អ្នកមេម៉ាយកែវ និសា ធ្វើឱ្យតារារួមអាជីពស្ញប់ស្ញែងនាងជាខ្លាំង នៅពេលដែលតារាល្បីមានកូនស្រីមួយនេះ ដើរចាយលុយនិងទិញរបស់ម៉ាកល្បីៗ អំឡុងពេលដែលប៉ះស្នេហ៍មន្ត្រីធំ ហើយលេចឮថា នាងជិតក្លាយទៅជាជំទាវទៀតផង។
ប៉ុន្តែថ្មីៗនេះ កែវ និសា បានវិលរកអាជីពចាស់វិញ ទើបធ្វើឱ្យគេសង្ស័យថា នាងរបូតងារជំទាវបាត់ទៅហើយ ដោយសារនិសា នៅមិនដាច់អាល័យប្រុសក្មេងលឹម ជាឡាយ ហើយពួកគេអាចឈានទៅផ្សះផ្សាស្នេហ៍ជាថ្មីឡើងវិញ ស្របពេលដែលគៀត សុវណ្ណាឡាង បដិសេធដាច់អហង្ការរឿងគេថា នាងមានស្នេហាជាមួយសង្សារចាស់របស់និសា…។

ពួតិជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងមែន ព្រោះអំឡុងពេលដែលកែវ និសា ធ្លាយរឿងប្រេះឆាស្នេហាមន្ត្រីធំ មានអំណាចខ្លាំងម្នាក់ ស្រាប់តែពេលនេះ កញ្ញាគៀត សុវណ្ណាឡាង ដែលធ្លាប់តែឱបថើបអតីតសង្សារនិសា ប្រុសក្មេងរូបសង្ហាលឹម ជាឡាយ នោះ បានឆេះដុំនិងដាក់បណ្តាសាដល់អ្នកទាំងឡាយណា ដែលហ៊ានថា នាងនិងជាឡាយ សង្សារគ្នាទៀតផង។
រឿងស្នេហាក្រឡាប់ចាក់របស់ស្រីស្អាតទាំងពីរដួងនេះ ធ្វើឱ្យមហាជនតាមដានជាខ្លាំង ខណៈដែល ពេលនេះលេចឮថា កែវ និសា-លឹម ជាឡាយ មិនទាន់អស់និស្ស័យស្នេហ៍ឡើយ ហើយពួកគេអាចនឹងឈានទៅរកការផ្សះផ្សាស្នេហាជាថ្មីឡើងវិញក្នុងពេលឆាប់ៗ នេះទៀតផង។

ការធ្លាយរឿងកែវ និសា នៅមិនទាន់ដាច់អាល័យស្នេហ៍ប្រុសក្មេងលឹម ជាឡាយ នៅពេលនេះត្រូវបានគេសន្និដ្ឋានថា កញ្ញាគៀត សុវណ្ណាឡាង ដែលប្រកាសដាច់ខាតនៅចំពោះក្រុមអ្នកកាសែតថា នាងគ្មានស្នេហាជាមួយលឹម ជាឡាយ នោះអាចជាការដោះខ្លួនចេញ ដើម្បីកុំឱ្យគេមើលឃើញថា នាងដណ្តើមសង្សាររបស់និសា ហើយពួកគេប្រឈមការពាក់មុខយក្សដាក់គ្នាដោយសារប្រុសក្មេងជាឡាយ។
ខណៈដែលអ្នកសារព័ត៌មានមួយចំនួននិយាយថា សុវណ្ណាឡាង ធ្លាប់ផ្តល់បទសម្ភាសន៍ដល់ពួកគេថា កំពុងស្វែងយល់ចិត្តគ្នាជាមួយជាឡាយ ប៉ុន្តែពេលនេះក្រោយពេលស្រីស្រស់ដឹងថា ប្រុសសង្ហាជាឡាយ នៅមិនដាច់ចិត្តពីសង្សារចាស់ អ្នកមេម៉ាយសាច់សខ្ចីកែវ និសា នោះ ទើបសុវណ្ណាឡាង ក្តៅក្រហាយ ហើយបែរមកជាដាក់ទំនាយដល់អ្នកសារព័ត៌មានទាំងឡាយណាដែលផ្សាយថា នាងជាសង្សាររបស់ជាឡាយ ទៀតផង។

កែវ និសា បានលែងលះជាមួយអតីតប្តីអាណិកជនខ្មែរ នៅអាមេរិក លោកគាំ វារី កាលពីឆ្នាំ២០០៩ ហើយអតីតសង្សារតារាចម្រៀងគ្មានសក់ សាន ផានិត រូបនេះ បានភ្ជាប់ស្នេហ៍ជាមួយប្រុសក្មេង លឹម ជាឡាយ ជាង៥ឆ្នាំ ដោយគូស្នេហ៍ខុសវ័យនេះគ្រោងដឹកដៃគ្នាចូលរោងការទៀតផង ព្រោះក្រុមគ្រួសារទាំងសងខាងបានគាំទ្រ។
ប៉ុន្តែនៅពេលដែលកែវ និសា បញ្ចេញរថយន្តទំនើបម៉ាក Audi ពណ៌ស តម្លៃជាង៧ម៉ឺនដុល្លារ ហើយត្រូវបានគេខ្សឹបខ្សៀវគ្នាថា នាងមានស្នេហាជាមួយមន្ត្រីធំម្នាក់នោះ ជាឡាយ បានខូចចិត្តនិងច្រើនទៅផឹកស្រានៅហាងមួយខាងក្រោយស្ថានទូតចិន ដើម្បីបន្លប់ទុក្ខស្នេហ៍។

ដោយសារអស់សង្ឃឹមដណ្តើមបេះដូងអ្នកមេម៉ាយសាច់សដូចបណ្តូលចេក កែវ និសា មកវិញ នោះ ជាឡាយ ក៏ងាកទៅភ្ជាប់ស្នេហ៍ជាមួយអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស គៀត សុវណ្ណាឡាង ហើយជាឡាយ ថែមទាំងបញ្ឈឺចិត្តនិសា ដូចជាពួកគេបានឡាយវីដេអូឱបថើបគ្នាជាមួយសុវណ្ណាឡាង ទៀតផង។
ប៉ុន្តែនៅពេលដែលធ្លាយសញ្ញាថា កែវ និសា ប្រឈមការរបូតងារជំទាវ ទើបវិលមករកអាជីពចាស់ ហើយសុវណ្ណាឡាង ក៏ទាត់ចោលដំណឹងស្នេហាជាមួយជាឡាយ នេះជាឱកាសដែលធ្វើឱ្យនិសា-ជាឡាយ នឹងឈានមករកការស្អិតល្មួតគ្នាសាជាថ្មីឡើងវិញក្នុងពេលដ៏ឆាប់ៗនេះជាមិនខាន។

កែវ និសា ឬវង្ស សុផាវណ្ណ ទោះជាពេលនេះមានអាយុ៣៩ឆ្នាំក្តី ប៉ុន្តែរូបសម្រស់របស់នាងមិនមាន ការប្រែប្រួលឬធ្លាក់ចុះទៅតាមវ័យឡើយ។ ដំណឹងស្នេហ៍ដែលត្រូវគេបង្ហើបថា នាងចែកផ្លូវស្នេហ៍មន្ត្រីធំវិលរកអាជីពចាស់នាពេលនេះ ធ្វើឱ្យមន្ត្រីធំៗកាន់តែច្រើនជ្រួលច្របល់ចាំត្រងស្នេហ៍តារាសាច់រលោងម៉ដ្ឋខៃនេះ ប៉ុន្តែប្រុសទ្រព្យស្តុកទាំងនោះខកចិត្តភ្លាមៗចំពោះនិសា ដែលអាចនឹងឈានទៅរការផ្អែមល្ហែមស្នេហ៍ជាថ្មីវិញនេះ។

ដោយឡែក អ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាស ម្នាក់បានបង្ហើបឱ្យដឹងថា លោកចង់ហៅកែវ និសា ចាប់ដៃជាមួយលឹម ជាឡាយ សម្តែងរឿងភាគមួយ ហើយលោកជឿថា ពួកគេត្រូវគ្នាវិញ នឹងព្រមថតជាមួយគ្នាជាមិនខាន។ ប៉ុន្តែបើនិសា និងជាឡាយ នៅមិនទាន់ចិត្តមួយថ្លើមមួយដូចមុនទេនោះ ពួកគេនឹងមិនថតសម្តែងជាមួយគ្នាទេ ហើយតំណែងតួឯកនោះនឹងត្រូវបង្វិលទៅឱ្យតារាផ្សេងវិញ៕