Friday, September 19, 2025
Homeតារាខ្មែរឈួន សុវណ្ណឆ័យ ទោះមានតែខ្លួនមួយ ដើម្បីអនាគតកូនប្រុសស្រី ហ៊ានបូជាទាំងជីវិត

ឈួន សុវណ្ណឆ័យ ទោះមានតែខ្លួនមួយ ដើម្បីអនាគតកូនប្រុសស្រី ហ៊ានបូជាទាំងជីវិត

ដោយមិនទាន់លាតត្រដាងរឿងស្នេហាថ្មី ឬរៀបគម្រោងចូលរោងការជាលើកទី២នោះ អ្នកនាងឈួន សុវណ្ណឆ័យ បានអះអាងថា ជីវិតរបស់នាងហ៊ានបូជាគ្រប់យ៉ាងដើម្បីកូនប្រុសស្រីឱ្យតែពួកគេបានរៀនសូត្រខ្ពង់ខ្ពស់ អ្នកនាងសុខចិត្តចំណាយថវិកាជាច្រើនក្នុង១ខែៗ ព្រោះចង់ឱ្យកូនៗរៀននៅសាលាល្អ និងមានឱកាសចេញទៅសិក្សានៅបរទេស។

អ្នកនាងឈួន សុវណ្ណឆ័យ ថ្លែងថា “ខ្ញុំបានឱ្យកូនប្រុសស្រីទាំងពីររៀនសាលាល្អ ក្នុង១ខែៗយើងចំណាយលុយអស់ច្រើនណាស់ដែរ។ ប៉ុន្តែកូនខ្ញុំហ្នឹងជាកូនគន្លងធម៌ ពួកគេខំប្រឹងរៀនសូត្រណាស់បានពិន្ធុខ្ពស់ ឥឡូវអាចបន្តការសិក្សានៅបរទេសបាន”។

អ្នកនាងសុវណ្ណឆ័យ បន្តថា “សម្រាប់ខ្ញុំយល់ថា មនុស្សយើងពេលចាស់ទៅគង់តែស្លាប់ទេ អ៊ីចឹងការប្រឹងប្រែងរបស់យើងនៅពេលនេះ គឺដើម្បីឱ្យកូនៗយើងនៅថ្ងៃអនាគត។ យើងសប្បាយចិត្តដែលបានកូនល្អខិតខំរៀនសូត្រ ហ្នឹងហើយជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប”។

ក្រោយចែកផ្លូវគ្នាជាមួយអតីតស្វាមីជាមន្ត្រីស្ថានទូតបារាំង លោកប្រាក់ គន្ធី មក អ្នកនាងឈួន សុវណ្ណឆ័យ ជាអ្នករ៉ាប់រងចិញ្ចឹមកូនប្រុសស្រីតែម្នាក់ឯង ហើយនាងបានបើកកសិដ្ឋានចិញ្ចឹមជ្រូកធំមួយជាច្រើនឆ្នាំមកហើយ ទើបពេលនេះជីវភាពអ្នកនាងកាន់តែល្អប្រសើរ មានផ្ទះវីឡា និងជិះរថយន្តទំនើប Lexus LX570 ទៀតផង។

ប៉ុន្តែដោយសារស្រលាញ់អាជីពសិល្បៈ ទើបអ្នកនាងសុវណ្ណឆ័យ នៅតែបន្តអាជីពចាស់នេះ ហើយនាងថែមទាំងផលិតបទចម្រៀងដោយចំណាយថវិកាផ្ទាល់ខ្លួនចេញបទចម្រៀងថ្មីៗជារៀងរាល់ខែទៀតផង។

សុវណ្ណឆ័យ បន្ថែមថា “យើងបានផលិតបទមរតកដើមឡើងវិញខ្លះ និងធ្វើបទជា Original Songs ខ្លះ ចេញជាហូរហែមក។ ដោយឡែកមុខរបរក្រៅសិល្បៈរបស់យើង គឺការចិញ្ចឹមជ្រូកនោះដំណើរការល្អជាធម្មតាទេ ហើយវាជួយជីវភាពយើងបានល្អប្រសើរឡើងរហូតមក”។

ឈួន សុវណ្ណឆ័យ ជាតារាម្នាក់ចូលចិត្តពាក់មាសទៅចូលរួមតាមបណ្តាកម្មវិធីផ្សេងៗ ដូចជា កាបូបយួរដៃ, ខ្សែក្រវាត់, ឃ្នាប , ខ្សែក, ខ្សែដៃ, ក្រវិល និងចិញ្ចៀន ជាដើម គឺធ្វើពីមាសទាំងអស់ ទើបគេលាន់មាត់ថា តារាកូន២រូបនេះមានទ្រព្យមិនចាញ់សេដ្ឋិនីឡើយ។

ប៉ុន្តែសុវណ្ណឆ័យ ថា នាងស្រលាញ់និងចង់អភិរក្សមាស ទើបចូលចិត្តពាក់មាសទៅតាមកម្មវិធីផ្សេងៗ។

ដោយឡែក ថ្មីៗនេះដែរ សុវណ្ណឆ័យ ថា នាងទើបវិលត្រឡប់មកពីដើរកម្សាន្តនៅសហរដ្ឋអាមេរិក តែនាងមិនបង្ហើបឱ្យដឹងពីតម្រុយស្នេហ៍ថ្មីឡើយ៕

RELATED ARTICLES