ក្នុងចំណោមតារាខ្មែរ គឺមានតែអ្នកនាងឈួន សុវណ្ណឆៃ ដែលជាថៅកែចិញ្ចឹមជ្រូកទេ ដែលធ្លាប់ធ្វើឱ្យគេភ្ញាក់ផ្អើលតាមរយៈអ្នកនាងពាក់មាសក្រហមឆ្អិនឆ្អៅស្រោចខ្លួន ដូចជា ខ្សែក, ខ្សែដៃ, ខ្សែក្រវាត់ និងកាបូបយួរ ជាដើម គឺធ្វើពីមាសទាំងអស់ ដែលសរុបគឺច្រើនតម្លឹងណាស់ និងមានតម្លៃដល់ទៅរាប់ម៉ឺនដុល្លារ នៅពេលដែលនាងបង្ហាញខ្លួនម្តងៗ។

ប៉ុន្តែពេលនេះ សុវណ្ណឆៃ មានគូប្រជែងរឿងពាក់មាសរាប់តម្លឹងនេះហើយ នោះគឺតារាសម្តែងដើមទ្រូងទ្រលុកទ្រលន់ ដេនីក្វាន់ ដែលធ្លាប់ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កោះហៅទៅដុសក្អែលព្រមានរឿងធ្លាប់ស្លៀកពាក់សិចស៊ីជ្រុលពេកនោះ។

ដេនីក្វាន់ មិនបានលេងខ្លួននូវសម្ភារៈតាមខ្លួនធ្វើពីមាសសុទ្ធដូចសុវណ្ណឆៃ នោះទេ ប៉ុន្តែនាងលេងខ្សែកធ្វើពីមាសក្រហមឆ្អិនឆ្អៅ និងមានទំហំធំស្ទើរលុបកបាត់ ព្រោះទម្ងន់រាប់តម្លឹងដែលគ្មានអ្នកណាហ៊ានធ្វើតាមនាងឡើយ។

ក្រៅពីខ្សែកនោះ ដេនីក្វាន់ ក៏ពាក់ខ្សែដៃ និងចិញ្ចៀន ក្រវិល គឺសុទ្ធតែធ្វើពីមាសសុទ្ធក្រហមចាំងភ្នែកតែម្តង នៅពេលដែលនាងទៅភ្ជុំបិណ្ឌនៅវត្តមួយកាលពីពេលថ្មីៗនេះ។ ប៉ុន្តែតារាដែលត្រូវបានគេស្គាល់តាមរយៈការលេងខ្លួនសិចស៊ី និងមានប្តីជាថៅកែលក់ឡានរូបនេះ ហាក់មិនសប្បាយចិត្តឡើយ នៅពេលដែលថ្មីៗនេះ មានអ្នកនាងចន ច័ន្ទលក្ខិណា និងមនុស្សមួយចំនួនទៀតបានរិះគន់ថា នាងមិនគួរសម្ញែងពាក់មាសស្ទើរតែបាក់កទៅវត្តបែបនេះឡើយ ព្រោះសកម្មភាពបែបនេះហាក់ចង់បង្ហាញឱ្យគេដឹងថា នាងជាអ្នកមានជ្រុលពេក។

តាមរយៈការលេងខ្លួនជាមួយឈុតគ្រឿងអលង្ការមាសទាំងផ្ទាំងនៅលើកបែបនេះ បញ្ជាក់ថា ជីវភាពរបស់ដេនីក្វាន់ នៅពេលនេះ មិនចាញ់សេដ្ឋិនីនោះទេ ហើយគេជឿថា ពេលនេះគូស្នេហ៍របស់តារាសិចស៊ីហ៊ានផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ បើទោះជានាងចង់ស្លៀកពាក់ជាខោអាវច្នៃពីមាសសុទ្ធ ក៏មិនពិបាកសម្រាប់នាងឡើយ។

ដោយឡែក តារាចម្រៀងឈួន សុវណ្ណឆៃ វិញ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងពាក់មាសច្រើនពេញខ្លួនទៅចូលរួមកម្មវិធី ព្រោះនាងស្រលាញ់និងការកែច្នៃគ្រឿងអលង្ការដែលធ្វើពីមាសខ្លាំងជាងគ្រឿងប្លាទីនឬពេជ្រ។

ចំណែកដេនីក្វាន់ មិនអាចទាក់ទងដើម្បីឱ្យនាងបំភ្លឺរឿងនាងពាក់មាសស្រោចខ្លួនទៅវត្តនោះបានឡើយ៕