តារាចម្រៀងខេមរៈ សិរីមន្ត នៅតែអាឡោះអាល័យប្អូនស្រីពៅរបស់ខ្លួន កញ្ញាខេមរៈ ស្រីពៅ ដែលបានលាចាកលោកកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នោះ ដោយតារាចម្រៀងរូបនេះបានធ្វើបុណ្យសពឱ្យប្អូនស្រីផ្អើលពេញផ្ទៃប្រទេសនិងបានកាន់ទុក្ខស្រីពៅ ចំនួន១០០ថ្ងៃ ហើយធ្វើបុណ្យគម្រប់១០០ថ្ងៃ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ទៀតផង។

ប៉ុន្តែទាំងការកាន់ទុក្ខនិងធ្វើបុណ្យទាំងឡាយនោះ នៅតែមិនទាន់ស្ងប់ចិត្តសម្រាប់លោកសិរីមន្ត ឡើយចំពោះការបាត់បង់ប្អូនស្រីជាទីស្រលាញ់គ្មានថ្ងៃត្រឡប់នេះ ទើបថ្មីៗនេះ សិរីមន្ត បានឱ្យជាងចម្លាក់សង់រូបសំណាកឱ្យស្រីពៅ សម្រាប់ដាក់តាំងនៅហាងទឹកអប់របស់ខ្លួនទៀតផង។

ខេមរៈ សិរីមន្ត ដែលមានឈ្មោះដើមថា ខេម ប៊ុនថៃ នោះបានថ្លែងសារថា “រូបសំណាកខេមរៈ ស្រីពៅ ប្អូនស្រីសំណព្វចិត្តខ្ញុំ និងប៉ាម៉ែ រួមទាំងបងប្អូនទាំងអស់គ្នាពេលនេះរួចរាល់ហើយ ថ្វីត្បិតតែប្អូនខ្ញុំមិននៅតែកេរ្តិ៍ឈ្មោះ កិត្តិយស ក្តីស្រលាញ់ ពីបងនិងប៉ាម៉ែបងប្អូនយើង រួមទាំងបងប្អូនពូមីង ដែលគាត់ស្រលាញ់គាំទ្រប្អូនស្រី គឺនៅឋិតថេរជារៀងរហូត។ សូមប្អូនបានទៅដល់ឋានសួគ៌”។

តាមព័ត៌មានថា ខេមរៈ សិរីមន្ត ក្រៅពីសង់រូបសំណាកឱ្យប្អូនស្រីខេមរៈ ស្រីពៅ ហើយអតីតតារាចម្រៀងសាន់ដេ រូបនេះ ក៏គ្រោងចេញជាបទចម្រៀង និងខ្សែរឿងទាក់ទងជីវិតប្អូនស្រីរបស់ខ្លួនផងដែរ ហើយសកម្មភាពទាំងអស់នេះលោកសិរីមន្ត ធ្វើឡើងក្នុងគោលបំណងតែមួយគត់គឺដើម្បីឧទ្ទិសមគ្គផលជូនស្រីពៅ ដែលបានលាចាកលោកទៅហើយ ឱ្យនាងទៅដល់ឋានសុខ។

ថ្មីៗនេះដែរ ខេមរៈ សិរីមន្ត ក៏បានបណ្តើរភរិយាកូន៣ អ្នកនាងកុយ ផល្លី ទៅដាក់បិណ្ឌវត្តសំរោងអណ្តែត ផងដែរ ហើយលោកនិងប្រពន្ធក៏បានបួងសួងសូមឱ្យប្អូនស្រីរបស់ខ្លួនទៅដល់ឋានសួគ៌ ខណៈដែលកាលពិធីបុណ្យ១០០ថ្ងៃនោះ សិរីមន្ត បានប្រាប់ភ្ញៀវថា លោកបានយល់សពឃើញស្រីពៅ ទៅដល់ឋានសួគ៌ហើយ៕
