តារាចម្រៀងជើងថ្មីរបស់ផលិតកម្មថោន កញ្ញាបេប៊ី បានប្រកាសលក់ផ្ទះល្វែងមួយជុងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាច្រើនខែមកហើយ តែមិនទាន់លក់ដាច់ឡើយ។ ថ្មីៗនេះ បេប៊ី បានផ្សព្វផ្សាយពីការពន្លឿនលក់ផ្ទះនោះឱ្យឆាប់ៗដាច់ថែមទៀត ហើយអ្វីដែលប្លែកនោះ ស្រីស្អាតរូបនេះបែរជាអង្វរឱ្យអតិថិជនឆាប់មកទិញផ្ទះរបស់នាងទៀតផង ដែលមើលទៅហាក់ដូចជាកំពុងត្រូវការលុយនោះខ្លាំងណាស់។
ដោយឡែក ម្តាយរបស់បេប៊ី អ្នកស្រីប៊ុន ណារី បានភ្ជាប់សារជាមួយកូនស្រី ដែលប្រកូកប្រកាសរឿងលក់ផ្ទះនោះថា “ដាច់បាយហើយ”។
ការថ្លែងសារបែបនេះធ្វើឱ្យតារារួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកខ្លះសង្ស័យថា បេប៊ី កំពុងជួបវិបត្តិសេដ្ឋកិច្ច និងខ្លះទៀតថា នាងចូលថោន ភ្លាមធ្លាក់ខ្លួនភ្លាម។
ប៉ុន្តែយ៉ាងណា សាររបស់បេប៊ី និងម្តាយ នៅពេលនេះអាចជាការសម្តែងច្រើនជាងការពិត ព្រោះទោះជាអន្ទះសាត្រូវការលុយយ៉ាងណា ក៏មិនដល់ថ្នាក់ដាច់បាយដែរ។
ដោយឡែក តារាដែលជិតស្និទ្ធបេប៊ី បានបង្ហើបឱ្យដឹងថា បេប៊ី ប្រញាប់លក់ផ្ទះបន្ទាន់បែបនេះដោយសារតែនាងត្រូវយកលុយទៅបង្គ្រប់ការទិញវីឡាស្កឹមស្កៃ មិនមែនលក់ផ្ទះហើយទៅរស់នៅផ្ទះជួលទេ។
អ្នកស្រីប៊ុន ណារី ម្តាយរបស់បេប៊ី ធ្លាប់និយាយប្រាប់អ្នកយកព័ត៌មានយើងថា ការដាក់លក់ផ្ទះចាស់នោះ គឺតម្លៃជាង៧ម៉ឺនដុល្លារ ហើយផ្ទះនោះបើលក់ដាច់ក៏ដាច់ទៅ បើមិនដាច់ក៏នៅទៅ មិនប្រញាប់យកលុយទៅណាទេ។
ប៉ុន្តែការអះអាងបែបនេះ គឺផ្ទុយនិងពេលនេះ ដែលទាំងបេប៊ី និងម្តាយ សុទ្ធតែអង្វរភ្ញៀវឱ្យមកទិញផ្ទះនោះជាបន្ទាន់ ដោយថែមទាំងអង្វរទៀតផង៕




