តារាលេងក្បាច់រាំ លាង សុផាឡែន ហាក់ខកចិត្តខ្លាំងនៅពេលដែលគម្រោងដឹកដៃលោកធីអូ ទៅច្រៀងសម្តែងនៅអាមេរិក នារដូវធ្លាក់ភ្លៀងត្រូវអាក់ខានទៅវិញ ដោយសារតែសម្ភាសន៍នៅទូតអាមេរិក មិនជាប់តាមបំណងឡើយ។
ទោះជាយ៉ាងណា សុផាឡែន ថា នាងមិនបោះបង់គម្រោងទៅច្រៀងរាំនៅបរទេសនោះទេ ហើយសង្ឃឹមថាលើកក្រោយៗទៀត អាចចេញទៅបានហើយ ប៉ុន្តែឆ្នាំនេះមិនបានទៅច្រៀងសម្តែងនៅអាមេរិក នេះ ធ្វើឱ្យនាងខាតបង់ទាំងលុយនិងការងារមួយចំនួន។

លាង សុផាឡែន បានឱ្យដឹងថា នាងមិនហ៊ានថតកុន និងទទួលច្រៀងតាមបណ្តាកម្មវិធីមួយចំនួនទេ ព្រោះខ្លាចជាន់គ្នា ឬធ្វើការឱ្យគេមិនរួចមុនចេញទៅអាមេរិក ប៉ុន្តែឥឡូវបំណងនោះបែរជាត្រូវខកចិត្តទៅវិញ ព្រោះសម្ភាសន៍មិនជាប់។

អតីតតារាចម្រៀង M និង BIGMAN រូបនេះថា នឹងបន្តក្តីសង្ឃឹមចេញទៅច្រៀងសម្តែងនៅក្រៅស្រុកឱ្យបាននៅពេលវេលាដែលសមស្របនាពេលខាងមុខនេះ។

លាង សុផាឡែន ល្បីបទ “បេះដូង១០០” ប៉ុន្តែក្រោយមកមិនសូវមានបទចម្រៀងផ្ទុះទៀតឡើយ ស្របពេលដែលហង្សមាស មានតារាថ្មីៗកាន់តែច្រើន ទើបធ្វើឱ្យនាងពិបាកប្រជែង។

ប៉ុន្តែ សុផាឡែន ថា នាងមិនមានការព្រួយបារម្ភច្រើនរឿងនេះទេ ព្រោះបទចម្រៀងរបស់នាងមានចេញជាហូរហែ តែរឿងដែលនាងភ័យនោះ គឺប្រឹងញ៉ាំយ៉ាងណាក៏មិនឡើងគីឡូទាល់តែសោះ។

នាងបន្តថា ពេលនេះទម្ងន់នាង៤៦គីឡូហើយ ចង់ឱ្យបាន២គីឡូថែមទៀត គឺ៤៨គីឡូ ទើបប្រឹងញ៉ាំទាំងយប់ទាំងថ្ងៃហើយនៅតែមិនព្រមឡើងគីឡូទៀត ខណៈដែលនាងរវល់ច្រើនគ្មានពេលហាត់ប្រាណទេ តែឆ្ងល់អ្នកខ្លះមិនញាំច្រើនដូចនាងទេ ប៉ុន្តែគីឡូវិញឡើងម៉ាប់ៗទៅវិញ។

លាង សុផាឡែន ក្រោយប៉ះរឿងអាស្រូវស្នេហាចម្រូងចម្រាសត្រូវប្រពន្ធលោកធីអូ ចោទដណ្តើមប្តីនោះ ពេលនេះនាងបង្ហើបឱ្យដឹងថា កំពុងស្វែងយល់ចិត្តថ្លើមជាមួយបុរសម្នាក់ដែលមិនមែនជាអ្នកក្រហើយ ក៏មិនមែនជាអ្នកមានដែរ គឺជីវភាពមធ្យម ហើយនាងគិតគូររឿងរៀបការនាពេលខាងមុខ៕