Thursday, September 18, 2025
Homeតារាខ្មែរព្រះសង្ឃតាក់សុី សន្យាឈប់ទេសនាដែលមានកាយវិការ ឬសំឡេងដូចអ្នកកំប្លែង

ព្រះសង្ឃតាក់សុី សន្យាឈប់ទេសនាដែលមានកាយវិការ ឬសំឡេងដូចអ្នកកំប្លែង

បន្ទាប់ពីរងការរិះគន់ពីពុទ្ធបរិស័ទ ពាក់ព័ន្ធនឹងការចេញទេសនាដំបូងរបស់ព្រះសង្ឃនាយតាក់សុី ថា ធម៌នៅខ្ចី កុំអាលឲ្យគេខ្ចីដៃនោះ កាលពីម្សិលមិញនេះ ព្រះសង្ឃតាក់សុី បានធ្វើកិច្ចសន្យាចំនួន៣ចំណុច ដូចខាងក្រោម ៖

ទី១. ឈប់ទេសនាមួយរយៈពេល ។
ទី២. ឈប់សម្តែងធម៌ទេសនាដែលមានកាយវិការមិនសមជាសមណៈ ឬ សំឡេងដូចអ្នកកំប្លែង ។
ទី៣. រហូតដល់ ភិក្ខុ តាក់ស៊ី បួសបានយូរគួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើន ។
កិច្ចសន្យារបស់ភិក្ខុ តាក់ស៊ី នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ខែ២០១៩។

គួរបញ្ជាក់ថា ពុទ្ធបរិស័ទម្នាក់បានចេញលិខិតចំហជូនចំពោះព្រះតេជគុណតាក់ស៊ី អតីតតារាកំប្លែងក្រុមនាយពែកមី ដោយរំលឹកព្រះអង្គថា ធម៌នៅខ្ចី កុំទាន់ឱ្យគេខ្ចីដៃចេញសម្តែង បន្ទាប់ពីបានឃើញព្រះអង្គសម្តែងធម៌ទេសនា ខណៈបួសបានទើបតែ៩ថ្ងៃ។

លិខិតបើកចំហរបស់ពុទ្ធបរិស័ទម្នាក់នោះ បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមាន ខ្លឹមសារថា “ព្រះតេជគុណតាក់ស៊ី ជាទីគោរព និងសទ្ធាចេតនារម្មណ៍របស់ព្រះតេជគុណបួស ដើម្បីសិក្សាត្រៃសិក្ខា ដើម្បីកាត់បន្ថយទឹកនោមផ្អែម និងជំងឺផ្សេងទៀត ដែលកំពុងបៀតបៀន។ បុគ្គលណាបានសិក្សា និងបដិបត្តិធម៌, ធម៌រមែងថែរក្សាបុគ្គលនោះ។ ជំងឺទាំងឡាយណាមានកិលេសដែលត្រាំក្នុងខន្ធសន្តានជាដើម នឹងខ្សោះទៅម្តងបន្តិចៗ ហើយជំងឺផ្លូវកាយក៏នឹងបានជាប្រសើរផងដែរ។ ធម៌របស់ព្រះពុទ្ធជាម្ចាស់ ហៅថាធម្មោសថ។

ព្រះតេជគុណសូមព្រះមេត្តាចំណាយ ពេលយកចិត្តទុកដាក់សិក្សា និងបដិបត្តិត្រៃសិក្ខាឱ្យបានទៀងទាត់ យ៉ាងមានសទ្ធាជឿជាក់ និងទុកចិត្ត, សូមព្រះមេត្តាកុំទាន់មកប្រោស ញាតិញោមដោយការសំដែងធម៌ ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទន់ជ្រាយនៅឡើយ។ ព្រះតេជគុណដឹងទេ បុគ្គលមួយចំនួនកំពុងដណ្តើមប្រជាប្រិយ និងខ្ចីដៃព្រះអង្គ ដើម្បីលាភក្នុងអាមិសទាន។ សូមព្រះតេជគុណចាំថា ព្រះអង្គលះបង់ការងារ មិត្តភក្តិ និងប្រពន្ធកូន ដើម្បីស្វែងរកព្រះសទ្ធម្មសូមសេពគប់កល្យាណមិត្តជាបណ្ឌិត។

សូមព្រះតេជគុណចំណាយពេលដើម្បីព្យាបាលជំងឺទាំងផ្លូវកាយ និងផ្លូវចិត្តតាមរយៈ ធម្មោសថដោយមានត្រៃសិក្ខាជាគោល បដិបត្តិ ,ព្រះតេជគុណនឹងបានជាសះស្បើយជាមិនខាន…”។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះមិនអាចសុំការបញ្ជាក់ឆ្លើយតបពីព្រះតេជគុណ តាក់ស៊ី បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់ព្រះអង្គមិនអាចទាក់ទងបាន៕

RELATED ARTICLES