គ្រាន់តែឮដំណឹងថា នាយសាន់ម៉ៅ ហៅសេដ្ឋីអ៊ូរ៉ាន់ បានស្លាប់បាត់បង់ជីវិតភា្លម តាចេក ដែលជាមិត្តភក្តិរួមក្រុមកំប្លែងជាមួយគ្នា ក្រោមការដឹកនាំរបស់នាយកុយ ភ្លាម តាចេក បានស្ទុះស្ទារមកភ្នំពេញ ដើម្បីរង់ចាំសាកសពនាយសាន់ម៉ៅ ប៉ុន្តែមិនមានអ្វីជិះមកនោះទេ ព្រោះម៉ូតូខូច។

លុះព្រឹកឡើង ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ តាចេក បានជិះម៉ូតូទាំងភ្លៀងតាំងពីគិរីរម្យ ខេត្តកំពង់ស្ពឺ បានបែកកង់ម៉ូតូចំនួន២ដង ទម្រាំមកដល់ភ្នំពេញ បានឃើញសាកសពនាយសាន់ម៉ៅ។

លោកអុឹម ជីវ៉ា បានបង្ហោះសារថា ”សូមជួយស៊ែរមួយផង អាណិតតារាកំប្លែងនាយចេកណាស់ ឮសូរបងសាន់ម៉ៅ ស្លាប់ភ្លាម ជិះម៉ូតូពីគីររម្យ ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ មកទាំងភ្លៀង បែកកង់២ដង ទម្រាំមកដល់ ដោយពូចេក គាត់និយាយថា ពូចង់មកតាំងពីយប់ម្លេះប្អូនជីវ៉ាអើយ តែពូអត់មានអីជិះទេ មានតែម៉ូតូនិងខូច រហូតចង់បានចាំព្រឹកបានពូមក”។

គួរបញ្ជាក់ថា តាចេក និងនាយសាន់ម៉ៅ បានសម្តែងកំប្លែងជាមួយគ្នាបង្កបរិយាកាសសប្បាយរីករាយដល់មហាជន។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ នាយសាន់ម៉ៅ បានឈឺធ្ងន់ និងបានស្លាប់កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ។

ដោយឡែក តាចេក បានចេញទៅរស់នៅម្តុំគិរីរម្យ ខេត្តកំពង់ស្ពឺ ដើម្បីមើលថែចម្ការឲ្យគេ៕
