ពិធីការិនីលេចធ្លោរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ កញ្ញាកែវ សីហា ដែលធ្លាប់ត្រូវបានដៃគូឆ្លងឆ្លើយលោកប៉ែន ចំរ៉ុង និងឌីជេ ហេរ៉ូ បង្ហាញភាពស្និទ្ធស្នាលនិងស៊កសម្តីលែបខាយជាញឹកញាប់នោះ តាមពិតស្រីស្រស់មិនមែនបេះដូងនៅទំនេរឡើយ គឺនាងមានម្ចាស់ចិត្តទៅហើយ ដោយត្រៀមចូលរោងការនៅចុងឆ្នាំ២០១៩ នេះទៀតផង។

ប្រភពបានឱ្យដឹងថា អនាគតស្វាមីរបស់ពិធីការិនី, តារាសម្តែង និងបង្ហាញម៉ូដ កែវ សីហា គឺជាលោកដុកទ័រម្នាក់ដែលនាងបានភ្ជាប់ស្នេហ៍ជាមួយគ្នារយៈពេលជិត១០ឆ្នាំមកហើយ ទើបពួកគេសម្រេចចិត្តត្រូវតែដឹកដៃគ្នាចូលរោងការ ដោយមិនអាចបង្អង់តទៅទៀតបានឡើយ។

កែវ សីហា បានទទួលស្គាល់ថា ដំណឹងថានាងត្រៀមចូលរោងការនៅឆ្នាំនេះ គឺជាការពិត ព្រោះនាងបានភ្ជាប់ពាក្យជាមួយគូដណ្តឹងរយៈពេលជាង៣ឆ្នាំទៅហើយ គ្រាន់តែកន្លងមកខ្ញុំមិនទាន់ឱ្យគេដឹង។ ដោយឡែករឿងចូលរោងការវិញ ចាស់ទុំទាំងសងខាងបានដេញពេលាឃើញថា ល្អចុងឆ្នាំនេះ ហេតុនេះហើយពួកយើងរៀបការនៅអំឡុងខែវិច្ឆិកា ចុងឆ្នាំ២០១៩នេះហើយ ព្រោះបើរៀបការនៅឆ្នាំ២០២០ ជាឆ្នាំគត់ មិនល្អ អីចឹងត្រូវតែរៀបការមុនឆ្លងឆ្នាំ”។

ស្រីស្រស់កែវ សីហា បានឱ្យដឹងដែរថា នាងនិងអនាគតស្វាមីបានស្រលាញ់គ្នារយៈពេល៩ឆ្នាំមកហើយ តាមរយៈចាស់ទុំទាំងសងខាងណែនាំឱ្យ ហើយរូបនាងផ្ទាល់និងលោកដុកទ័រ ក៏ពេញចិត្តគ្នាទាំងសងខាងផងដែរ។ នាងថា អនាគតស្វាមីរបស់នាងមិនដែលហួងហែងការងារសិល្បៈរបស់នាងទេ ហើយទោះរៀបការរួចក៏នាងនៅបន្តអាជីពសិល្បៈដូចមុនដដែល ព្រោះប្តីពេញចិត្តឱ្យធ្វើការងារដែលនាងស្រលាញ់។

កែវ សីហា ក្រសោបតំណែងជាពិធីការិនីនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ក្នុងកម្មវិធី “ដើមភូមិចុងភូមិ”,“តន្ត្រី HICHITAN”,“តន្ត្រី AD” និង “តន្ត្រី Happy Freshy Concert”៕

