រឿងស្នេហារបស់ស៊ឹម សូលិកា ពេលនេះកំពុងតែមានសេចក្តីសុខខ្លាំងណាស់ជាមួយប្តីថ្មី គឺលោកអេង រិទ្ធី ក្រោយពីពួកគេរៀបការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ 2019 ដោយមានតារារាប់រយនាក់ចូលរួមអបអរសាទរនោះ ពេលនេះ សូលិកា-រិទ្ធី បានក្លាយទៅជាប្តីប្រពន្ធគ្នាស្របច្បាប់ទៅហើយ។

សូលិកា បានដឹកដៃស្វាមីថ្មីទៅដើរកម្សាន្តភ្ជាប់ជាមួយដំណើរក្រេបចន្ទទឹកឃ្មុំ (Honey Moon) នៅខេត្តកំពត។

ហើយថ្មីៗនេះ អ្នកនាងនិងប្តីក៏បានទៅដើរលេងនៅកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃបុណ្យភ្ជុំបិណ្ឌធំទៀតផង ដែលមើលទៅប្តីប្រពន្ធថ្មោងថ្មីតារា1គូនេះកំពុងប្រឹងរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀត។

ស៊ឹម សូលិកា ថ្លែងសារបែបតែងកំណាព្យស្នេហ៍ថា “សមុទ្រទឹកប្រៃ ច្នៃដោយធម្មជាតិ នៅជិតឈប់ឃ្លាត ច្នៃដោយដៃយើង ពីថ្ងៃនេះទៅ សូម្បីភ្នំភ្លើង មិនអាចរំលើងឫសស្នេហ៍យើងឡើយ។ អូនខំបងខំ សន្សំដោយចិត្ត ផ្សំនឹងគំនិត គិតឱ្យបានឆ្ងាយ ជីវិតយើងខ្លី ត្រូវតែសប្បាយ ស្មោះស្ម័គ្រចិត្តកាយ តាម សម្មាជីវោ”។

ភ្ជាប់ជាមួយកំណាព្យស្នេហ៍នេះដែរ ស៊ឹម សូលិកា ក៏បានបញ្ចេញរូបភាពឱបប្តីថ្មី លោកអេង រិទ្ធី ក្នុងអាងទឹក ហើយសូលិកា កាន់តែមានសេចក្តីសុខថែមទៀតនៅពេលដែលឃើញលោករិទ្ធី សាក់រូបនាងនៅដើមទ្រូង បញ្ជាក់ថា លោកសន្យារក្សាថ្នមថែស្នេហ៍នេះអស់1ជីវិត៕

