Thursday, September 18, 2025
Homeតារាខ្មែរហ៊ិន លីដា ហង្សមាសហៅចូលច្រៀង បែរជាមិនព្រមទៅវិញ

ហ៊ិន លីដា ហង្សមាសហៅចូលច្រៀង បែរជាមិនព្រមទៅវិញ

អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ កញ្ញាហ៊ិន លីដា ដែលបានប្រកួតឈានទៅវគ្គផ្តាច់ព្រ័ត្រតែបរាជ័យដោយសារមិនអាចយកឈ្នះកញ្ញាឈិន ម៉ានិច្ច នោះ ពេលនេះតារាស្រអែមស្រស់រូបនេះនៅមិនទាន់មានទ្រនំជ្រកឡើយ បើទោះជានាងមានទឹកដមសំនៀងក្រអួនក្រអៅមិនធម្មតាមែន ប៉ុន្តែបានត្រឹមជាតារាចម្រៀងប្រចាំនៅភោជនីយដ្ឋានវីហ្វ្រេន ជាមួយពេជ្រ ច័ន្ទធីតា, ឃ្លាំង តារា, ជាតិ សុច្ចការ ប៉ុណ្ណោះ ទើបធ្វើឱ្យលីដា ពិបាកប្រជែងទីផ្សារចម្រៀងជាមួយតារាចម្រៀងល្បីនាពេលបច្ចុប្បន្ន។

ហ៊ិន លីដា ថ្លែងថា តាមពិតហង្សមាស ធ្លាប់ផ្តល់ឱកាសឱ្យនាងបានចូលច្រៀងនៅផលិតកម្មដែរ ប៉ុន្តែចិត្តនាងមិនចង់ចូលផលិតកម្ម ព្រោះមើលឃើញថា ហង្សមាស មានតារាច្រើនហើយ ទើបនាងសុខចិត្តច្រៀងនៅក្រៅផលិតកម្មរហូតមកដល់ពេលនេះ។

លីដា រៀបរាប់ថា “មិនមែនខ្ញុំអន់ចិត្តហង្សមាស មិនឱ្យជាប់ពានទើបខ្ញុំមិនចូលច្រៀងនៅផលិតកម្មទេ គឺខ្ញុំមើលឃើញថា នៅហ្នុងមានតារាច្រើនណាស់ហើយ។ តាមពិត គាត់ធ្លាប់ហៅខ្ញុំឱ្យចូលដែរ តែខ្ញុំចង់នៅច្រៀងខាងក្រៅ ធ្វើបទចម្រៀងខ្លួនឯងវិញ។ ប៉ុន្តែខ្ញុំធ្វើទៅតាមពេលវេលាដែរ ហើយបើថ្ងៃក្រោយទៅយើងត្រូវចូលផលិតកម្មណាដែលមើលទៅឃើញថា អាចចូលទៅបាន ក៏ខ្ញុំនឹងចូលដែរ”។

មិនមែនតែហ៊ិន លីដា ម្នាក់ទេ ដែលគេចផលិតកម្មហង្សមាស កន្លងមក អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ លោកម៉ៅ ហាជី និងសៅ ឧត្តម ជាដើម ក៏គេចផលិតកម្មធំនេះដែរ ក្រោយពួកគេមានការអាក់អន់ស្រពន់ចិត្តថា នី រតនា សមត្ថភាពមិនលើគេផងប៉ុន្តែបានលើកពានទៅវិញ។

ដោយឡែក ហ៊ិន លីដា ដែលគេចហង្សមាស ដែរនោះ បែរជាពេលនេះចេញមុខសរសើរថៅកែហាងវីហ្វ្រេន ទៅវិញថា បានឱ្យតម្លៃនាងតាំងពីច្រៀងដំបូង។

ហ៊ិន លីដា វាចាថា “ខ្ញុំច្រៀងនៅវីហ្វ្រេន តាំងពីខ្ញុំនៅជំទង់ម៉្លេះ ហើយចូលច្រៀងដំបូង ថៅកែគាត់ពេញចិត្តឱ្យតម្លៃស្មើគេច្រៀងនៅហ្នុងយូរហើយដែរ។ ឥឡូវខ្ញុំនៅតែបន្តច្រៀងនៅទីនោះរយៈពេលជាង៥ឆ្នាំមកហើយ។ សម្រាប់រដូវធ្លាក់ភ្លៀងនេះ ខ្ញុំមានគេទាក់ទងចង់ឱ្យចេញទៅច្រៀងសម្តែងនៅក្រៅស្រុកដែរ តែនិយាយគ្នាមិនទាន់ច្បាស់លាស់ អ៊ីចឹងមិនទាន់ច្បាស់ទេ”។

ហ៊ិន លីដា ថា ពេលនេះនាងមានគូសង្សារហើយ ប៉ុន្តែដោយសារនាងទើបមានអាយុ២០ឆ្នាំ អ៊ីចឹងគិតថានៅក្មេងពេក ទើបមិនទាន់ចង់រៀបការនៅពេលនេះឡើយ៕

RELATED ARTICLES