Thursday, September 18, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ប្រឹងរកលុយទាំងពោះធំ

ឱក សុគន្ធកញ្ញា ប្រឹងរកលុយទាំងពោះធំ

តារាចម្រៀងឱក សុគន្ធកញ្ញា កាន់តែមានផ្ទៃពោះរីកធំៗទៅហើយ ទើបធ្វើឱ្យប្អូនថ្លៃលោកថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន រូបនេះ រំខានដល់អាជីពចម្រៀង ព្រោះមិនអាចច្រៀងរាំកញ្ជ្រោកលើឆាកតន្ត្រីជាមួយក្បាច់រាំខ្លាំងៗដូចមុនទៀតទេ។

ប៉ុន្តែអំឡុងពេលដែលពពោះជាង៣ខែនេះ សុគន្ធកញ្ញា បែរជានៅតែត្រូវប៉ាន់អាចរកលុយបានពីការថតស្ពតឃោសនា ឱ្យបណ្តាក្រុមហ៊ុនទាំងឡាយដែលនិយាយអំពីអត្ថប្រយោជន៍របស់ទឹកដោះគោបំបៅទារកទៅវិញ។

សុគន្ធកញ្ញា បានប្រឹងថតស្ពតទឹកដោះគោ កាលពីថ្ងៃទី២៧ ខែសីហា ដោយមានអ្នកគាំទ្រនាងបានសរសើរថា ពោះធំហើយនៅតែស្អាត និងខ្លះទៀតថា ហេតុតែជាតារាល្បី ទោះពោះធំក៏នៅតែរកលុយបានដែរ។

មិនមែនតែឱក សុគន្ធកញ្ញា ម្នាក់ទេ ដែលត្រូវប៉ាន់ខាងស្ពត នៅពេលដែលនាងពោះធំនេះ ប៉ុន្តែប្តីរបស់នាង លោកអ៊ឹង សុខលី ក៏ត្រូវបានគេហៅឱ្យឃោសនាស្ពតផ្គួបជាមួយសុគន្ធកញ្ញា ដែរ ដូចជាថ្មីនេះ ប្តីប្រពន្ធមួយគូនេះចេញមុខរកលុយរួមគ្នាតាមរយៈការឡង់សេឱ្យម៉ាកខោអាវ និងនាឡិកា ផងដែរ។

តារាសិល្បៈជាច្រើនបាននិយាយថា ទោះជាពេលនេះ សុគន្ធកញ្ញា មិនអាចចេញច្រៀងតាមខេត្តឆ្ងាយៗដូចមុនក្តី ប៉ុន្តែប្អូនថ្លៃលោកថៅកែហង្សមាស នេះ នៅតែរកលុយបានពីការមានផ្ទៃពោះនេះ ដោយសារតែក្រុមហ៊ុនជាច្រើនទាក់ទងទឹកដោះទារក ដណ្តើមគ្នាឱ្យសុគន្ធកញ្ញា ធ្វើជាទូតសុច្ឆន្ទៈ (Ambassador) ឱ្យពួកគេ។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយក្រោយរៀបការហើយភ្លាមៗ សុគន្ធកញ្ញា បានដឹកដៃស្វាមីទៅក្រេបទឹកឃ្មុំ រហូតដល់ទៅ៩ប្រទេស៕

RELATED ARTICLES