Thursday, September 18, 2025
Homeតារាខ្មែរអេដា ច្រៀងអបអរក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ យកថវិកាជួយពេទ្យគន្ធបុប្ផា

អេដា ច្រៀងអបអរក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ យកថវិកាជួយពេទ្យគន្ធបុប្ផា

ម្ចាស់បទ ”ពីរនាក់បានហើយ” អេដា និងម្ចាស់បទ ”អាក្របី” ក្រុមចម្រៀង Mustache Band និងតារាចម្រៀងល្បីៗរបស់ថៃ មួយចំនួនទៀត បានលេចមុខក្នុងកម្មវិធី ”ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌” នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​នៅចំពោះមុខទស្សនិកជនជាច្រើនពាន់នាក់ បើទោះជាអាកាសធាតុមិនអំណោយផល ដោយសារមានភ្លៀងធ្លាក់ក្ដី ប៉ុន្តែអេដា និងតារាចម្រៀងទាំងអស់បានច្រៀងសម្ដែង ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត តាមរយៈការលើកយកបទចម្រៀងល្បីៗរបស់ពួកគេមកបកស្រាយ។

អេដា ក៏ដូចជាតារាចម្រៀងទាំងអស់ដែលចូលរួមព្រឹត្តិការណ៍នោះ បាននិយាយថា ពួកគេពេញចិត្តក្នុងការច្រៀង សម្ដែង ដើម្បីប្រមូលថវិកាជួយដល់មន្ទីពេទ្យគន្ធបុប្ផា ហើយកម្មវិធីនេះរឹតតែធ្វើឲ្យចំណងមិត្តភាពរវាងថៃនិងខ្មែរ​កាន់តែស្អិតល្មូតថែមទៀត។

ទាំងអេដា និងម្ចាស់បទ ”អាក្របី” រួមទាំងតារាថៃ ផងដែរ សុទ្ធតែពេញចិត្តចំពោះលទ្ធផលពីការប្រកួតនោះ គឺគូទី១៖ ក្រុមបាល់ទាល់បឹងកេត បានយកឈ្នះក្រុមមហាហង្ស All Star Fc ដោយលទ្ធផល៣ទល់២។ ចំណែកគូទី២៖ Cambodia Super Star Fc យកឈ្នះក្រុម Thai Super Star ដោយលទ្ធផល៥ទល់៤។

អ្នករៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ បានឲ្យដឹងថា កម្មវិធីនេះផ្ដួចផ្ដើមឡើងដោយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិតទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហាកាយ ហើយចូលរួមសហការរៀបចំដោយកក្រុមហ៊ុនចំនួន៣ គឺ អអេហ្វ ៣វើលដ៍ កម្ពុជា , ក្រុមហ៊ុនមហាហង្ស និងក្រុមហ៊ុន អលដេតវ័ន ខូអិលធីឌី រួមទាំងសហការជាមួយក្រុមហ៊ុនមួយចំនួនទៀត ។ ហើយគោលបំណងធំ គឺដើម្បីប្រមូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការជំនួយដើម្បីសង្គ្រោះកុមារកម្ពុជា។ កម្មវិធីនេះក៏មានការចូលរួមពីគណៈធិបតីឯកឧត្តមសោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រគល់ពានជើងឯកជូនដល់កីឡាករដែលទទួលបានជ័យជន្នះផងដែរ។

ចំណែកការប្រគំតន្ត្រីវិញ គេឃើញក្រៅពីច្រៀងបទចម្រៀងទោលរៀងៗខ្លួននោះ អេដា និងម្ចាស់បទ ”អាក្របី” ក៏បានចាប់ដៃគ្នាឡើងលើឆាកផងដែរ ហើយទាំងសងខាងសុទ្ធតែបង្ហាញអារម្មណ៍រីករាយចំពោះការមាន​ឱកាសច្រៀងឆ្លងឆ្លើយគ្នានេះដែរ ហើយពួកគេថា នឹងចូលរួមសកម្មភាពសប្បុរសធម៌ក្រោយៗទៀត៕

RELATED ARTICLES