Friday, September 19, 2025
Homeតារាខ្មែរបេប៊ី ប្រើពេលថែមទៀត សាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្ម

បេប៊ី ប្រើពេលថែមទៀត សាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្ម

តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានចេញបទមច្រៀងជា Audio ៣បទ បើកឆាកនៅផលិតកម្មថោន គឺបទ ”Baby Lonely”, ”សើចអត់?” និងបទ ”Hey Boy” ហើយនាងមានសង្ឃឹមយ៉ាងមុតមាំថា នឹងប្រជែងទីផ្សារផ្នែកយុវវ័យឲ្យបាន ព្រោះនេះជាបំណងប្រាថ្នារបស់នាងតាំងតែពីតូចម្ល៉េះ។

ប៉ុន្ដែគេកត់សម្គាល់ថា ការឈានចូលច្រៀងរបស់បេប៊ី គឺមានភាពខុសគ្នានឹងការចូលធ្វើជាតារាសម្ដែង ឬពិធីការិនី ដែលនាងអាចដណ្ដើមទីផ្សារបានយ៉ាងឆាប់រហ័ស ប៉ុន្តែអាជីពថ្មីរបស់នាងជាតារាចម្រៀងអាជីពនៅពេលនេះវិញ វាមិនមែនជារឿងងាយស្រួយឡើយសម្រាប់ស្រីស្អាតរូបនេះ។

បេប៊ី មិនអាចប្រជែងជាមួយមាស សុខសោភា ដែលជាតួឯកនៅថោន បានទេ ខណៈដែលរ៉ាប៊ី កំពុងហក់ឡើងទៀត ធ្វើឲ្យនាងកាន់តែពិបាកដណ្ដើមភាពលេចធ្លោនៅផលិតកម្មមួយនេះ។ ទោះជាយ៉ាងណា បេប៊ី  ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ហើយនាងពេលវេលាជាច្រើនទៀតសម្រាប់សាងឈ្មោះនៅថោន។

បេប៊ី ធ្លាប់និយាយថា ការទៅដល់ថោន របស់នាង គឺគ្មានចេតនាទៅប្រកួតប្រជែងជាមួយតារាណាម្នាក់ទេ ពិសេស គឺនាងចាត់ទុកមាស សុខសោភា ជារៀមច្បងឬរាជិនីសំឡេង។ ចំណែករ៉ាប៊ី វិញ គឺជាមិត្តភក្ដិរួមអាជីព មិនមែនជាគូប្រជែងឡើយ។

ថ្វីត្បិតតែបេប៊ី មិនទាន់មានបទចម្រៀងផ្ទុះដូចរ៉ាប៊ី មែន ប៉ុន្តែស្រីស្រស់ជឿជាក់ថា នៅពេលខាងមុខ ទីផ្សារចម្រៀងរបស់នាងនឹងដំណើរការយ៉ាងរលូន ដូចអាជីពសម្ដែង និងពិធីការិនីជាមិនខានឡើយ។

បេប៊ី ថា នឹងចំណាយលុយផ្ទាល់ខ្លួនបន្ថែមពីលើផលិតកម្ម ដើម្បីឲ្យ MV បទចម្រៀងនាងកាន់តែមានភាពទាក់ទាញពេលដែលចេញទៅ។

ដោយឡែក រឿងស្នេហាវិញ ស្រីស្អាតបេប៊ី នៅតែអះអាងថា នាងមិនទាន់ចង់បានប្ដីឡើយ ព្រោះចង់ពង្រឹងអាជីពសិល្បៈឲ្យបានរឹងមាំជាងនេះសិន។

ក្រៅពីបេប៊ី តារាសម្ដែងដែលវិវឌ្ឍន៍ខ្លួនទៅជាតារាចម្រៀង មានដូចជា ពេជ្រ សូលីកា, ទេព បូព្រឹក្ស, អែន ជី និងរ៉ាប៊ី ជាដើម ហើយពួកគេអះអាងស្រដៀងគ្នាថា អាជីពចម្រៀងងាយស្រួលរកលុយជាងសម្ដែង៕

RELATED ARTICLES