សុខ ស្រីនាង មានទីផ្សារចម្រៀងគ្រាន់បើជាងមុនក្រោយពេលដែលហើរចេញពីសាន់ដេ ចូលហង្សមាស ព្រោះល្បីបានមួយបទ ហើយនាងកាន់តែមានការតែងខ្លួនគួរឱ្យទាក់ទាញ មិនចាញ់កាលនៅក្រមុំឡើយ។
ទោះជាយ៉ាងណា ការប៉ងឡើងដល់ចំណុចកំពូលរបស់សុខ ស្រីនាង ហាក់កាន់តែពិបាក ព្រោះពេលនេះហង្សមាស ផ្តោតលើស្រីស្អាត២ដួង គឺរ៉េត ស៊ូហ្សាណា និងពេជ្រ សូលីកា ដែលមានប្រៀបជាងស្រីនាង…។

សុខ ស្រីនាង គ្មានបទណាផ្សេងទៀតដែលត្រូវបានគេចាប់អារម្មណ៍ដូចបទល្បីរបស់នាង “ហត់ទេស្រលាញ់គេម្នាក់ឯង?” នោះឡើយ ទើបធ្វើឱ្យមានការស្រពេចស្រពិលចំពោះអតីតតារាចម្រៀងផលិតកម្មសាន់ដេរូបនេះថា តើនាងនឹងអាចឈរជើងនៅហង្សមាស ក្នុងនាមជាតារាចម្រៀងសំខាន់ម្នាក់ទេ ព្រោះពេលនេះមហាជនមើលឃើញថា ហង្សមាស ហាក់ផ្តោតតែការលើកទៅលើស្រីស្អាតរ៉េត ស៊ូហ្សាណា និងពេជ្រ សូលីកា ជាងតារាផ្សេងៗទៀត ព្រោះស្រីស្អាតទាំង២ដួងឱ្យតែមានបទចម្រៀងល្បីហើយ ពួកគេនឹងក្រសោបទីផ្សារស្ពតធំៗជាមិនខាន។

ដោយឡែកសុខ ស្រីនាង ការបោះជំហានចេញពីសាន់ដេចូលហង្សមាស នាងមានទីផ្សារល្អជាងមុនទាំងកេរ្តិ៍ឈ្មោះនិងតម្លៃខ្លួន ប៉ុន្តែក្តីសង្ឃឹមរបស់ស្រីនាង ក្នុងការឈានឡើងចំណុចកំពូលដូចឱក សុគន្ធកញ្ញា ឬពេជ្រ សោភា ប្រហែលជាត្រូវជួបឧបសគ្គធំដោយសារតែនាងមិនអាចច្រៀងបទដែលប្រើសំឡេងខ្ពស់ៗបានទេ គឺបានតែបទប្រើសំឡេងទាបៗប៉ុណ្ណោះហេតុនេះហើយទោះជាមានរូបសម្រស់នៅតែស្អាតមែនប៉ុន្តែការចង់លេចត្រដែតនៅហង្សមាសដែលប្រជុំទៅដោយកំពូលតារាខ្លាំងៗនោះមិនមែនជារឿងងាយស្រួលឡើយ។
ក្រៅពីរក្សារូបសម្រស់មិនឱ្យធ្លាក់ចុះនោះ សុខ ស្រីនាង បានវិវឌ្ឍខ្លួនពីការច្រៀងបទស្លូវងាកមកច្រៀងបទញាក់និងលេងក្បាច់រាំផងដែរ។

ចំណែកហង្សមាស បានរុញអ្នកមេម៉ាយរូបស្រស់នេះថែមមួយកម្រិតទៀតតាមរយៈការផ្តល់តំណែងជាតួឯក ដល់ទៅ២រឿងជាប់គ្នា គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស” ដើម្បីឱ្យស្រីនាង ឆាប់លោតឡើងមួយក្រឺតទៀត។
ទោះជាយ៉ាងណា តាមទីផ្សារជាក់ស្តែងស្រីនាង នៅតែចាញ់ប្រៀបរ៉េត ស៊ូហ្សាណា ដដែល ខណៈដែលការមកដល់របស់ពេជ្រ សូលីកា វាប្រាកដជាធ្វើឱ្យទីផ្សារចម្រៀងរបស់នាងកាន់តែចង្អៀតថែមទៀត ព្រោះគេមើលឃើញថា តារាទាំង២ហាក់លេចធ្លោជាងស្រីនាង។

សុខ ស្រីនាង បានធ្លាក់ខ្លួនមេម៉ាយជិត១០ឆ្នាំ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតប្តីស៊ី សុវត្ថិ ដែលជាតារាចម្រៀងធ្លាប់រួមទ្រនំក្រោមដំបូល K.H។
អ្នកមេម៉ាយវ័យក្មេង ស្រីនាង សម្រស់នៅតែផូរផង់នេះត្រូវបានកន្លង់ជាច្រើនចោមស្នេហា ពិសេសគឺមន្ត្រីធំៗក្រោយពេលដែលលោកស៊ី សុវត្ថិ បានប្រកាសជូនដំណឹងដល់ប្រុសៗទាំងឡាយថា ប្រសិនបើចង់ស្រលាញ់ស្រីនាង ទាល់តែមានរបស់២យ៉ាង ទៅជាមួយនោះ គឺទី១. អំណាច និងទី២. លុយ មកធ្វើឱ្យប្រុសៗសម្បូរទ្រព្យមានការច្របូលច្របល់ព្យាយាមតាមស្ទូចបេះដូងស្រីស្រអែមស្រស់រូបនេះ។

ប៉ុន្តែរហូតមកដល់ពេលនេះ ស្រីនាង នៅតែមិនហ៊ានបង្ហាញគូស្នេហ៍ថ្មីជាចំហឡើយ គឺនាងព្យាយាមលាក់សង្សារថ្មីជានិច្ច បើទោះជាតារារួមអាជីពធ្លាប់បង្ហើបថា ស្រីនាង មិនមែននៅបេះដូងទំនេរក៏ដោយ។
ប៉ុន្តែយ៉ាងណាទស្សនិកជនរង់ចាំមើលថា ម្ចាស់បេះដូងថ្មីរបស់សុខ ស្រីនាង គឺពិតជាដូចលោកស៊ី សុវត្ថិ សន្និដ្ឋានថាទាល់តែជាប្រុសអ្នកមានទាំងអំណាច ទាំងលុយព្រមគ្នា ទើបអាចទៅរួចមែនឬយ៉ាងណា?

ព័ត៌មានបានឱ្យដឹងថា អតីតប្តីសុខ ស្រីនាង គឺលោកស៊ី សុវត្ថិ ក្រោយចែកផ្លូវភ្លាមៗលោកបានរៀបការប្រពន្ធថ្មីចោលតារាហង្សមាស រូបនេះទៅហើយ ខណៈដែលមិត្តភក្តិស្រីនាង បាននិយាយការពារស្រីនាង ថា បើចង់បានប្តីអ្នកធំនិងមានទ្រព្យ ដូចគេថាមែន គឺមិនខ្វះទេយកពេលណាក៏បានដែរ។ ប៉ុន្តែ មូលហេតុដែលស្រីនាង មិនទាន់ចង់រៀបការប្តីថ្មីនៅពេលនេះ ដោយសារតែនាងត្រូវការពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងជួបដូចរឿងចាស់ទៀត ការក៏លឿនលែងគ្នាក៏លឿន ហើយទីបំផុត នាងក្លាយជាស្ត្រីមេម៉ាយ…។

សុខ ស្រីនាង ស្ថិតក្នុងចំណោមតារាដែលលែងប្តីហើយនៅតែមានទីផ្សារសិល្បៈ ដូចជា ពេជ្រ សោភា, សុខ សោម៉ាវត្តី ជាដើម ដែលពេលនេះពួកគេមានទាំងម្ចាស់ចិត្តថ្មីរៀងៗខ្លួនទៀតផង នៅឡើយតែស្រីនាង ដែលបន្តសាងស្នេហ៍អាថ៌កំបាំង៕