ថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១៨ ខែតុលា កញ្ញាស៊ុយ បូណាវីន ដែលត្រូវបានក្រុមហ៊ុន New Face ជាអ្នករៀបចំនឹងជ្រើសរើសតំណាងកម្ពុជា ទៅប្រកួតក្នុងកម្មវិធី “Miss Cosmo world 2019” នៅប្រទេសម៉ាឡេស៊ី នោះថា នាងមានអារម្មណ៍រីករាយខ្លាំងណាស់ក្នុងការមានឱកាសចេញទៅប្រកួតលើវេទិកាដ៏អស្ចារ្យដែលនាងអាចគ្រងឈុតតំណាងឲ្យជាតិដើម្បីឲ្យពិភពលោកបានស្គាល់កម្ពុជា កាន់តែច្បាស់ថែមទៀត។

ស្រីស្រស់ស៊ុយ បូណាវីន ថ្លែងថា ”ខ្ញុំបានត្រៀមខ្លួនរួចរាល់អស់ហើយ គ្រប់វិញ្ញាសាទាំងអអស់ដែលក្នុងនោះក៏មានយកក្បាច់គុណល្បុកតោទៅបង្ហាញផងដែរ ដែលខ្ញុំបានហាត់សមរយៈពេលជាង១ខែមុននេះ។

កញ្ញាបូណាវីន បន្តថា “អ្វីដែលខ្ញុំមានមោទនភាពថែមទៀតនោះ គឺខ្ញុំបានគ្រងឈុតតំណាងជាតិជាឈុតធីតាកម្ពុជាក្រុងចតុមុខមង្គល ដើម្បីឲ្យបរទេសបានស្គាល់ និងចាប់អារម្មណ៍ថែមទៀតនៅលើឆាកអន្ដរជាតិនោះ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចបំណងធំនេះ”។

លោកគឹម សាម៉ុន អ្នកច្នៃរម៉ូដឈុតធីតាកម្ពុជាក្រុងចតុមុខមង្គល បានឲ្យដឹងថា មូលហេតុដែល New Face ជ្រើសរើសកញ្ញាស៊ុយ បូណាវីន ចេញទៅប្រកួតកម្មវិធី “Miss Cosmo World 2019” នេះ ដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាត ក្លាហាន និងមានចំណេះដឹង។

លោកបន្តថា លោកមានមោទនភាពខ្លាំងណាស់ ដែលបានច្នៃឈុតតំណាងជាតិមួយនេះ ជូនបូណាវីន ឡើងលើឆាកអន្ដរជាតិ ព្រោះឈុតនេះអ្នកខ្លះមិនស្គាល់ ឬត្រូវបានគេបំភ្លេចទៅហើយ។

លោកបន្ថែមថា នេះគឺជាលើកទី៣ហើយ ដែល New Face បានបញ្ជូនបេក្ខភាពរបស់ខ្លួនទៅប្រកួតនៅម៉ាឡេស៊ី ហើយសម្រាប់ឆ្នាំនេះ គឺយើងសង្ឃឹមច្រើន។

ចំណែកលោកហែម ចិត្រ្តា គ្រូបង្ហាត់ល្បុកតោវិញ បានឲ្យដឹងដែរថា លោកបានបង្ហាត់កញ្ញាស៊ុយ បូណាវីន ដោយយកចិត្តទុកដាក់រយៈពេលជាង១ខែ ហើយឃើញថា នាងអាចធ្វើបានល្អ។ថ្វីត្បិតតែកម្មវិធីនោះ លោកមិនបានទៅចូលរួមផ្ទាល់ក្ដី ប៉ុន្តែលោកជឿជាក់ថា កញ្ញាបូណាវីន នឹងនៅតែធ្វើបានរលូនដូចគម្រោង ហើយវាជាឱកាសដែលកញ្ញាបានយកក្បាច់គុណបុរាណខ្មែរ ទៅបង្ហាញលើឆាកអន្ដរជាតិ ដើម្បីលើកស្ទួយដល់វិស័យកីឡាជាតិរបស់យើងផងដែរ។

កញ្ញាស៊ុយ បូណាវីន បានឲ្យដឹងទៀតថា នាងត្រូវចេញទៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែតុលា នេះ ហើយជាមួយបេក្ខនារីម្នាក់ផ្សេងទៀត ខណៈដែលការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាងនឹងវិលមកវិញនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះផងដែរ៕