ពិធីករនិងតារាសម្តែងដែលពូកែវោហារស័ព្ទ លោកប៉ែន ចំរ៉ុង នឹងរៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះហើយ ជាមួយអនាគតភរិយា អ្នកនាងហ៊ុន ម៉ាណេ ដែលកម្មវិធីជប់លៀងធំនឹងរៀបចំនៅមជ្ឈមណ្ឌលដឺព្រេមៀរ សឺនធ័រ សែនសុខ រាជធានីភ្នំពេញ។
ក្នុងជំនួបផ្ទាល់ជាមួយលោកប៉ែន ចំរ៉ុង កាលពីថ្ងៃទី២០ ខែតុលា ពិធីកររូបសង្ហានេះបានឱ្យដឹងថា លោកពិតជាសម្រេចចិត្តរៀបការនៅថ្ងៃនោះមែន ព្រោះនេះជាពេលវេលាសមស្របមួយដែលអាចធ្វើទៅបាន ព្រោះនៅឆ្នាំ២០២០ លោកជាប់មមាញឹករកស៊ីច្រើនអ៊ីចឹង ត្រូវតែធ្វើនៅឆ្នាំនេះឱ្យហើយ។

ប៉ែន ចំរ៉ុង អះអាងថា “ខ្ញុំរៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ហ្នឹងមែន។ កម្មវិធីមង្គលការនិង ការជប់លៀងធ្វើនៅមជ្ឈមណ្ឌលដឺព្រេមៀរ សែនធឺ សែនសុខ អាគារ “B” ហើយខ្ញុំធ្វើតែ៥០ទៅ៦០តុទេ ប៉ុន្តែឥឡូវគិតចុះគិតឡើងភ្ញៀវចេះតែកើនឡើង។ មូលហេតុដែលខ្ញុំរៀបការឆ្នាំនេះ ព្រោះតែនៅឆ្នាំក្រោយ (២០២០) ហ្នុង ខ្ញុំជាប់រវល់ច្រើនទៅលើការរកស៊ីបន្ថែមពីអាជីពសិល្បៈ អ៊ីចឹងយើងត្រូវតែ រៀបចំឆ្នាំហ្នឹងឱ្យហើយតែម្តង”។

ប៉ែន ចំរ៉ុង មិនបានបញ្ជាក់ថា លោកបានភ្ជាប់ស្នេហ៍ជាមួយអ្នកនាងហ៊ុន ម៉ាណេ រយៈពេលប៉ុន្មានឆ្នាំ ឬបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីពេលណាឡើយ ដោយពិធីកររូបនេះថា រឿងហ្នឹងមិនអាចនិយាយបានទេ។

ប៉ុន្តែ ចំរ៉ុង បន្តថា មូលហេតុដែលលោកសម្រេចចិត្តរៀបការជាមួយអ្នកនាងដាណេ ព្រោះតែសម្លឹងមើលឃើញថា អាចរស់នៅជាមួយគ្នាយូរអង្វែង ទើបត្រូវតែរៀបការឱ្យខាងតែបាន។
ប៉ែន ចំរ៉ុង បញ្ជាក់ថា “ខ្ញុំសម្រេចចិត្តរៀបការជាមួយគាត់ ព្រោះយើងអាចមើលឃើញថា ពួកយើងអាចរស់នៅជាមួយគ្នាយូរអង្វែងបាន។ ខ្ញុំសូមឱ្យអ្នកសារព័ត៌មាននិយាយអ្វីដែលត្រឹមខ្ញុំនិយាយ កុំឱ្យបន្ថែមបន្ថយច្រើនពេកអី”។

ចំពោះមុខជំនួញក្រៅសិល្បៈនោះ ប៉ែន ចំរ៉ុង បានបង្ហើបឱ្យដឹងថា នឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះហើយ គឺលោកនឹងបើកក្រុមហ៊ុនមួយរកស៊ីផ្តោតលើផ្នែកសំខាន់លើគោលការណ៍៣យ៉ាង គឺទី១.Auto Car ទី២. អចលនទ្រព្យ និងទី៣. Cosmetic។

ពិធីកររូបនេះបានឱ្យដឹងទៀតថា សម្រាប់អាជីពសិល្បៈមួយ ទោះជាលោកមានប្រពន្ធកូន ឬក្លាយទៅជាអ្វីក៏ដោយ គឺមិនអាចបោះបង់ចោលបានជាដាច់ខាត ព្រោះក្នុងចិត្តបេះដូងរបស់លោក គឺស្រលាញ់សិល្បៈខ្លាំងណាស់ ហើយនឹងបន្តអាជីពមួយនេះរហូតដល់ថ្ងៃផុតដង្ហើមតែម្តង ឱ្យតែមានមហាជនគាំទ្រ។

គួរបញ្ជាក់ថា មុនសម្រេចចិត្តលាភាពនៅលីវនេះ ប៉ែន ចំរ៉ុង ធ្លាប់មានស្នេហាជាមួយអ្នកនាងភិន សុដាលីស តែបានចែកផ្លូវគ្នាទាំងចម្រូងចម្រាស ហើយចំណងស្នេហ៍នេះបន្សល់កូនស្រីម្នាក់ឈ្មោះ Katherina អាយុជាង២ឆ្នាំ។

ប៉ុន្តែ ចំរ៉ុង មិនត្រូវបានអតីតភរិយា អ្នកនាងសុដាលីស អនុញ្ញាតឱ្យជួបមុខកូនស្រីជាដាច់ខាត ទើបពេលខ្លះ ចំរ៉ុង មានសិទ្ធិបានតែចែកចាយ (Share) រូបកូនស្រី ឬបីកូនអ្នកជិតខាង ដោយចាត់ទុកថា ជាកូនរបស់ខ្លួនប៉ុណ្ណោះ។

ពេលនេះ លោកចំរ៉ុង ជិតក្លាយទៅជាស្វាមីរបស់អ្នកនាងម៉ាណេ ស្របច្បាប់ទៅហើយ ហេតុនេះហើយគេជឿថា ក្រោយពេលរៀបការពួកគេនឹងរៀបគម្រោងយកកូនឱ្យបានភ្លាមៗតែម្តង ដើម្បីឱ្យចំរ៉ុង បានបីកូនង៉ាប្រលែងលេងតាមចិត្តចង់។

ដោយឡែក មង្គលការរបស់ប៉ែន ចំរ៉ុង នៅថ្ងៃទី២៨ ខែវិច្ឆិកា នោះ គឺធ្វើឡើងក្រោយថ្ងៃមង្គលការរបស់ពិធីការិនីដៃគូ ប៉ែន ចំរ៉ុង គឺកញ្ញាកែវ សីហា តែ១ថ្ងៃប៉ុណ្ណោះ ព្រោះសីហា នឹងលាភាពក្រមុំ ត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះហើយដែរ៕