Thursday, September 18, 2025
Homeតារាខ្មែរនាយចឺម ពោលពាក្យថា "ស្តាយ" នាយតាក់សុី

នាយចឺម ពោលពាក្យថា “ស្តាយ” នាយតាក់សុី

នាយចឺម ដែលជាតារាចម្រៀងសាន់ដេ បានឱ្យដឹងថា នាយមានការសោកស្តាយខ្លាំងណាស់ចំពោះនាយតាក់ស៊ី ដែលចូលសាងផ្នួសអស់មួយជីវិតបោះបង់អាជីពកំប្លែងនោះ ព្រោះនាយស្តាយទេពកោសល្យសិល្បៈរបស់ព្រះតេជគុណតាក់ស៊ី ប៉ុន្តែយ៉ាងណា នោះជាការសម្រេចព្រះទ័យរបស់ព្រះអង្គមិនអាចហាមឃាត់បានទេ។

នាយចឺម ថ្លែងថា “ខ្ញុំបានជូនដំណើរគាត់ទៅសាងផ្នួស កាលគាត់បួសជានាគ តែពេលគាត់បួសជាផ្លូវការ ខ្ញុំមិនទាន់បានទៅជួបគាត់ទេ។ ខ្ញុំបានលេងកំប្លែងជួបគាត់នៅទូរទស្សន៍ប៉ុស្តិ៍លេខ3 តាំងតែពីតូចម្លេះ។ សរុបទៅតាំងពីស្គាល់គាត់បានលេងកំប្លែងជាមួយគ្នា គឺជាង10ឆ្នាំហើយ។ មុនគាត់បួស ខ្ញុំបានសួរគាត់ថា បងឯងសម្រេចចិត្តបួសរហូតមែនឬ ? ខ្ញុំមិនអាចហាមឃាត់គាត់បានទេ តែខ្ញុំស្តាយទេពកោសល្យគាត់ណាស់ ព្រោះគាត់ពូកែលេងកំប្លែងជាតួមនុស្សចាស់​ក៏បាន ជាអ្នកជំងឺក៏សម។ សម្រាប់ខ្ញុំវិញ ទោះជាពេលនេះក្លាយទៅជាអ្នកចម្រៀងមែន ប៉ុន្តែខ្ញុំនៅតែស្រលាញ់និងចង់លេងកំប្លែងអ៊ីចឹង តែធ្វើម៉េចបើពេលនេះយើងបានមកជាអ្នកចម្រៀងទៅហើយ។ ពីមុនក្រុមកំប្លែង CTN មានដូចម្រាមដៃអីចឹង តែពេលនេះបែកគ្នាម្តងមួយៗ ព្រោះពួកគាត់មានការងារផ្សេងៗទៀត”។

មិនត្រឹមតែនាយចឺម ទេ ដែលមិនចង់ឱ្យនាយតាក់ស៊ី ចូលសាងផ្នួស ទោះជានាងលាប សោភ័ណ្ឌ ហៅភីម ដែលជាភរិយានាយតាក់ស៊ី ក៏ធ្លាប់បានឃាត់អតីតតារាកំប្លែង CTN រូបនេះជាច្រើនលើកច្រើនសាដែរ ព្រោះនាងស្តាយអនុស្សារីយ៍ស្នេហ៍ជាង10ឆ្នាំនាពេលកន្លងមក។

ប៉ុន្តែឃាត់យ៉ាងណា ក៏លោកប៉ុល សារឿង ដែលក្លាយជាព្រះតេជគុណតាក់ស៊ី នៅតែមិនអាចទ្រាំបានឡើយ ហើយក៏សម្រេចចិត្តចូលសាងផ្នួសអស់មួយជីវិតចោលប្រពន្ធសាច់សខ្ចី តាំងពីថ្ងៃទី24 ខែមិថុនា ដែលពេលនេះកំពុងគង់នៅវត្តថ្មីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលធ្វើឱ្យមានរឿងចម្រូងចម្រាសមួយចំនួនទៀតផង ព្រោះតេជគុណតាក់ស៊ី ចេញសម្តែងធម៌ទេសនាធ្វើឱ្យពុទ្ធបរស័ទចេះ តែសើចដូចកាលនាយតាក់ស៊ី ធ្លាប់លេងកំប្លែងនៅ CTN ដែរ៕

RELATED ARTICLES