នៅសល់តែជាង១ខែទៀតប៉ុណ្ណោះ តារាចម្រៀងសុគន្ធ និសា នឹងគម្រប់ខួប២ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា។

ប៉ុន្តែនិសា នៅតែមិនទាន់ពពោះឡើយ គឺខុសពីតារាចម្រៀងរួមក្រុម ឱក សុគន្ធកញ្ញា រៀបការភ្លាមយកកូនភ្លែតតែម្តង។
យ៉ាងណា តាមរយៈការបង្ហាញរូបភាពឱបតុក្កតាកូនក្មេង ហើយនាងដាក់តាំងរូបតុក្កតាទាំងនោះជុំវិញរូបថតអាពាហ៍ពិពាហ៍ជាមួយប្តីនោះ ធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងរូបនេះកំពុងតែសង្ស័យថា និសា កំពុងចង់បានកូនង៉ា ហើយអាចនឹងត្រៀមយកកូនដូចសុគន្ធកញ្ញា ឆាប់ៗទៀតផង។

អ្នកលេងបណ្តាញសង្គមបានសួរទៅ និសា ថា ចង់បានកូន? ប៉ុន្តែតារាចម្រៀងហង្សមាស រូបនេះ មិនឆ្លើយតបឡើយ។
សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ ហៅសាំបា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយនាងត្រូវបានស្វាមីចង់ឱ្យឈប់ពីអាជីពសិល្បៈដោយងាកទៅធ្វើជំនួញវិញ។ ប៉ុន្តែនិសា បានប្រាប់ហេតុផលទៅស្វាមីថា នាងមិនអាចឈប់ពីអាជីពមួយនេះបានទេ ព្រោះបានតស៊ូជាង១០ឆ្នាំមកហើយ ទើបនៅទីបំផុត លោកសាំបា ក៏អនុញ្ញាតឱ្យនាងលេងសិល្បៈដូចដើម។

មិនត្រឹមតែនៅបន្តអាជីពចម្រៀងនោះទេ ប៉ុន្តែនិសា ក៏សម្រុកទៅថតភាពយន្តដល់ទៅ៣រឿងជាប់ៗគ្នាដែរ គឺរឿង “សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង“ព្រះវេស្សន្តរជាតក”។

ការថតភាពយន្តម្តងដល់ទៅ៣រឿងនេះ ធ្វើឱ្យមហាជនលើកឡើងថា សុគន្ធ និសា ចង់បន្សល់ទុកស្នាដៃចុងក្រោយរបស់នាងមុនពេលដែលបោះបង់អាជីពចម្រៀងទៅរស់នៅតាមប្តីឯសហរដ្ឋអាមេរិក។
និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ពេលនេះនាងមិនទាន់បានទិដ្ឋាការពីទូតអាមេរិក ទេ ហើយក៏មិនកំណត់ថាពេលណាយកកូនដែរ គឺទាល់តែបានទិដ្ឋាការសិន ទើបសម្រេចចិត្តតាមក្រោយ។

ដោយឡែក ក្រៅពីអាជីពចម្រៀង ពេលនេះសុគន្ធ និសា ក៏មានមុខរបរក្រៅពីសិល្បៈដែរ គឺនាងមានហាងកាហ្វេ, គុយទាវខ្ចប់, ចេកអាំងខ្ចប់ ខណៈដែលហាងព្រិលគ្រប់រដូវ នាងបានសេងឱ្យគេទៅហើយ៕