Friday, September 19, 2025
Homeតារាខ្មែរមាស សុខសោភា វិលពីកាណាដា វិញ ព្រោះខ្លាចបាត់ចំណូលធំ

មាស សុខសោភា វិលពីកាណាដា វិញ ព្រោះខ្លាចបាត់ចំណូលធំ

បន្ទាប់ពីផ្ញើខ្លួនលើទឹកដីកាណាដា អស់៦ខែ នៅពេលនេះ មាស សុខសោភា បានដឹកដៃស្វាមីសំណព្វចិត្តរបស់នាង លោកគ្រូពេទ្យ អ៊ឹត រ៉ាដា ទៅកាណាដា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នោះ បានមកដល់ស្រុកវិញហើយ។

គ្រាន់តែមកដល់ផ្ទះភ្លាម សោភា មិនទុកពេលវេលាឱ្យទំនេរអត់ប្រយោជន៍នោះទេ គឺនាងបានឡើងច្រៀងនៅស្ថានីយ៍ទូរទស្សន៍ CTN កាលពីរាត្រីថ្ងៃអាទិត្យ ទី១៣ ខែតុលា ខណៈដែលទូរទស្សន៍ផ្សេងៗទៀតក៏សម្រុកគ្នាហៅតារាល្បីរបស់ថោន នេះ ឡើងច្រៀងកម្មវិធីរបស់គេដូចគ្នាដែរ។

ដោយឡែក មាស សុខសោភា វិញ នាងដឹងខ្លួនច្បាស់ថា ការបាត់ខ្លួនពីឆាកតន្ត្រីដល់ទៅកន្លះឆ្នាំនេះ ក៏ធ្វើឱ្យទីផ្សារចម្រៀងរបស់នាងក្នុងស្រុក ប្រឈមការស្ងប់ស្ងាត់ផងដែរ ហេតុនេះហើយបានជា សោភា មិនទាន់បាត់ហត់ផង តែត្រូវបង្ខំចិត្តរត់ឡើងតាមឆាកតន្ត្រីភ្លែតតែម្តង។

តាមព័ត៌មានបានឱ្យដឹងថា  ការទៅសម្ងំ នៅកាណាដា ៦ខែនេះ មាស សុខសោភា កាក់កបកើបលុយបានហួសពីការរំពឹងទុកទៅទៀត ព្រោះបានចេញច្រៀងសម្តែងជាច្រើនរដ្ឋ ហើយមានការគាំទ្រច្រើន ខណៈដែលតម្លៃខ្លួននាងគឺត្រូវបែងចែកពាក់កណ្តាលជាមួយម្ចាស់ Sponsor ដែលលក់សំបុត្រតែម្តង។

ប៉ុន្តែ សោភា មិនអាចពន្យារពេលនៅកាណាដា តទៅទៀតទេ ព្រោះថានាងត្រូវមកឱ្យទាន់ការត្រៀមខ្លួនច្រៀងបុណ្យអុំទូក នាពេលខាងមុខនេះ ព្រោះខ្លាចបាត់ចំណូលធំ។

ចំណែកប្រភពជិតស្និទ្ធបានបង្ហើបឱ្យដឹងថា តាមគម្រោង មាស សុខសោភា ត្រូវច្រៀងសម្តែងតែ៣ខែទេ លើទឹកដីកាណាដា ហើយត្រូវវិលវិញតាំងពីពាក់កណ្តាលខែកក្កដា ម៉្លេះ ប៉ុន្តែការដែលនាងថែម៣ខែទៀត  គឺដើម្បី រង់ចាំយក Green Card ងាយស្រួលចេញចូលទៅកាណាដា លើកក្រោយៗទៀត។

មាស សុខសោភា បានកំណត់យកទីផ្សារចម្រៀងទាំងក្នុងនិងក្រៅស្រុកតែម្តង នៅឆ្នាំ២០១៩ នេះ ទើបធ្វើឱ្យប្រាក់ចំណូលរបស់នាងកើនឡើងយ៉ាងឆាប់រហ័ស នាំឱ្យនាងសម្រេចបំណងទិញផ្ទះវីឡា និងជិះរថយន្តទំនើបបានតាមចិត្តចង់។

ដោយឡែក ការស្ពាយលុយដុល្លារមកពីកាណាដា លើកនេះ របស់អ្នកចម្រៀងថោន និង Camtrax នេះ ត្រូវបានគេរំពឹងថា នាងនឹងរៀបគម្រោងរៀបការតាមប្រពៃណីខ្មែរឱ្យផ្អើលមេឃ មិនឱ្យចាញ់ ឱក សុគន្ធកញ្ញា ឡើយ បន្ទាប់ពីនាងបានរួមរស់ជាមួយលោករ៉ាដា ១១ឆ្នាំមក៕

RELATED ARTICLES