Thursday, September 18, 2025
Homeតារាខ្មែរសុីន យូប៊ីន ស្និទ្ធលោកម៉ារីអូ ប្រាប់អ្នកគាំទ្រកុំឲ្យច្រណែន

សុីន យូប៊ីន ស្និទ្ធលោកម៉ារីអូ ប្រាប់អ្នកគាំទ្រកុំឲ្យច្រណែន

តារាចម្រៀងងួន ចាន់ដេវីត, ក្រុមចម្រៀង Small world Small Band , លោកប៉ែន ចំរ៉ុង, អ៊ែត វីន, ខាត់ វ៉ៃហាំង, ឌីឌី, កញាជីមមី, ស៊ីន យូប៊ីន… និងតារាសម្ដែងជាច្រើនដួងទៀតបានប៉ះគ្នាជាមួយតារាសម្ដែងល្បីរបស់ថៃ លោក Mario Maurer កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅប្រ៊ីមៀរសេនធើ សែនសុខ ក្នុងកម្មវិធីខួបគម្រប់៤ឆ្នាំរបស់ទូរទស្សន៍ PNN ដែលជាជំនួបតារាឆ្នាំ២០១៩។

ក្រោយមានការច្រៀងសម្ដែងពីក្រុម Small World Small Band , ងួន  ចាន់ដេវីត ព្រមទាំងមានការសម្ដែងរបស់តារាចម្រៀងឌីឌី , ពិធីករលោកអែតវីន និងខាត់  វ៉ៃហាំង និងស្រីស្អាតស៊ីន យូប៊ីន នោះ តារាសម្ដែង Mario Maurer ក៏បានឡើងច្រៀង២បទ ហើយអ្នកគាំទ្រជាច្រើនចាប់ផ្ដើមអង្គុយមិនសុខ ដោយក្រោកឈរស្រែកហ៊ោស្វាគមន៍តារាល្បីរបស់ថៃនេះ លាន់ពេញឆាកតន្រ្ដីតែម្ដង។

លោកម៉ារីអូ រីករាយចិត្តខ្លាំងណាស់នៅពេលដែលឃើញមានអ្នកគាំទ្រជាច្រើនស្រលាញ់គាំទ្រលោក ហើយលោកថា បានមកកម្ពុជាជាលើកទី៣ហើយ។ ដើម្បីឲ្យមានភាពស្និទ្ធស្នាលរវាងលោក Mario Maurer និងអ្នកគាំទ្រ (Fan) កម្ពុជានោះ ក៏មានការលេងហ្គេមវិភាគពីចំណុចដែលយុវវ័យកម្ពុជា ស្រលាញ់ទៅលើដងខ្លួនរបស់លោកម៉ារីអូ ផងដែរ។

ដោយឡែក សម្រាប់តារាសម្ដែងដែលទៅទស្សនាការច្រៀងសម្ដែងរបស់លោកម៉ារីអូ វិញ មានដូចជាលោកលី ឧត្តម, អូន ឧស្សាហ៍, ចាន់ តារាទី, កែវ ស្រីនាង, ភិន សុដាលីស និងតារាជាច្រើនដួងទៀត។

តាមរយៈការនិយាយភាសាថៃដោយរលូននោះដែរ គេឃើញស្រីស្អាតស៊ីន យូប៊ីន បានបង្ហាញភាពស្និទ្ធស្នាលជាមួយលោក Mario Maurer ផងដែរ ហើយនាងនិយាយថា សូមកុំឲ្យ Fan ច្រណែននាងអី ព្រោះធ្វើម៉េចនាងមានសំណាងបានផ្ដោះផ្ដងជាមួយប្រុសស្អាតម៉ារីអូ ជាងគេនេះ ដោយសារម្ចាស់កម្មវិធីតម្រូវជ្រើសយកនាងជាពិធីការិនី។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរខួប៤ឆ្នាំ របស់ទូរទស្សន៍ PNN និងជាការបើកឱកាសឲ្យអ្នកគាំទ្រមានអារម្មណ៍រីករាយទទួលបានបទពិសោធន៍ថ្មីក្នុងវិស័យសិល្បៈ និងកម្សាន្ដ គឺការសម្ដែងរួមគ្នារវាងតារាកម្ពុជា និងតារាមកពីថៃ៕

RELATED ARTICLES