តារាចម្រៀងសោភា ទេពី បានឡើងកាលីពជិះរថយន្តទំនើប Lexus NX200t ពណ៌សយ៉ាងថ្មីសន្លាង ដែលធ្វើឱ្យតារាចម្រៀងរូបនេះកាន់តែឡើងកាលីពថែមទៀត ខណៈដែលមុននេះនាងមានតែឡាន Highlander តែប៉ុណ្ណោះ។

ការលេងឡានថ្មីរបស់សោភា ទេពី នៅពេលនេះ ស្របពេលដែលមានការសង្ស័យពីអ្នកលេងបណ្តាញសង្គមថា ស្រីស្រស់ដែលចូលចិត្តច្រៀងសំនៀងខ្លាំងនិងក្បាច់រាំដូចប្រុសរូបនេះ មានប្រុសស្នេហ៍ជួយឧបត្ថម្ភទិញឡានថ្មីនេះឱ្យដើម្បីចងបេះដូង។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ សោភា ទេពី ថា នាងគ្មានប្រុសណាចិញ្ចឹមឬជួយឧបត្ថម្ភទិញឡានឱ្យនាងឡើយ គឺការប្តូរឡានថ្មីនេះដោយសារតែនាងស្រលាញ់ឡាននេះជាយូរមកហើយ ឥឡូវបំណងទើបបានសម្រេច។

ទេពី និយាយមិនបង្អង់ថា “មានប្រុសណាចិញ្ចឹមឧបត្ថម្ភយើងទៅបង? ឡានថ្មីហ្នឹងតម្លៃជាង៦ម៉ឺនដុល្លារ លុយខ្ញុំពាក់កណ្តាល លុយម៉ាក់ពាក់កណ្តាលតើ ! ពីមុនខ្ញុំជិះ Highlander មែន តែឥឡូវលក់មកជិះអានេះវិញ ព្រោះស្រលាញ់។ ប៉ុន្តែខ្ញុំនៅមានឡាន១គ្រឿងទៀត ម៉ាក Tundra សម្រាប់ជិះទៅតាមខេត្ត”។

សោភា ទេពី អតីតបេក្ខភាព Cambodian idol រដូវកាលទី៣ តែបានបរាជ័យលើកពាន ព្រោះមិនអាចយកឈ្នះគ្រី ថៃពៅ ទើបធ្វើឱ្យពេលនេះ ទេវី គ្មានទ្រនំជ្រកឡើយ ក្រោយពេលផលិតកម្មរស្មីហង្សមាស មិនបានផ្តល់សញ្ញាភ្លើងខៀវទទួលយកនាងជាសមាជិករបស់ខ្លួន។

យ៉ាងណា ទេពី បានរក្សាគោលការណ៍ធ្វើបទចម្រៀងដោយខ្លួនឯងដោយចំណាយលុយផ្ទាល់ខ្លួន ហើយពេលនេះនាងថាត្រៀមចេញបទចម្រៀងមួយចំនួន Cover បទមរតកដើមឡើងវិញនៅអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សោភា ទេពី បន្ថែមថា “ខ្ញុំអត់ទាន់មានផលិតកម្មច្រៀងទេ។ ខ្ញុំនៅតែធ្វើបទចម្រៀងខ្លួនឯងអ៊ីចឹង តែបើមានផលិតកម្មណាទាក់ទងមកហើយ មើលគេមានកក្រុមការងារល្អដែរ ខ្ញុំនឹងចូលគឺយើងមើលទៅតាមពេលវេលាសិន”។

ជាមួយការឡើងគីឡូបន្តិច ហើយរាសីឡើងជិះឡាន១គ្រឿងតម្លៃស្មើផ្ទះ១ល្វែងនេះ ទេពី តែងអះអាងថា នាងមិនទាន់មានប្រុសស្នេហ៍បណ្តូលចិត្តឡើយ ព្រោះឆ្នាំនេះទើបពេញក្រមុំ អាយុទើប១៧ឆ្នាំ៕
