សួស វីសា បានដឹកដៃគូដណ្តឹងប្រុសក្មេងប៊ុនថុល ប៊ុនថង ហៅថមមី ទៅថតរូប Pre-Wedding នៅប្រាសាទអង្គវត្ត ទឹកដីខេត្តសៀមរាប កាលពីពេលថ្មីៗនេះខណៈដែលមង្គលការរបស់នាងនឹងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ហើយបន្ទាប់ពីពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

អតីតសង្សារសួស វីសា គឺតារាចម្រៀងមាស សាឡី បានថ្លែងសារប្រាប់អ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះថា លោកគ្មានរឿងដែលត្រូវចាប់អារម្មណ៍ឬសោកស្តាយចំពោះវីសា ដែលត្រៀមរៀបការនោះឡើយ ព្រោះថាពេលនេះលោកមានប្រពន្ធកូនរស់នៅយ៉ាងមានសុភង្គលទៅហើយ មានរឿងអីដែលត្រូវខ្វល់ខ្វាយពីសង្សារចាស់រៀបការទៅ?

លោកសាឡី ថ្លែងសារថា “មានរឿងអីដែលត្រូវស្តាយក្រោយបង ខ្ញុំក៏សប្បាយចិត្តពេលដែលបែកពីគាត់មក ខ្ញុំរកបានមនុស្សដែលអាចរួមដំណើរជីវិត ខ្ញុំមានគ្រួសារដ៏សែនកក់ក្តៅ មានប្រពន្ធកូនសុភមង្គលប្រពន្ធកូនជាទីស្រលាញ់របស់ខ្ញុំហើយ”។

ក្រៅពីអះអាងថាមិនដេកស្តាយក្រោយរឿងត្រូវសួស វីសា ទៅថតរូបតាំងរោងការត្រៀមក្រាបផ្ទឹមចោលនោះ លោកសាឡី ក៏គ្មានគម្រោងទៅចូលរួមញ៉ាំការវីសា ដែរ ប្រសិនបើអតីតសង្សារហៅញ៉ាំការនោះ។ ដោយឡែកវីសា វិញ ក៏មិនដែលរំលឹកឈ្មោះអតីតគូដណ្តឹងលោកមាស សាឡី ទៀតដែរ តាំងពីនាងបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១០មក។

សួស វីសា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកថមមី កាលពីថ្ងៃទី៧ ខែមិថុនា ដែលតាមព័ត៌មានថា តារាហង្សមាសរូបនេះបានថ្លៃបណ្ណាការពីអនាគតប្តីចំនួនទឹកប្រាក់រហូតដល់ទៅ៤.៤៤៤៤ដុល្លារឯណោះ។ មុនកំណត់ដឹកដៃគ្នាចូលរោងការវីសា និងថមមី បានទិញផ្ទះវីឡាទ្រនំស្នេហ៍នៅបុរីជីបម៉ុងលែន (ផ្លូវជាសុផារ៉ា) តម្លៃជាង២០ម៉ឺនដុល្លារ ខណៈដែលថមមី វិញបានទិញរថយន្តទំនើបម៉ាក Lexus NX200t តម្លៃជាង២ម៉ឺនដុល្លារ។

តារាចម្រៀងហង្សមាស សួស វីសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ការដែលនាងត្រូវកំណត់ពេលរៀបការនៅខែវិច្ឆិកានេះ ដោយសារតែចាស់ទុំទាំងសងខាងមិនអាចចាំកូនៗតទៅទៀត ព្រោះពួកគាត់ចាស់ៗអស់ទៅហើយ អ៊ីចឹងចង់ឃើញកូនៗរៀបការឱ្យហើយ។ នាងថាក្រោយរៀបការរួច នាងនិងប្តីនៅតែបន្តអាជីពសិល្បៈធម្មតា តែត្រូវបង្កើតមុខរបរថ្មីឱ្យបានដូចជាការលក់ផលិតផលតាមអនឡាញ និងរកស៊ីផ្នែកអចលនទ្រព្យជាដើម។

ចំពោះរឿងថា ក្រោយរៀបការហើយនឹងអាចប្រឈមការធ្លាក់កូដឬយ៉ាងណានោះ វីសា ថា រឿងនោះប្រាកដជាអាចកើតមាន តែនាងនឹងរង់ចាំមើលសភាពជាក់ស្តែងសិន ព្រោះថាមិនអាចខ្លាចរឿងធ្លាក់កេរ្តិ៍ឈ្មោះ ហើយគេចរោងការរហូតបានទេ។

អតីតតារាចម្រៀង Rock រូបនេះថា ការចូលរោងការនៅពេលនេះរបស់នាង ក៏គួបផ្សំដោយសារនាងមានជីវភាពធូរធារជាងមុន ដូចជាមានផ្ទះនិងរថយន្តជិះតាមបំណងផងដែរ៕