នៅឆ្នាំ២០១៩នេះ សម្រាប់ខែវិច្ឆិកា (ខែកត្តិក) ឆ្នាំ២០១៩នេះ គេកត់សម្គាល់ថា មានតារាល្បីៗដល់ទៅ៣ដួង រៀបការនៅខែតែមួយព្រមគ្នាតែម្តងនោះ គឺសួស វីសា, កែវ សីហា និងលោកប៉ែន ចំរ៉ុង។
១-សួស វីសា ៖

តារាចម្រៀងផលិតកម្មរស្មីហង្សមាសនេះ បានភ្ជាប់ពាក្យជាមួយតារាសម្តែងលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ហើយតាមព័ត៌មានថា លោកថមមី បានជូនថ្លៃទឹកដោះវីសា នូវចំនួនទឹកប្រាក់ដល់ទៅ៤៤៤៤៤ដុល្លារ។

យ៉ាងណា វីសា នៅតែព្យាយាមលាក់ថ្ងៃរៀបការពិតប្រាកដ ដោយគ្រាន់តែអះអាងថា ពិតជាធ្វើនៅខែវិច្ឆិកា ឆ្នាំ២០១៩នេះមែន មិនអាចបង្អង់តទៅទៀតបាន ព្រោះតែចាស់ទុំទាំងសងខាងបានជំរុញឱ្យរៀបការឆាប់ៗ ដោយសារតែពួកគាត់ចាស់ៗអស់ទៅហើយ ចង់ឃើញកូនៗរៀបការ។

ប៉ុន្តែអ្វីគួរឱ្យភ្ញាក់ផ្អើល គឺមិនទាន់ដល់ថ្ងៃរៀបការផង វីសា បានទិញរថយន្តទំនើប Lexus LX Kuru ២០២០ តម្លៃជាង២០ម៉ឺនដុល្លារផ្អើលមេឃ ទើបធ្វើឱ្យគ្រប់គ្នាឆ្ងល់ថា តើអតីតតារា Rock រូបនេះ បានលុយពីណាទិញវីឡា និងរថយន្តថ្លៃកប់ពពកបែបនេះ?
២-កែវ សីហា ៖

ពិធីការិនីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ រូបនេះ នឹងលាភាពនៅលីវត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ ដែលបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងត្រូវប្រគល់ទៅឱ្យលោកគ្រូពេទ្យរូបសង្ហាម្នាក់ជាអ្នកថ្នមថែ។

មង្គលការរបស់នាងរៀបចំពិធីជប់លៀងនៅមជ្ឈមណ្ឌលដឺព្រេមៀរ សែនធឺរ សែនសុខ រាជធានីភ្នំពេញ ដោយនាងរៀបចំទទួលភ្ញៀវចំនួន៧០ទៅ៨០តុ។

៣-ប៉ែន ចំរ៉ុង ៖
អតីតប្តីអ្នកនាងភិន សុដាលីស រូបនេះ នឹងដឹកដៃគូស្នេហ៍ថ្មីអ្នកនាងហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ពោលគឺក្រោយកែវ សីហា តែមួយថ្ងៃប៉ុណ្ណោះ ហើយរៀបចំនៅមជ្ឈមណ្ឌលដឺព្រេមៀរ សែនធឺរ សែនសុខ ដូចគ្នា។

ចំរ៉ុង ប្រាប់ថា លោកត្រៀមធ្វើពិធីជប់លៀងពី៥០ទៅ៦០តុទេ ប៉ុន្តែចុងក្រោយនេះ គិតចុះគិតឡើង ភ្ញៀវក៏ចេះតែកើនឡើងផងដែរ។

ប៉ែន ចំរ៉ុង បានឱ្យដឹងដែរថា ក្រោយរៀបការ លោកនឹងបុកធ្វើជំនួញក្រៅពីសិល្បៈ ដោយផ្តោតដល់អាជីវកម្ម៣យ៉ាង គឺទី១- Auto Car, ទី២-អចលនទ្រព្យ និងទី៣-ផ្នែក Customer៕
