ប៉ែន ចំរ៉ុង បានដឹកដៃគូដណ្តឹងថ្មី អ្នកនាងហ៊ុន ម៉ាណេ ទៅថតរូបតាំងរោងការ (Pre-Wedding) នៅមុខប្រាសាទអង្គរវត្ត កាលពីពេលថ្មីៗនេះ ហើយតាមគម្រោងពួកគេនឹងរៀបការនៅចុងឆ្នាំ២០១៩ នេះហើយ។

ទាំងចំរ៉ុង និងដាណេ មើលទៅពួកគេពិតជាស័ក្តិសមគ្នា ហើយគូស្នេហ៍នេះស្រលាញ់គ្នាខ្លាំងណាស់ដែលធ្វើឱ្យឪពុកម្តាយទាំងសងខាងជំរុញឱ្យរៀបការឆាប់ៗមិនអាចបង្អង់ពេលវេលាតទៅទៀតបានឡើយ។

ទោះជាយ៉ាងណា ប៉ែន ចំរ៉ុង នៅតែមិនទាន់ប្រាប់ពីថ្ងៃរៀបមង្គលការរបស់ខ្លួនទេ ខណៈដែលតារារួមអាជីពវិញបានបង្ហើបឱ្យដឹងថា ចំរ៉ុង បានត្រៀមធៀបការហៅភ្ញៀវរួចអស់ ហើយគឺចាំតែកៀកថ្ងៃចែកតែម្តងដើម្បីធ្វើឱ្យមានការភ្ញាក់ផ្អើល ហេតុនេះហើយបានជាមិនចង់និយាយទុកជាមុន។

គួរបញ្ជាក់ថា ប៉ែន ចំរ៉ុង បានបង្កាត់ភ្លើងស្នេហាជាមួយកូនស្រីថៅកែផលិតកម្មមហាហង្ស អ្នកនាងភិន សុដាលីស រហូតដល់មានកូនស្រីម្នាក់ ឈ្មោះ Katherina អាយុជាង២ឆ្នាំទៅហើយ ប៉ុន្តែចំរ៉ុង មិនត្រូវបានដាលីស ផ្តល់សិទ្ធិឱ្យជួបមុខកូនស្រីជាដាច់ខាត ក្រោយពួកគេចែកផ្លូវគ្នាដោយជម្លោះចម្រូងចម្រាសជាមួយគ្នាមក។

នៅពេលដែលចំរ៉ុង ត្រៀមរៀបការចោលសុដាលីស នេះ ក៏មានដំណឹងថា ដាលីស ក៏មិនមែនទុកបេះដូងឱ្យនៅទំនេរដែរ គឺនាងមានគូស្នេហ៍ថ្មីទៀតហើយ គ្រាន់តែមិនទាន់បង្ហាញឱ្យគេឃើញប៉ុណ្ណោះ។

ប្រភពបានឱ្យដឹងថា ក្នុងចំណោមសំបុត្រការជាច្រើនរយសន្លឹកដែលចំរ៉ុង ត្រៀមហៅតារាល្បីៗឱ្យចូលរួមស៊ីការបស់ខ្លួននោះ ពិធីកររូបនេះមិនមានឈ្មោះអតីតប្រពន្ធរបស់ខ្លួន ភិន សុដាលីស ឡើយ។

ចំណែកសុដាលីស វិញ ក៏មិនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងដែរ នៅពេលដែលចំរ៉ុង ដឹកដៃគូស្នេហ៍ថ្មី អ្នកនាងដាណេ ទៅថត Pre-Wedding នេះ ព្រោះពេលនេះពួកគេទាំងសងខាងមានថ្មីរៀងៗខ្លួនអស់ទៅហើយ។

អ្នកសិល្បៈរួមអាជីពបង្ហើបឱ្យដឹងថា ការដែលប៉ែន ចំរ៉ុង ប្រញាប់ដឹកដៃសង្សារថ្មីចូលរោងការនៅពេលនេះ គឺដើម្បីបំភ្លេចដានស្នេហ៍ចាស់ ហើយចំរ៉ុង ធ្លាប់តូចចិត្តបំផុត គឺអតីតប្រពន្ធមិនអនុញ្ញាតឱ្យជួបមុខកូនស្រី ហេតុនេះហើយទើបរូបគេត្រូវការប្រពន្ធថ្មីស្របច្បាប់ ដើម្បីយកកូនភ្លាមៗ ហើយអាចបីប្រលែងលេងបានតាមចិត្តចង់៕

