយខ្លួនឯង។ ខ្ញុំសរសើរប្អូនខ្ញុំ គេជាក្មេងល្អ ហើយតាមមើលទៅ ពេលនេះមិនត្រឹមតែលែងឈឺចាប់ទេ គឺគេបំភ្លេចរឿងជាមួយតូតា តែម្តង គ្មានការនឹកនាអីទៀតទេ”។

ថ្វីត្បិតតែទឹម រដ្ឋា អាណិតប្អូនប្រុសដែលមិនអាចរក្សាចំណងស្នេហាជាមួយស្រីស្អាត តូតា បានមែន ប៉ុន្តែនាងមិនបន្ទោសទៅលើតូតា ដែលធ្វើឱ្យប្អូននាងដំបៅបេះដូងឡើយ គឺនាងបែរជាថា រឿងដែលពួកគេមិនបានរៀបការជាមួយគ្នា មិនអាចបន្តស្នេហាជាមួយគ្នាតទៅមុខទៀតបាន គឺជាការរៀបចំរបស់ទេវតាទៅវិញ។

រដ្ឋា ថា ពេលនេះប្អូនប្រុសរបស់នាងមិនទាន់មានគូស្នេហ៍ថ្មីទេ ព្រោះក្រោយបែកពីតូតា មក គេផ្តោតការសិក្សា និងធ្វើការច្រើនជាងគិតទៅលើរឿងផ្សេង។

ក្រៅពីអាណិតប្អូនប្រុសខ្លោចចិត្ត ព្រោះតូតា ផ្តាច់ស្នេហ៍ប្រុសក្មេង ដោយគ្មានអាល័យ ដើម្បីទៅចាប់ដៃសាងស្នេហ៍ជាមួយពោះម៉ាយទ្រព្យស្តុក ប៉ុល វិបូរ ហៅនីត នោះ ទឹម រដ្ឋា ដែលធ្លាប់ចែកផ្លូវគ្នាជាមួយអតីតសង្សារស្បែកខ្មៅ Zak Ky នោះ ក៏អះអាងថា ចំណងស្នេហាថ្មីរបស់នាងជាមួយបុរសអាមេរិក កាត់អេស្ប៉ាញ Jovany Antonio ស្ថិតក្នុងដំណាក់កាលរលូនល្អ ព្រោះមានការចុះសម្រុងគ្នាខ្លាំងណាស់ ហើយរដ្ឋា ថា នាងបានកំណត់ក្នុងចិត្តច្បាស់ទៅហើយថា ឆ្នាំនេះ នាងអាយុ35ឆ្នាំហើយ អ៊ីចឹងត្រូវតែចូលរោងការនៅអាយុ37ឆ្នាំ ពោលគឺនៅឆ្នាំ2021 ខាងមុខនេះ។

ដោយឡែក ទាក់ទងរឿងអតីតប្អូនថ្លៃស្រីស្រស់តូតា ដែលកំពុងមានសេចក្តីសុខជាមួយលោកនីត នោះ ត្រូវបានរដ្ឋា អះអាងថា នាងនឹងនិយាយ ឬរាប់អានតូតា វិញ ក្នុងករណីដែលសង្សារចាស់របស់ប្អូនប្រុសនាងរូបនេះ ព្រមនិយាយរកនាងមុន។ ប៉ុន្តែបើឱ្យរូបនាងអាយុច្រើនជាងតូតា ទៅនិយាយរកនាងមុននោះ គឺមិនអាចឡើយ៕

RELATED ARTICLES