Thursday, September 18, 2025
Homeតារាខ្មែរគង់ វង្សយ៉ាទី មិនហ៊ានដឹកដៃមន្ត្រីធំកូន៣ ចូលរោងការ

គង់ វង្សយ៉ាទី មិនហ៊ានដឹកដៃមន្ត្រីធំកូន៣ ចូលរោងការ

ស្រីស្រស់គង់ វង្សយ៉ាទី បានសារភាពថានាងមានគូស្នេហ៍ហើយ តែកំពុងស្វែងយល់ចិត្តគ្នាថែមទៀត ហេតុនេះហើយការចូលរោងការគឺនៅឆ្ងាយសន្លឹម។

ទោះជាយ៉ាងណា មានការលើកឡើងថា បើគង់ វង្សយ៉ាទី កំពុងមើលចិត្តថ្លើមគ្នាជាមួយមន្ត្រីធំកូន៣ ដូចការខ្សឹបខ្សៀវពីតារាសិល្បៈជាច្រើននោះ នាងមិនអាចអូសដៃលោកធំនោះក្រាបផ្ទឹមបានឡើយ…។

គង់ វង្សយ៉ាទី បានប្រាប់អ្នកកាសែតនៅថ្ងៃមង្គលការអាលីហ្សា ថា ពេលនេះនាងមិនទាន់ចង់រៀបការទេ ប៉ុន្តែនាងមានមនុស្សពិសេសហើយ គ្រាន់តែកំពុងស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់លាស់ជាមុនសិន អ៊ីចឹងមិនអាចកំណត់ពេលវេលារៀបការនៅពេលនេះបានទេ។

យ៉ាងណា គង់ វង្សយ៉ាទី មិនហ៊ានលាតត្រដាងថា ប្រុសដែលនាងកំពុងតែពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយនោះជាអ្នកណាឡើយ គឺនាងព្យាយាមលាក់មុខប្រុសស្នេហ៍ថែមទាំងមិនហ៊ានបណ្តើរអនាគតប្តីជាសារធាណៈដូចតារារួមអាជីពឡើយ។

ថ្វីត្បិតតែគង់ វង្សយ៉ាទី មិនបង្ហាញប្រុសស្នេហ៍ឱ្យគេបានស្គាល់ក្តី ប៉ុន្តែអ្នកសិល្បៈរួមអាជីពជាច្រើនបានដឹងទៅហើយថា ម្ចាស់បេះដូងរបស់ស្រីស្អាតរូបនេះជាអ្នកណា។

តារាដែលជិតស្និទ្ធគង់ វង្សយ៉ាទី បានបង្ហើបឱ្យដឹងថា ប្រុសដែលនាងថាកំពុងមើលចិត្តថ្លើមឱ្យបានច្បាស់លាស់សិន ទើបគិតគូររឿងរៀបការនោះជាមន្ត្រីធំដ៏មានឥទ្ធិពលម្នាក់ ហើយលោកមានប្រពន្ធនិងកូន៣ទៅហើយ។

ប្រភពនោះបានលើកជាចម្ងល់ថា តើយ៉ាទី សុំពេលមើលចិត្តសិនទើបរៀបការតាមក្រោយហ្នុង រៀបការម៉េចទៅ បើគាត់ហ្នុងកូន៣ហើយហ្នឹង?

ទោះជាយ៉ាងណា គេនៅតែមិនទាន់ច្បាស់ទេថា តើប្រុសមានអំណាចកូន៣នោះជាម្ចាស់បេះដូងរបស់យ៉ាទី ដែលនាងចង់រៀបការជាមួយឬយ៉ាងណា ខណៈដែលកន្លងមកយ៉ាទី ធ្លាប់សារភាពថា នាងមានបុរសជាច្រើនតាមស្នេហ៍ ប៉ុន្តែនាងប្រកែកថា បើមានឧកញ៉ាតាមស្រលាញ់ដូចការលេចឮមែន ម៉្លេះនាងមិនចាំបាច់ប្រឹងលេងសិល្បៈទេ គឺធ្វើជាជំទាវបាត់ទៅហើយ។

គង់ វង្សយ៉ាទី ស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើន ព្រោះពេលនេះ នាងគ្រាន់តែជិះរថយន្តទំនើប២គ្រឿងឆ្លាស់គ្នានោះ ត្រូវបានគេប្រមាណថា នាងចាយលុយជិតកន្លះលានដុល្លារទៅហើយ។ រថយន្តជាកម្មសិទ្ធិរបស់យ៉ាទី ដែលតារាផ្សេងៗពិបាកធ្វើបានដូចនាងនោះ គឺ Lexus LX 570 ស៊េរីថ្មី និង Porsche ដែលគេសង្ស័យថា នាងមានប្រុសស្នេហ៍ឧបត្ថម្ភទិញឱ្យ ប៉ុន្តែកន្លងមកស្រីស្រស់រូបនេះធ្លាប់វាចាថា នាងទិញបង់រំលស់ និងជួនកាលថា រថយន្ត Porsche នោះជារបស់ប្អូនស្រីនាងទៅវិញ។

ពិធីការិនី CTN រូបនេះថែមទាំងនិយាយថា នាងមិនឱ្យប្រុសណាចិញ្ចឹមនាងទេ គឺពេលនេះអាចរស់បានដោយខ្លួនឯង ព្រោះការងារពិធីការិនីរបស់នាងមានតម្លៃខ្លួនសមរម្យ ហើយក្នុង១ឆ្នាំៗ អាចរកប្រាក់រស់នៅដោយថ្លៃថ្នូរ ព្រោះនៅតាមខេត្តនាងស៊ីថ្លៃ៨០០ដុល្លារ ក្នុង១កម្មវិធី។

ដោយឡែក ទាក់ទងរឿងគេសង្ស័យថា យ៉ាទី មានគូស្នេហ៍ជាមន្ត្រីធំជួយឧបត្ថម្ភក្រោយខ្នងនោះ ម្តាយរបស់តារាសម្តែងនិងពិធីការិនីរូបនេះ អ្នកស្រីហាស់ សាវី ធ្លាប់លើកឡើងថា អ្នកស្រីហ៊ានស្បថប្រសិនបើកូនស្រីមានអ្នកធំណាចិញ្ចឹមមែន ព្រោះអ្នកស្រីសំអាងថា ទ្រព្យទាំងឡាយដែលកូនស្រីអ្នកស្រីមាន គឺបានមកពីកម្លាំងញើសឈាមផ្ទាល់ខ្លួនទាំងអស់។

មហាជនលើកឡើងថា តារាមានមន្តស្នេហ៍ដូចគង់ វង្សយ៉ាទី ដែលពេលនេះសូម្បីតែលោកធំម្នាក់ដែលមានកូនដល់ទៅ៣ហើយ ក៏មិនអាចទ្រាំនឹងសម្រស់របស់នាងនោះ តើស្រីស្អាតយ៉ាទី នឹងហ៊ានរៀបការជាមួយប្រុសនោះជាចំហ ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាម ឬមួយនៅបន្តស្នេហ៍លាក់បាំងតទៅទៀត?៕

RELATED ARTICLES