Thursday, September 18, 2025
Homeតារាខ្មែរខ្ញុង ដឹកដៃកៃដ នារៀបការ ទស្សនិកជនរង់ចាំមើលនាយពាក់មី ចូលរួមឬអត់?

ខ្ញុង ដឹកដៃកៃដ នារៀបការ ទស្សនិកជនរង់ចាំមើលនាយពាក់មី ចូលរួមឬអត់?

ចំណងស្នេហ៍អ្នកមេម៉ាយកូនពីរ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង និងពោះម៉ាយអ៊ុំ ក្សត្រា ហៅនាយកៃដ ពេលនេះបានឈានដល់ការដឹកដៃគ្នាចូលក្រាបផ្ទឹមតាមប្រពៃណីខ្មែរហើយ ដោយតារាកំប្លែងរបស់CTN ១គូនេះ បានកំណត់យកថ្ងៃជ័យរបស់ពួកគេ គឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។

ការរៀបការនៅដើមខែសីហា នេះ ត្រូវបាននាយកៃដ ប្រាប់អ្នកកាសែតថា ដោយសារតែថ្ងៃទី៨ ខែ៨ នោះ ចំថ្ងៃខួបកំណើតអ្នកនាងខ្ញុង គម្រប់វ័យ៣៤ឆ្នាំ។ ដោយឡែកកម្មវិធីមង្គលការរបស់ពួកគេនឹងរៀបចំនៅផ្ទះថ្មីរបស់អ្នកទាំងពីរដែលបានឡើងផ្ទះកាលពីខែសីហា ឆ្នាំ២០១៨នោះ គឺនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ុន្ដែយ៉ាងណា នាយកៃដ មិនទាន់ច្បាស់ទេថា នឹងហៅភ្ញៀវប៉ុន្មានតុនោះ គ្រាន់តែនាយថា ដោយសារលោកមានមុខរបរជាចុងភៅស្រាប់ អីចឹងការរៀបចំម្ហូបទទួលភ្ញៀវត្រូវបានក្រុមការងាររបស់លោកជាអ្នករៀបចំដោយខ្លួនឯងតែម្ដង។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ធ្លាប់ត្រូវបានស្ត្រីម្នាក់ចោទថា ដណ្ដើមប្អូនថ្លៃរបស់នាង គឺនាយកៃដ ជាប្ដីរបស់ប្អូនស្រីគេ។ ប៉ុន្ដែក្រោយមក ទាំងខ្ញុង និងនាយកៃដ ចេញមុខអះអាងថា ពួកគេមិនមានពាក់ព័ន្ធជាមួយដៃគូស្នេហ៍ចាស់ទៀតទេ ហើយពេលនេះរួមរស់ក្រោមដំបូលតែមួយ បន្ទាប់ពីកំណើតស្នេហ៍បានឆាបឆេះឡើង នៅពេលដែលទាំងសងខាងបានលួចមើលចិត្តថ្លើមគ្នាអំឡុងពេលអ្នកទាំងពីរលេងកំប្លែងជាមួយគ្នានៅCTN។

យ៉ាងណា ការប្រកាសចូលរោងការរបស់នាងខ្ញុង ជាមួយនាយកៃដ នៅពេលនេះ បញ្ជាក់ថា ដំណឹងស្នេហ៍រវាងខ្ញុង  និងនាយពាក់មី ត្រូវបានបញ្ចប់ ព្រោះតែកន្លងមកធ្លាប់លេចឮថា តាំងពីនាងខ្ញុង ទៅភ្ជាប់ស្នេហ៍ជាមួយនាយកៃដ មក ពាក់ម៉ី លែងនិយាយចូលលោកកៃដ ទៀតហើយ ហេតុនេះហើយទស្សនិកជនរង់ចាំមើលថា នៅថ្ងៃនាងខ្ញុង និងកៃដ ក្រាបផ្ទឹមនោះ នាយពាក់មី នឹងទៅចូលរួមជូនពរជ័យដែរឬអត់?៕

RELATED ARTICLES