Friday, September 19, 2025
Homeតារាខ្មែរកែវ ពេជ្រពិសី ជួបទុក្ខធំម្តាយទទួលមរណភាព អំពាវនាវសូមឲ្យតារារួមអាជីពចូលរួមពិធីបុណ្យ៧ថ្ងៃ

កែវ ពេជ្រពិសី ជួបទុក្ខធំម្តាយទទួលមរណភាព អំពាវនាវសូមឲ្យតារារួមអាជីពចូលរួមពិធីបុណ្យ៧ថ្ងៃ

តារាសម្ដែងកែវ ពេជ្រពិសី បានក្លាយជានារីដែលកំព្រាទាំងឪពុកនិងម្ដាយទៅហើយ ខណៈដែលកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ អ្នកម្ដាយជាទីស្រលាញ់បំផុតរបស់នាង លោកស្រីកែវ ស៊ីណា បានទទួលមរណៈភាពក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

កែវ ពេជ្រពិសី មានទុក្ខក្រៀមក្រំនិងសោកស្ដាយម្ដាយរបស់នាង ដែលចាកចេញពីជីវិតនាងជារៀងរហូតនេះជាពន់ពេក ខណៈដែលពេលវេលាប្រថុចញ៉ុចពេក ពិសី ថា មិនបានយកសំបុត្របុណ្យគម្រប់៧ថ្ងៃ ទៅចែកមិត្តភក្ដិនិងបងប្អូនដែលស្គាល់នាងគ្រប់គ្នានោះទេ។

ហេតុនេះហើយបានជាតារាសម្ដែងរូបនេះបានលើកដៃដប់សំពះដល់ញាតិមិត្តទាំងឡាយ ក៏ដូចជាតារាធ្លាប់រួមអាជីពទាំងអស់ចូលរួមកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃនិង១០០ថ្ងៃរបស់ម្ដាយនាងផង ដែលកម្មវិធីបុណ្យនឹងប្រារព្ធនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង២រសៀលតទៅ នៅផ្ទះលេខF62 ផ្លូវលេខ០១ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពេជ្រពិសី បានឲ្យដឹងថា នៅពេលដែលនាងកំពុងមានទុក្ខក្រៀមក្រំនេះ សង្ឃឹមថា អ្នកដែលស្គាល់នាងនិងមិត្តរួមអាជីពទាំងអស់ មិនប្រកាន់ចំពោះការមិនបានយកសំបុត្របុណ្យទៅអញ្ជើញដោយផ្ទាល់ឡើយ ហើយនាងចង់ឃើញអ្នកទាំងអស់នោះចូលរួមបុណ្យសពម្ដាយរបស់នាង នៅថ្ងៃគម្រប់ខួប៧ថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា ម្ដាយរបស់កែវ ពេជ្រពិសី អ្នកស្រីកែវ ស៊ីណា មានជំងឺទឹកនោមផ្អែមរយៈពេលជាង២០ឆ្នាំមកហើយ ដែលស្ថានភាពចុងក្រោយ កាន់តែធ្វើទុក្ខធ្ងន់ធ្ងរ ដោយសារជំងឺនេះបានឈានទៅរាលដាលជំងឺសួត, បេះដូង, ថ្លើម និងលើសឈាមទៀតផង ទើបធ្វើឲ្យម្ដាយរបស់ពិសី ឈានទៅទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែតុលា នាំឲ្យពិសី និងក្រុមគ្រូសារអាឡោះអាល័យសោកស្តាយម្ដាយរបស់នាង គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។

ខណៈដែលពេជ្រពិសី បានប្រឹងប្រែងយកចិត្តទុក្ខដាក់ព្យាបាលជំងឺម្ដាយនាងអស់លទ្ធភាព ទាំងនៅមន្ទីពេទ្យកាល់ម៉ែត និងរុស្សី ជាដើម រហូតនាងបានប្រកាសលក់ផ្ទះយកប្រាក់ព្យាបាលជំងឺម្ដាយទៀតផង ប៉ុន្តែទីបំផុត នៅតែមិនអាចជួយម្ដាយនាងបានឡើយ។

គេឃើញតារារួមអាជីពជាច្រើនបានសម្ដែងការសោកស្ដាយ និងចូលរួមមរណៈទុក្ខដល់ពេជ្រពិសី ផងដែរ។

 “នគរធំ” សូមចូលរំលែកទុក្ខកែវ ពេជ្រពិសី និងក្រុមគ្រូសារសព ហើយសូមឲ្យវិញ្ញាណក្ខន្ធលោកស្រីកែវ ស៊ីណា ទៅដល់ឋានសុខ កុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES