Friday, September 19, 2025
Homeតារាខ្មែរសន ផល្លីកា ប្រុសអូស្ត្រាលីសុំរៀបការ ប៉ុន្តែបែរជានាងខ្លាច...

សន ផល្លីកា ប្រុសអូស្ត្រាលីសុំរៀបការ ប៉ុន្តែបែរជានាងខ្លាច…

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ស្រីស្អាតសន ផល្លីកា កំពុងច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ជាមួយតារាចម្រៀងរួមអាជីពនិងក្រុមតន្ត្រីករសរុប៦នាក់ ដែលពួកគេត្រូវស្នាក់នៅរយៈពេល៣ខែ ទើបវិលវិញនៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

នេះជាលើកទី១ហើយ ដែលសន ផល្លីកា ចេញទៅច្រៀងនៅអូស្ត្រាលី ហើយតាមព័ត៌មានថា ស្រីស្រស់តូចច្រឡឹងនេះត្រូវបានប្រុសអាណិកជនខ្មែរមួយចំនួននៅទីនោះ សុំរៀបការតាមប្រពៃណីខ្មែរទៀតផង។

ក្នុងជំនួបតាមទូរស័ព្ទជាមួយកញ្ញាសន ផល្លីកា កាលពីរសៀលថ្ងៃទី១៥ ខែតុលា តារាតូចតន់រូបនេះអះអាងថា នាងបានចេញច្រៀងសម្តែងបាន៣រដ្ឋ ហើយនឹងត្រៀមសម្តែងជិត១០រដ្ឋថែមទៀត ទើបដល់ពេលវេលាត្រូវវិលទៅស្រុកវិញនៅអំឡុងដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ផល្លីកា អះអាងថា “ខ្ញុំឡើងមកអូស្ត្រាលី តាំងពីថ្ងៃទី២៤ ខែកញ្ញា ម៉្លេះ ជាមួយតារាចម្រៀងនិងអ្នកភ្លេងសរុបគ្នា៦នាក់។ ឥឡូវខ្ញុំចេញច្រៀងបាន៣រដ្ឋហើយនឹងត្រៀមសម្តែងដល់ទៅជិត១០រដ្ឋថែមទៀត សរុបទាំងអស់មក៣ខែនេះ ត្រូវសម្តែងជាង១០រដ្ឋ”។

ផល្លីកា បានបន្តថា “មុនមកដល់អូស្ត្រាលី ខ្ញុំមានការបារម្ភខ្លះៗដែរថា ខ្លាចតែគ្មានបងប្អូនមកមើលការច្រៀងសម្តែងនៅទីនេះ ព្រោះអីអូស្ត្រាលី មានតារាៗយើងចេញមកច្រៀងច្រើនពេក។ ប៉ុន្តែពេល មកដល់ទើបដឹងថា បងប្អូននៅទីនេះស្រលាញ់សិល្បៈ ហើយពួកគាត់មកគាំទ្រយើងច្រើនលើសការរំពឹងទុកទៅទៀត ធ្វើឱ្យខ្ញុំនិងតារាដែលមករួមគ្នានិងអ្នកភ្លេងមានកម្លាំងចិត្តក្នុងការច្រៀងសម្តែងតែម្តង”។

តារាស្រីរូបនេះ បានបន្ថែមថា “ចំពោះរឿងមានគេស្រលាញ់នោះ ខ្ញុំនិយាយការពិត គឺមិនខ្វះទេ និងសុំរៀបការទៀតផង ប៉ុន្តែខ្ញុំដូចជាសុំខ្លាចហើយរឿងស្នេហានេះ ខ្ញុំធ្លាប់បែកបាក់ អ៊ីចឹងតាមចិត្តខ្ញុំនៅពេលនេះ គឺដូចជាមិនចង់មានស្នេហាអីទៀតទេ ខ្ញុំអាចរស់នៅម្នាក់ឯងរហូតក៏បាន”។

សន ផល្លីកា ធ្លាប់សាងស្នេហ៍ជាមួយពិធីករនិងជា VJ ម្នាក់ តែបានប្រេះឆាគ្នាកណ្តាលផ្លូវ ទើបធ្វើឱ្យពេលនេះអតីតតារាចម្រៀង BIGMAN រូបនេះ ខ្លាចរអាក្នុងការទទួលយកគូស្នេហ៍ថ្មី។

ដោយឡែក ការច្រៀងសម្តែងនៅអូស្ត្រាលីលើកទី១ នេះ ផល្លីកា ដែលមានជំងឺគីសដៃឆ្វេងនៅមិនទាន់ជានោះថា មានការរំខានខ្លះៗដែរ ព្រោះជំងឺនាងមិនទាន់ជាដាច់។ ប៉ុន្តែនាងថា ពេលត្រឡប់មកដល់ស្រុកវិញនៅខែធ្នូ ខាងមុខនេះ នាងនឹងវិលទៅថតបទចម្រៀងថ្មីៗនៅផលិតកម្មហង្សមាស តទៅទៀត។

ផល្លីកា បញ្ជាក់ថា “ខ្ញុំនៅតែជាតារាចម្រៀងរបស់ហង្សមាស អ៊ីចឹងខ្ញុំបានសុំថៅកែផលិតកម្មផ្អាកមួយរយៈ អំឡុងពេលដែលខ្ញុំឈឺគីសដៃហ្នឹង។ ប៉ុន្តែខ្ញុំមិនបោះបង់អាជីពចម្រៀងទេ ខ្ញុំនឹងចូលហង្សមាស ថតបទថ្មីៗឡើងវិញ ពេលដែលខ្ញុំចប់ការច្រៀងសម្តែងនៅអូស្ត្រាលី ហើយទៅដល់ស្រុកវិញខាងមុខនេះ”។

សន ផល្លីកា ត្រូវបានគេស្គាល់ជាម្ចាស់បទ “ស្រលាញ់អ្នកក្រោយ បងត្រូវក្លាហាន”, “ចេះស្រលាញ់ ចេះទឹកភ្នែក”, “បេះដូងបែកឆ្វេង”, “សង្សារចាស់ម្នាក់នេះ លែងត្រូវការបងហើយ” និងបទឆ្លងឆ្លើយជាមួយ ឆន សុវណ្ណរាជ “គេស្រលាញ់អូនមិនស្មោះទេ”ជាដើម៕

RELATED ARTICLES