ពេជ្រ សោភា ដែលធ្លាប់តែបណ្តើរគ្នាត្រសងដូចលលកញីឈ្មោលជាមួយប្រុសក្មេង ឆឹម សក្កដា នោះ ពេលនេះបែរជាចាប់ផ្តើមសោះកក្រោះដាក់គ្នាហើយ ព្រោះសូម្បីតែថ្ងៃខួបកំណើតសោភា ក៏សក្កដា មិនទៅអើតមើលឡើយ ទើបធ្វើឱ្យសោភា មានការអាក់អន់ស្រពោនចិត្តយ៉ាងខ្លាំង ព្រោះចាត់ទុកថា បើមនុស្សស្រលាញ់គ្នាមែន គេមិនដែលភ្លេចថ្ងៃពិសេសរបស់នាងឡើយ។

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា អំឡុងពេលដែលសោភា ចាប់ផ្តើមព្រងើយកន្តើយដាក់សក្កដា នោះ គេឃើញអ្នកមេម៉ាយរូបនេះបែរជាងាកទៅស្និទ្ធប្រុសក្មេងម្នាក់ ដែលមានសម្បុរស្រអែមខ្ពស់ស្រឡះទៅវិញ។

តាមរយៈសកម្មភាពរបស់សោភា និងប្រុសប្លែកមុខនោះគេឃើញពួកគេល្អូកល្អិនគ្នាដូចគូស្នេហ៍ថ្មោងថ្មី ទើបរៀបការហើយ ដោយពេលខ្លះ សោភា និងបុរសនោះជិះរថយន្តទំនើប Porsche ពណ៌ស និង Range Rover ពណ៌ខ្មៅ តែពីរនាក់ជាមួយគ្នាទាំងកណ្តាលអធ្រាត្រក៏មានដែរ ទើបធ្វើឱ្យមានការសង្ស័យអ្នកមេម៉ាយរូបនេះ បានថ្មីចោលចាស់ហើយ។

ពេជ្រ សោភា បានផ្ទុះសំណើចនៅពេលដែលត្រូវសួររឿងនេះ ហើយនាងព្យាយាមអះអាងថា ចំណងស្នេហានាង និងឆឹម សក្កដា គ្មានការប្រែប្រួលឡើយ។

សោភា ប្រាប់ថា “ខ្ញុំនិងសក្កដា នៅតែដដែលតើ! ថ្ងៃខួបខ្ញុំ ក៏សក្កដា មកចូលរួមដែរ គ្រាន់តែខ្ញុំមិនបង្ហាញឱ្យគេឃើញហ្នឹង។ រឿងអីខ្ញុំនិងគាត់មានការប្រែប្រួលទៅ បើយើងស្រលាញ់គ្នាចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយហ្នឹង។ ចំពោះប្រុសម្នាក់ដែលបើកឡានជូនខ្ញុំទៅមកហ្នុង លោកព្រះអើយ ! គាត់មិនមែនប្រុសស្នេហ៍ថ្មីរបស់ខ្ញុំទេ ពូហ្នឹងគឺជាក្មួយប្រុសខ្ញុំតើ ! បើមិនជឿទេ អ្នកកាសែតអាចមកសួរអ្នកជិតខាងផ្ទះខ្ញុំ ក៏បានដែរថា ពូហ្នឹងសង្សារខ្ញុំ ឬក្មួយខ្ញុំ ?”។

ពេជ្រ សោភា ថែមទាំងនិយាយថា ចំពោះអ្នកដែលថា នាងស្រលាញ់តែប្រុសក្មេងៗនោះ នាងចង់សុំកែតម្រូវហើយ ព្រោះប្រុសដែលស្រលាញ់នាង មិនមែនក្មេងទេ គឺសុទ្ធតែចាស់ទុំគំនិតទាំងអស់ សូម្បីតែអតីតប្តីនាងដែលបានរៀបការជាមួយគ្នានោះ ក៏មិនមែនក្មេងដែរ។

សោភា បន្តថា តើយកក្មេងមកធ្វើអី យកគេចាស់ទុំគំនិតទើបល្អ ហើយពេលនេះទំនាក់ទំនងរវាងនាង និងសក្កដា នៅតែល្អដូចមុន តែមិនទាន់អាចកំណត់ពេលវេលាចូលរោងការបានទេ ដោយសារតែនាងមិនចង់ដើរជាន់ដានចាស់ ហេតុនេះហើយស៊ូមើលចិត្តគ្នាឱ្យយូរបន្តិចប្រសើរជាងរៀបការដោយតក់ក្រហល់ ប៉ុន្តែលែងលះគ្នាយ៉ាងទាន់ហន់។
គួរបញ្ជាក់ថា ពេជ្រ សោភា បានរៀបការជាមួយទាហានអាកាសអាមេរិក លោកឡៅ ឆលី កាលពីថ្ងៃទី5 ខែកុម្ភៈ ឆ្នាំ2015 តែបានលែងលះគ្នា កាលពីឆ្នាំ2016។

អ្នកមេម៉ាយ សោភា ត្រូវបានមហាជនសរសើរថា ទោះជាស្នេហាបរាជ័យមែន តែនាងនៅតែឈរក្នុងចំណោមតារាស្រីជួរមុខគេនាពេលបច្ចុប្បន្នបានដដែល ក្នុងលំដាប់ Grade A ដែលមានតម្លៃខ្លួនប្រដមប្រសងជាមួយឱក សុគន្ធកញ្ញា និង មាស សុខសោភា៕