Thursday, September 18, 2025
Homeតារាខ្មែរឡាយ លក្ខិណា មិនចង់អត្ថាធិប្បាយជំនួសអាឡិច ចាន់ត្រា រឿងមិនបានចេញទៅកាណាដា

ឡាយ លក្ខិណា មិនចង់អត្ថាធិប្បាយជំនួសអាឡិច ចាន់ត្រា រឿងមិនបានចេញទៅកាណាដា

អ្នកនាងឡាយ លក្ខិណា មានគម្រោងធំក្នុងការចាប់ដៃជាមួយលោកអាឡិច ចាន់ត្រា ច្រៀងសម្តែងនៅប្រទេសកាណាដា នៅអំឡុងខែតុលានេះ ខណៈដែលអ្នកនាងលក្ខិណា បានហោះចេញពីស្រុកខ្មែរ កាលពីយប់ថ្ងៃទី១៣ ខែសីហា តែម្នាក់ឯងទៅហើយ។

ប្រភពបានឱ្យដឹងថា គម្រោងច្រៀងសម្តែងនៅកាណាដា រួមគ្នារវាងអ្នកនាងឡាយ លក្ខិណា និងលោកអាឡិច ចាន់ត្រា ត្រូវបានបរាជ័យទៅហើយ ព្រោះថាអាឡិច អាក់ខានក្នុងការចេញទៅតាមការកំណត់។

អ្នកនាងឡាយ លក្ខិណា និយាយហាក់ស្ទាក់ស្ទើរចំពោះរឿងនេះ ដោយបង្វិលសំណួរឱ្យសួរទៅលោកអាឡិច ចាន់ត្រា ព្រោះអ្នកនាងមិនចង់ធ្វើអត្ថាធិប្បាយជំនួសឡើយ។

លក្ខិណា បញ្ជាក់ថា “អូ! រឿងខ្ញុំនិងលោកអាឡិច ចាន់ត្រា គ្រោងច្រៀងសម្តែងរួមគ្នានៅកាណាដា ហ្នឹង មិនច្បាស់លាស់មែន តែខ្ញុំមិនចង់និយាយចេញពីមាត់ខ្ញុំទេ គឺចង់ឱ្យអ្នកកាសែតទៅសួរគាត់វិញបានច្បាស់។ ប៉ុន្តែគម្រោងខ្ញុំច្រៀងសម្តែងនៅកាណាដា ហ្នឹង គឺនៅដដែលទេ នៅអំឡុងខែតុលា ខាងមុខនេះ”។

ដោយឡែកតាមរយៈហ្វេសប៊ុក លោកអាឡិច ចាន់ត្រា បានបង្ហាញថា ពេលនេះលោកកំពុងមានទុក្ខជាទម្ងន់ ព្រោះត្រូវម្តាយឈឺធ្ងន់តម្រូវឱ្យព្យាបាលជាបន្ទាន់ ហេតុនេះហើយលោកបានលុបចោលការច្រៀងសម្តែងមួយចំនួនទៅហើយ។

អ្នកនាងឡាយ លក្ខិណា បានឱ្យដឹងថា ក្រៅពីត្រៀមច្រៀងសម្តែងម្នាក់ឯងនៅកាណាដា លើកនេះនាងនឹងច្រៀងជាមួយតារាចម្រៀងដៃគូឆ្លងឆ្លើយជាមួយតារាចម្រៀងដែលមាននៅកាណាដា ស្រាប់តែម្តង។

តារាដែលបាត់ខ្លួន១២ឆ្នាំ ទើបវិលវិញកាលពីឆ្នាំ២០១៦នេះ បានឱ្យដឹងថា បើទោះជាបានឬមិនបានច្រៀងឆ្លងឆ្លើយជាមួយលោកអាឡិច ចាន់ត្រា ក៏ដោយ តែអ្នកនាងនឹងវិលមកស្រុកវិញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ៕

RELATED ARTICLES