អាចចាត់ទុកជាបទពិសោធន៍មួយសម្រាប់យុវវ័យទាំងឡាយ ដែលពេលនេះ Dj ឃ្លាំង ដែលដកខ្លួនពីសិល្បៈមួយរយៈធំនោះបានអះអាងថា ជីវិតលោកកាលនៅមិនទាន់មានប្រពន្ធនិងមានប្រពន្ធ គឺខុសគ្នាដាច់ស្រឡះតែម្តង ព្រោះពេលនេះលោកសល់លុយកាក់ច្រើនជាងមុន ក្រោយបានភរិយាថ្មីនៅក្រុងព្រះសីហនុ មក។

Dj ឃ្លាំង ដែលទទួលបានចំណងដៃកូនប្រុសម្នាក់អាយុជាង3ឆ្នាំ ហើយរស់នៅកំពង់សោមនោះ បានថ្លែងថា “កាលខ្ញុំនៅមិនទាន់បានជួបគាត់ (ប្រពន្ធ) ពេលហ្នុងខ្ញុំរកលុយបានច្រើនដែរ គឺច្រៀងម្តងៗ ជួនកាលរាប់ពាន់ដុល្លារ។ តែនៅម្នាក់ឯងអត់សល់លុយកាក់ទេ។ ជាបទពិសោធន៍ខ្ញុំក្រោយ រៀបការជាមួយគាត់មក ជីវិតយើងមានការផ្លាស់ប្តូរបានប្រពន្ធចេះទុកដាក់លុយកាក់ យើងសល់លុយជាងមុន។ ខ្ញុំចង់និយាយថា ការរស់នៅម្នាក់ឯងខុសគ្នាពេលមានប្រពន្ធឆ្ងាយណាស់ ព្រោះជីវិតយើងស្រួលជាងមុន ហើយលុយកាក់ក៏សល់ជាងមុនដែរ”។

ក្រោយរៀបការភរិយាថ្មី Dj ឃ្លាំង បានដកខ្លួនពីអាជីពជាអ្នកចម្រៀងរ៉េបមួយរយៈធំ ដោយលោកសម្ងំរស់នៅជាមួយភរិយានិងកូននៅក្រុងព្រះសីហនុ។ ប៉ុន្តែដោយសារមិនដាច់អាល័យពីអាជីពសិល្បៈ ទើបមុននេះ Dj ឃ្លាំង បានវិលមករកអាជីពចាស់វិញតាមរយខ្ញុំកាៈរចាប់ដៃជាមួយមួយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស ងួន ចាន់ដេវីត ហើយអតីតសង្សារអ្នកនាងយុគ ចិន្តា រូបនេះ គ្មានបំណងទៅរស់នៅអាមេរិក វិញឡើយ។

Dj ឃ្លាំង បន្ថែមថា “យើងបានធ្វើបទចម្រៀងបានចេញខ្លះៗ និងត្រៀមចេញថែមទៀត។ ប៉ុន្តែខ្ញុំគ្មានគម្រោងឡើងឆាកប៉ុស្តិ៍ទូរទស្សន៍ដូចមុនទេ ព្រោះខ្ញុំជាប់រវល់ច្រើន។ និយាយទៅខ្ញុំមិនប្រឡូកសិល្បៈពេញទំហឹងដូចមុនទេ ព្រោះយើងមានគ្រួសារហើយ។ ខ្ញុំចុះឡើងៗទៅអាមេរិកអីចឹង ព្រោះខ្ញុំមានសញ្ជាតិអាមេរិក រស់នៅរដ្ឋ Kentucky ស្តាយ យើងបានសញ្ជាតិហើយ។ តាមពិតខ្ញុំអាចធានាប្រពន្ធកូនខ្ញុំទៅរស់នៅអាមេរិក បានតែចិត្តខ្ញុំចង់នៅស្រុកខ្មែរជាង គឺបេះដូងយើងនៅខ្មែរ 90%ទៅហើយ គ្រាន់តែខ្ញុំចុះឡើងទៅអាមេរិក អាច3ខែម្តង ដោយសារទៅលេងកូនស្រីខ្ញុំនៅទីនោះ ឥឡូវមានវ័យ 18ឆ្នាំទៅហើយ”៕

