តារាចម្រៀងឱក សុគន្ធកញ្ញា ហាក់លែងអើពើក្នុងការថែរាងទៀតហើយ អំឡុងពេលដែលនាងពពោះ៣ខែនេះ ត្រូវបានអ្នកសិល្បៈរួមអាជីពតែងហៅនាងថា “ម៉ាប់ Cute” ដែលធ្វើឱ្យប្អូនថ្លៃលោកថៅកែហង្សមាស រូបនេះ សើចឱ្យក្អាកក្អាយតែម្តង។

យ៉ាងណា សុគន្ធកញ្ញា នៅតែមិនទាន់ប្រាប់រឿងនាងមានកូនប្រុសឬស្រីនោះទេ ខណៈដែលពេលជួបមិត្តម្តង នាងនិយាយថា ចង់បានកូនប្រុស ម្តងថា ចង់បានកូនស្រីទៅវិញ គឺហាក់មានអារម្មណ៍ច្របូកច្របល់ក្នុងចិត្តនៅឡើយ។ ប៉ុន្តែមិត្តភក្តិ នាងសុទ្ធតែជំរុញឱ្យតារារូបនេះគិតពីការថែរក្សារាងរៅខ្លះៗផង កុំអាងតែមានផ្ទៃពោះ ឡើងគីឡូកាន់តែប្លែកទៅៗបែបនេះ តែសុគន្ធកញ្ញា ហាក់មិនចាប់អារម្មណ៍ការរិះគន់រឿងសម្រស់នាងមានការប្រែប្រួលស្ទើរមិនគួរឱ្យជឿនៅពេលនេះឡើយ គឺនាងផ្តោតតែមួយមុខគត់ គឺប្រឹងញ៉ាំអាហារណាដែលបំប៉នដល់សុខភាពកូនក្នុងផ្ទៃរបស់នាង។

ថ្វីត្បិតតែពេលនេះ ឱក សុគន្ធកញ្ញា មានប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ហើយបងថ្លៃរបស់នាងជាថៅកែផលិតកម្មក៏ដោយ ប៉ុន្តែនាងនៅតែបន្តអាជីពសិល្បៈទាំងពោះធំ។ សុគន្ធកញ្ញា នៅតែចេញមុខជាគណៈកម្មការ X Factor Cambodia សម្រាប់រដូវកាលទី១ ដែលមានប្តីលោកអ៊ឹង សុខលី ជាអ្នកគ្រប់គ្រង។

ដោយឡែក នៅតាមបណ្តាកម្មវិធីប្រគំតន្ត្រីមួយចំនួនដែលបានកក់ជាច្រើនខែមកហើយនោះ សុគន្ធកញ្ញា នៅតែបន្តច្រៀង ប៉ុន្តែនាងលែងហ៊ានរាំសាហាវៗទៀតហើយ គឺរាំមួយៗ ព្រោះខ្លាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

ប្រភពបានឱ្យដឹងថា ស្វាមីតារាចម្រៀងសុគន្ធកញ្ញា គឺលោកអ៊ឹង សុខលី កាន់តែស្រលាញ់ថ្នាក់ថ្នមនាងថែមទៀត ពេលដែលមានកូនដំបូងនេះ។ ចំណែកអ្នកស្រីអ៊ិន ថាច ដែលជាម្តាយរបស់សុគន្ធកញ្ញា នោះកាន់តែអន្ទះសាចង់ឃើញមុខចៅខ្លាំងណាស់ ហើយអ្នកស្រីជំរុញឱ្យ តែសុគន្ធកញ្ញា ប្រឹងថែរក្សាសុខភាពគភ៌ក្នុងផ្ទៃច្រើនជាងច្រៀងរាំ៕

