ពិធីការិនីឌួង ហ្សូរីដា ដែលជាម្ចាស់ហាង “មុទិតាបូទិក” ព្រមទាំងប្អូនស្រីទាំងពីររបស់នាង គឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា រួមទាំងប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ចន្ទ័លក្ខិណា និងឌីជេ ហេរ៉ូ ផង បានធ្វើដំណើរទៅចូលរួមពិធីដាំដើមឈើ ដែលរៀបចំឡើងដោយសមាគមអភិរក្សសត្វដំរីអៃរាវត្តា (ARIAVATA) នៅតំបន់អេកូទេសចរណ៍ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។

ហ្សូរីដា ដែលជាទូតសុច្ឆន្ទៈរបស់ដំរីអៃរាវត្តានោះបានង្ហាញអារម្មណ៍រីករាយជាខ្លាំង ដែលពិធីនោះមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីដល់ទៅ២រូប គឺឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ និងឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលធ្វើឱ្យពិធីនោះកាន់តែមានការចាប់អារម្មណ៍និងទាក់ទាញខ្លាំងថែមទៀតពីសំណាក់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចសប្បុរសជនដែលចូលរួមជួយដល់ការអភរិក្សដំរីអៃរាវត្តា។

ឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រនិងកោតសរសើរចំពោះសមាគមអភិរក្សសត្វដំរីក្នុងខេត្តរតនគិរី ដែលបានចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វដំរី ក៏ដូចជាចូលរួមការពារ និងអភិរក្សបរិស្ថានតាមរយៈការបង្កើតឱ្យមានតំបន់អេកូទេសចេណ៍ដ៏មានសក្តានុពលក្នុងដែនអភិរក្សរបស់ខ្លួនក្នុងភូមិសាស្ត្រនេះ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានសន្យាផ្តល់ថវិកាចំនួន២ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ដល់សមាគមអភិរក្សដំរីអៃរាវត្តាផងដែរ។

ចំណែកឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគមអភិរក្សសត្វដំរីអៃរាវត្តា បានមានប្រសាន៍ថា លោកចាត់ទុកគម្រោងបង្កើតតំបន់អេកូទេសចរណ៍និងការអភរិក្សសត្វដំរីមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរក្សាបាននូវធនធានធម្មជាតិ និងបង្កើនចំនួនសត្វដំរីឱ្យកាន់តែច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជួយកាត់បន្ថយភាពក្រីក្រក្នុងសមាគមតាមរយៈប្រាក់ចំណូលបានពីអេកូទេសចរណ៍នេះ។

ចំណែកលោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមអភិរក្សសត្វដំរីអៃរាវត្តា បានឱ្យដឹងថា សមាគមនេះបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយក្រុមគ្រួសាររបស់លោកស្រីផ្ទាល់ ដែលពេលនេះមានសត្វដំរីចំនួន៤ក្បាល (ឈ្មោល២ ញី២) ហើយនៅពេលអនាគត លោកស្រីមានគម្រោងទិញពីខេត្តសូរិន្ទ ប្រទេសថៃ ឬប្រទេសភូមា បន្ថែមទៀត ដើម្បីយកមកបង្កាត់ពូជឱ្យបានកាន់តែច្រើន។

ឌួង ហ្សូរីដា បានឱ្យដឹងថា ក្នុងពិធីនោះក៏មានការដាំដើមឈើក្នុងដែនអភិរក្សអេកូទេសចរណ៍ ជាង២០០០ដើមផងដែរ ដូចជា កូនឈើនាងនួន, បេង, ឈើទាល, ស្រឡៅ, ត្រាច, ធ្នុង, គ្រញូង, ត្បែង, សុក្រំ, ម៉ៃសាក់, គគីរ, ឈ្លីក និងផ្ចិក ជាដើម ដែលមានអាយុពី ១ទៅ៣ឆ្នាំ។

ពិធីការិនីហ្សូរីដា បន្ថែមថា កម្មវិធីនេះ ឯកឧត្តមខៀវ កាញ៉ារីទ្ធ និងឯកឧត្តមសាយ សំអាល់ ក៏បានបំពាក់មេដាយការងារនិងប័ណ្ណសរសើរជូនដល់ប្រធានសមាគម និងសប្បុរសជននានា ដែលបានជួយឧត្ថមជួយគាំទ្រដល់សមាគមអភិរក្សសត្វដំរីអៃរាវត្តា នេះដែរ។

ហ្សូរីដា ថែមទាំងថា ទោះជានាងមមាញឹកជាមួយអាជីពសិល្បៈនិងមុខជំនួញយ៉ាងណា តែក្នុងនាមនាងជាទូតសុច្ឆន្ទៈរបស់ដំរីអៃរាវត្តា នាងពេញចិត្តនឹងបន្តចូលរួមការងារនេះតទៅទៀត ដើម្បីឱ្យដំរីនៅប្រទេសយើងមានការកើនឡើងនាថ្ងៃអនាគត៕



