Thursday, September 18, 2025
Homeតារាខ្មែរពេជ្រ សោភា បានតែមួយប៉ុណ្ណោះ ក្នុងចំណោម៥

ពេជ្រ សោភា បានតែមួយប៉ុណ្ណោះ ក្នុងចំណោម៥

បើទោះជាពេជ្រ សោភា និងឱក សុគន្ធកញ្ញា មានបទពិសោធន៍ក្នុងសិល្បៈកេរ្តិ៍ឈ្មោះនិងតម្លៃខ្លួនប្រដមប្រសងគ្នាក្តី ប៉ុន្តែហង្សមាស បានញែកតារាទាំង២ដួងឱ្យខុសគ្នាដាច់ស្រឡះ។

ពេជ្រ សោភា ទទួលបានតំណែងជាគ្រូបង្វឹកតែមួយប៉ុណ្ណោះក្នុងចំណោមកម្មវិធីប្រលងចម្រៀងទាំង៥ ដែលហង្សមាស ទិញសិទ្ធិ (License) ពីរបរទេស ខណៈដែលឱក សុគន្ធកញ្ញា បានតំណែងដល់ទៅ៤ផ្សេងៗគ្នា។ ពេជ្រ សោភា ជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី The Voice Cambodia ហើយតំណែងនេះមានភាពស្រពេចស្រពេលសម្រាប់រដូវកាលក្រោយទៀតផង។ ខណៈដែលឱក សុគន្ធកញ្ញា វិញជាគណៈកម្មការនិងគ្រូបង្វឹកកម្មវិធីដូចជា The Voice Cambodia, The Voice kids Cambodia, Cambodian Idol និង X Factor Cambodia។

ចំណែកកម្មវិធីដែលហង្សមាស ទើបតែបញ្ចេញមួយទៀត គឺ Cambodian Idol Junior ត្រូវបានផលិតកម្មធំនេះមើលរំលងតំណែងពេជ្រ សោភា ក្នុងតំណែងគណៈកម្មការទៀតដែរ ដោយដាក់ជំនួសដោយសុខ ស្រីនាង វិញ។

ការមើលរំលងពីថ្នាក់ដឹកនៃក្រុមហ៊ុនហង្សមាស បែបនេះ ធ្វើឱ្យមានការស្រពិចស្រពិលកាន់តែខ្លាំងចំពោះអនាគតរបស់ពេជ្រ សោភា នៅហង្សមាស ខណៈដែលថ្មីៗនេះ ហង្សមាស ទើបទទួលយកពេជ្រ សូលីកា ចូលហង្សមាសជាលើកទី២ផងដែរ ទើបធ្វើឱ្យមានការលេចឮថា សោភា  មិនសប្បាយចិត្ត ព្រោះនាងកាន់តែពិបាកឈរជើងនៅហង្សមាស  ក្រោយពេលនាងបានផ្ញើខ្លួន១៥ឆ្នាំមក។

ក្នុងជំនួបកន្លងមក ពេជ្រ សោភា និយាយទាំងបើកចិត្តថា នាងគ្មានទោមនស្សចំពោះតារាណាបានតំណែងអីខ្លះ  និងតារាណាចេញឬចូលហង្សមាស នោះឡើយ  ព្រោះរវល់ពេកគ្មានពេលបានតាមដាន។

ពេជ្រ សោភា ថា តារាដែលបានធ្វើជាគណៈកម្មការឬគ្រូបង្វឹកក្នុងកម្មវិធីប្រលងចម្រៀងធំៗនោះ គឺជារឿងល្អ  ព្រោះពួកគេអាចទទួលបានបទពិសោធន៍ថ្មីនិងមានការអភិវឌ្ឍខ្លួនទៅទៀត។ ចំណែកតារាចម្រៀងចំណូលថ្មីៗរបស់ហង្សមាស វិញ គឺត្រូវតែមានអ្នកថ្មីមកជំនួសអ្នកចាស់ រលកក្រោយច្រានរលកមុនអ៊ីចឹងហើយ ព្រោះនាងក៏មិនអាចច្រៀងរហូតបានដែរ។

សោភា បញ្ជាក់ថា នាងមានការផ្លាស់ប្តូរជីវភាពតាមរយៈហង្សមាស ឬអាចនិយាយថា ហង្សមាស ជាផ្ទះទី២របស់នាង ហេតុនេះហើយបើមានផលិតកម្មផ្សេងខ្លាំងជាងហង្សមាស នាងឈឺចិត្តណាស់។ ប៉ុន្តែបើឃើញហង្សមាស ខ្លាំង មានតារាល្អៗចូលកាន់តែច្រើន​នាងសប្បាយចិត្តណាស់ ហើយអាជីពចម្រៀងនាងអាចនឹងចូលនិវត្តន៍ ឬបញ្ចប់អាជីពជាមួយហង្សមាស តែម្តង គឺមិនមានគម្រោងចូលទៅច្រៀងនៅផលិតកម្មណាផ្សេងទៀតទេ។

ថ្វីត្បិតតែពេជ្រ សោភា ថា ហង្សមាសជាម៉ែឪទី២របស់នាងមែន តែនៅពេលដែលសួរថា តើតំណែងជាគ្រូបង្វឹករបស់នាងក្នុងកម្មវិធី The Voice  Cambodia រដូវកាលក្រោយៗនៅរក្សាគង់អត់នោះ? សោភា និយាយហាក់ស្ទាក់ស្ទើរ តែនាងថា កុងត្រានាងជាមួយកម្មវិធីនោះនៅមិនទាន់អស់នៅឡើយទេ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ទោះជាពេជ្រ សោភា  និងឱក សុគន្ធកញ្ញា  សុទ្ធតែជាតារាជើងខ្លាំងនៅហង្សមាស ដូចគ្នាក្តី តែបើនិយាយពីឥទ្ធិពលឬអំណាចវិញ ពេលនេះពួកគេមិនអាចប្រៀបធៀបជាមួយគ្នាបានជាដាច់ខាត។

ចំពោះមូលហេតុវិញដោយសារតែពេលនេះ ពេជ្រ សោភា គ្រាន់តែជាតារាចម្រៀងធម្មតាដែលច្រៀងនៅហង្សមាស ដោយគ្មា កុងត្រា។ ចំណែកសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយមានប្តីលោកអ៊ឹង សុខលី ជាអ្នកបញ្ជាលើទូរទស្សន៍ហង្សមាស ទាំងមូលទៀតផង តើរឿងអីដែល សុគន្ធកញ្ញា ត្រូវនៅក្រោមគេ?៕

RELATED ARTICLES