សុខ សោម៉ាវត្តី ដែលដំបៅបេះដូងម្តងរួចទៅហើយដោយសារមានប្តីជាកូនមន្ត្រីធំ ហើយនាងស្ទើរតែក្លាយទៅជាជំទាវទៅហើយ ប៉ុន្តែរបូតបាត់វិញរហូតធ្វើឱ្យនាងធ្លាក់ខ្លួនក្លាយទៅជាស្រីមេម៉ាយកូន១នោះ ពេលនេះ វត្តី ហាក់បាក់ស្បាតពីការតាមស្នេហាពីសំណាក់មន្ត្រីធំ ហើយនាងថាងារជំទាវមិនមែនជាក្តីស្រមៃសម្រាប់នាងឡើយ។
ការតាំងចិត្តរបស់សោម៉ាវត្តី បែបនេះជាសញ្ញាល្អមួយដល់ប្រុសក្មេងវ៉ាហេទ ខណៈដែលមុននេះ លេចឮថា លោកផ្កាយ២ម្នាក់តាមប្រជែងដណ្តើមមេម៉ាយសាច់សខ្ចីនេះដែរ ប៉ុន្តែបេះដូងមេម៉ាយកូន១ ក្តៅស្រួយដូចដូងដុតនេះ មិនបើកសម្រាប់ទទួលមន្ត្រីធំឡើយ…។

សុខ សោម៉ាវត្តី បានធ្វើអារម្មណ៍មួយដែលតារាផ្សេងទៀតពិបាកធ្វើដូចរូបនាង គឺទោះជាលែងលះអតីតប្តី លោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាស្នងការងខេត្តរតនគិរី ក្តី ប៉ុន្តែវត្តី នៅតែមានការណាត់ជួបប្តីចាស់ញ៉ាំអាហាររួមគ្នា ដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ខណៈដែលលោកពេជ្រ មានប្រពន្ធថ្មីទៀតទៅហើយ។

ទោះជាយ៉ាងណា ដំបៅបេះដូងរបស់សោម៉ាវត្តី គ្រាន់តែនាងមិនលាត់បង្ហាញឱ្យគេឃើញប៉ុណ្ណោះ ប៉ុន្តែគេអាចយល់បានថា នាងឈឺសែនឈឺរហូតបាក់ស្បាតរឿងមន្ត្រីធំនិងកូនអ្នកធំៗតាមស្នេហ៍ទៀតផង ហើយពេលនេះតំណែងជំទាវមិនសំខាន់សម្រាប់នាងទៀតឡើយ។
សុខ សោម៉ាវត្តី ធ្លាប់បាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា ក្រោយលែងប្តី មានប្រុសទាំងក្នុងនិងក្រៅស្រុកតាមសុំស្រលាញ់ ក្នុងនោះក៏មានមន្ត្រីធំៗដែរ។

ប៉ុន្តែ វត្តី ថា នាងធ្លាប់ស្រលាញ់គ្នាជាមួយអតីតប្តីដល់ទៅជាង៥ឆ្នាំ ហើយទីបំផុត នៅតែបែកគ្នាទៀត។ នាងថា រឿងអ្នកធំឬកូនអ្នកធំស្រលាញ់នាង គ្មានអ្វីត្រូវរំភើបទៀតទេ ព្រោះថាបើពេលនេះនាងមិនលែងលះជាមួយប្តីក៏បានងារជំទាវដែរ ប៉ុន្តែមិនអាចនៅជាមួយគ្នាតទៅទៀតបានឡើយ។

ការអះអាងរបស់សុខ សោម៉ាវត្តី បែបនេះ បញ្ជាក់ថា នាងឆ្អែតចិត្តរឿងអ្នកធំឬកូនអ្នកធំតាមស្រលាញ់ ព្រោះស្រលាញ់ៗបានតែដំបូងពេលបានកូន១ ប្រែប្រួលចិត្ត។ ប៉ុន្តែយ៉ាងណាទំនាក់ទំនងរវាងសុខ សោម៉ាវត្តី និងអតីតប្តី នៅតែល្អមិនមែនជាគូបដិបក្ខគ្នានោះទេ ហើយនៅពេលលោកពេជ្រ ចង់ជួបមុខកូនស្រីវត្តី នាំកូនទៅញ៉ាំបាយ ហើយបែកផ្ទះគ្នារៀងៗខ្លួន។

សុខ សោម៉ាវត្តី បានរៀបការជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ ប៉ុន្តែបានចែកផ្លូវគ្នាកាលពីឆ្នាំ២០១៤ ហើយពេលនេះបន្សល់នូវចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះចាស្មីន អាយុជាង៧ឆ្នាំ។

ក្រោយធ្លាក់ខ្លួនមេម៉ាយ សោម៉ាវត្តី បានវិលត្រឡប់មករកអាជីពចាស់តាមរយៈការសម្តែងភាពយន្តឡើងវិញ ហើយនាងជាតារាម្នាក់ដែលនៅតែក្រសោបបានតំណែងតួឯកធំៗដូចកាលនៅក្រមុំដែរ៕