Friday, September 19, 2025
Homeតារាខ្មែរស្រីស្រស់ម៉ូនី និតា សប្បាយចិត្តប៉ះ Idol ជាប្រុសស្អាត

ស្រីស្រស់ម៉ូនី និតា សប្បាយចិត្តប៉ះ Idol ជាប្រុសស្អាត

តារាសម្តែងម៉ូនី និតា ឆក់បានតំណែងតួឯករឿង “និស្ស័យខ្លុយស្នេហ៍” ដែលប៉ះជាមួយប្រុសសង្ហា លោកមុំ សុទ្ធារ៉ា បានលេចមុខព្រមគ្នាក្នុងកម្មវិធីសែនក្រុងពលីភាពយន្តនេះ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភោគិត្រាភ្នំពេញ។

ស្រីស្រស់ម៉ូនី និតា និយាយទាំងរំភើបថា “នាងមានអារម្មណ៍រីករាយខ្លាំងណាស់ដែលបានចាប់ដៃគូជាមួយប្រុសរូបសង្ហា លោកមុំ សុទ្ធារ៉ា ព្រោះពីមុនមកនាងតែងចាត់ទុកគាត់ជា “Idol” ប៉ុន្តែឥឡូវបែរជាបានមកចាប់ដៃសម្តែងជាមួយគាត់ទៅវិញ”។

កញ្ញាម៉ូនី និតា និងលោក មុំ សុទ្ធារ៉ា

ម៉ូនី និតា បន្តថា “រឿងនេះនាងសម្តែងជាកូនក្រមុំរបស់ម្ចាស់វង់តន្ត្រីម្នាក់ មានជំនាញខាងផ្លុំខ្លុយ ហើយមានប្រុសជាច្រើននាក់តាមស្រលាញ់។ តួនាងសម្តែងជាតួកម្សត់សុភាពទន់ភ្លន់ ហើយពេល ស្លាប់ទៅលងសាហាវមែនទែន គឺតាមចងកម្មពៀរអ្នកដែលធ្វើបាបនាងពីជាតិមុន”។

ដោយឡែក លោកមុំ សុទ្ធារ៉ា វិញ បានឱ្យដឹងដែរថា “ក្នុងរឿងនេះលោកលេងជាតួកូនកំលោះក្នុងវង់ត្រកូលអ្នកមានឋានៈ បានរៀនចប់មកពីក្រៅប្រទេស មាននារីៗស្រលាញ់ច្រើន។ សាច់រឿងនេះមាន៣ជាតិ គឺបុរាណ, សម័យបារាំង និងដល់សម័យបច្ចុប្បន្ន”។

លោកសុទ្ធារ៉ា បន្តថា “បានផុងខ្លួនស្រលាញ់តួស្រីត្រង់ឃើញនាងផ្លុំខ្លុយពីរោះក៏ចាប់ចិត្ត ប៉ុន្តែស្នេហានេះ ត្រូវបានរារាំង ដោយសារម៉ាក់ប៉ារបស់លោកមិនពេញចិត្តតួស្រីដែលជាអ្នកក្រ”។

ក្រៅពីស្រីស្អាតម៉ូនី និតា និងលោកមុំ សុទ្ធារ៉ា ជាតួឯកប្រុសស្រីនោះរឿង “និស្ស័យស្នេហ៍” ក៏មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងទៀត មានដូចជា ស្រីរ័ត្ន, ដាណេ, ម៉េង សាវុទ្ធ, សុភា, ណាណា, លីលី, គឹម ហួ, សុធន, ឆាលី, វីរៈតារា, នង សុខលី និងរិទ្ធី នី ជាដើម។

លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យភាពយន្តរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឱ្យ ដឹងថា “រឿង “និស្ស័យខ្លុយស្នេហ៍” មាន៣០ភាគហើយប្រើពេលថតខ្ទង់៣ទៅ៣ខែកន្លះ ទើបចប់ ដែលទីតាំងភាគច្រើនគឺនៅតាមជនបទ ព្រោះជារឿងសជាតិហើយរឿងនេះគ្រោងដាក់បញ្ចាំងនៅដើមឆ្នាំ២០២០ ខាងមុខនេះ។ ភាពយន្តនេះមានការអប់រំបញ្ហាក្នុងជីវិតកុំឱ្យមានការឈ្នានីសគ្នា។

លោកសុផាត បន្ថែមថា “ប៉ុស្តិ៍លេខ៥ បានផលិតរឿងខ្មែរបានជាង២០រឿងមកហើយ ដើម្បីលើកស្ទួយវិស័យភាពយន្តខ្មែរ ទោះជារឿងនេះជារឿងដើមរបស់ថៃ មែន ប៉ុន្តែយើងយកមកកែច្នៃទៅជាលក្ខណៈខ្មែរ”៕

RELATED ARTICLES