បន្ទាប់ពីសិស្សស្រីពូកែម្នាក់ប្រលងជាប់ថ្នាក់ទី១២ (បាក់ឌុប) និងមានសំណាងបានជួបសម្តេចតេជើហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រហរាជាណាចក្រកម្ពុជា កាលពីព្រឹកមិញនេះ សមតាមបំណងឪពុក ដែលចង់ឱ្យកូនស្រីបានជួបសម្តេច និងថតរូបអនុស្សាវរីយ៍ជាមួយសម្តេច ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ ឪពុករបស់ក្មេងស្រីរូបនេះមិនបាននៅមើលឃើញកូនស្រីថតរូបជាមួយសម្តេចនោះទេ ពោលគឺលោកបានទទួលរមណាភាពទៅហើយ។

ក្មេងស្រីរៀនពូកែរូបនេះ មានឈ្មោះ តែ សុខលី រៀននៅសាលាសុវណ្ណភូមិ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រឡងជាប់និទ្ទេស A។
យ៉ាងណា បន្ទាប់ពីបានឃើញព័ត៌មាននេះភ្លាម ពិធីការិនីរូបស្រស់ល្បីល្បាញ និងជាអ្នកជំនួញពូកែ ឌួង ហ្សូរីដា បានបង្ហោះសារអបរអរដល់ក្មេងស្រីតែ សុខលី និងបានរំលឹកពីជីវិតខ្លួនឯង គឺមុនពេលប្រលង ឪពុកបានស្លាប់ចោល ហើយនាងបានយំបណ្តើរទន្ទេញមេរៀនបណ្តើរដើម្បីកំដរសពឪពុក។

ឌួង ហ្សូរីដា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា “ប្អូនស្រីសំណាងជាងបង ដែលមានឱកាសបានបង្ហាញនិទ្ទេសជូនឪពុក និងសម្រេចបំណងចុងក្រោយរបស់ឪពុកចង់អោយប្អូនថតរូបជាមួយសម្តេចតេជោ”។

ឌួង ហ្សូរីដា បង្ហោះសាររំលឹកអតីតកាលពេលនៅរៀនថា “កាលពី២០ឆ្នាំមុន ថ្ងៃដែលបងប្រលងបាក់ឌុប គឺជាថ្ងៃតម្កល់សពឪពុកដែលទេីបនឹងស្លាប់ យំបណ្តេីរ មេីលមេរៀនបណ្តេីរកំដរសពឪពុក អារម្មណ៍មួយនេះអ្នកមិនធ្លាប់ឆ្លងកាត់ ពិតជាមិនយល់ទេ ប៉ុន្តែប្អូនស្រីនឹងក្លាយជាមនុស្សស្រីម្នាក់កាន់តែរឹងមាំ ពូកែកាន់តែខ្លាំង បន្ទាប់ពីហេតុការទុក្ខសោកនេះកន្លងទៅ”។

ជាចុងក្រោយ ពិធីការិនីរូបនេះបានបង្ហោះសារថា “ចូលរួមរំលែកទុក្ខប្អូនស្រីសំរាប់ការបាត់បង់ឪពុក ចូលរួមអបអរសាទរដែលប្អូនស្រីរៀនពូកែជាប់និទ្ទេសA និង មានសំណាងបានជួបសម្តេច”៕