តារាចម្រៀងលាង សុផាឡែន ដែលធ្លាប់ផ្ទុះរឿងស្នេហាជាមួយអ្នកចម្រៀងធីអូ នោះ បានអះអាងថា ពេលនេះនាងកំពុងតែស្វែងយល់ចិត្តបុរសម្នាក់ ហើយអាចនឹងដឹកដៃគ្នាចូលរោងការនៅពេលដែលនាងសង់ផ្ទះវីឡាកូនកាត់រួចរាល់ហើយនោះ។

យ៉ាងណា សុផាឡែន មិនបញ្ជាក់ឱ្យច្បាស់ទេថា តើបុរសដែលនាងនឹងជ្រើសយកជាស្វាមីនោះ ជាសង្សារចាស់ឬជាសង្សារថ្មី?

លាង សុផាឡែន ទើបបុកគ្រឹះសង់វីឡាកូនកាត់លើដីផ្ទាល់ខ្លួនរបស់នាងក្បែរផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ ហើយបន្ទាប់ពីផ្ទះក្នុងក្តីស្រមៃរបស់នាងរួចរាល់ហើយនោះ ជីវិតអាពាហ៍ពិពាហ៍របស់នាងក៏ត្រូវចូលមកដល់ភ្លាមៗផងដែរ ប៉ុន្តែពេលនេះនាងថា មិនទាន់កំណត់ពេលវេលារៀបការនោះជាក់លាក់ទេ។

តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានឱ្យដឹងថា “ខ្ញុំទើបបុកគ្រឹះសង់ផ្ទះ ហើយវាជាផ្ទះវីឡាកូនកាត់។ មិនដឹងថាត្រូវចំណាយលុយអស់ប៉ុន្មានទេព្រោះទើបចាប់ផ្តើមអ៊ីចឹង។ ប៉ុន្តែខ្ញុំមានដីនោះខ្លួនឯងហើយដែលទិញតម្លៃ១ម៉ឺនដុល្លារកាលពីឆ្នាំ២០១៦ ក្បាល៧បណ្តោយ២០ម៉ែត្រ នៅប៉ុន្មានម៉ែត្រពីផ្សារអ៊ីអន២ប៉ុណ្ណោះ ហើយឥឡូវដីហ្នុងគេឱ្យថ្លៃ៤ទៅ៥ម៉ឺនដុល្លារដែរ ប៉ុន្តែខ្ញុំមិនលក់ ព្រោះទុកធ្វើផ្ទះនៅ”។

សុផាឡែន បានបន្តថា “ពេលធ្វើផ្ទះហ្នុងហើយ បានខ្ញុំចាប់ផ្តើមគិតគូររឿងរៀបការអីដូចគេ ប៉ុន្តែពេលនេះខ្ញុំកំពុងស្វែងយល់ចិត្តគ្នាជាមួយគាត់ (សង្សារ) សិន។ គាត់ (សង្សារ) មិនមែនជាអ្នកមានទេ ជាមនុស្សធម្មតាហ្នឹង ខ្ញុំអត់រកអ្នកមានទេ”។

ការសង់វីឡាទ្រនំស្នេហ៍របស់លាង សុផាឡែន នេះ យ៉ាងហោចណាស់ក៏នាងត្រូវការចំណាយប្រាក់មិនក្រោម៥ម៉ឺនដុល្លារឡើយ ហើយតាមរយៈការលេចមុខតាមសកម្មភាពសិល្បៈនៅលើឆាកតន្ត្រី ធំៗនាពេលចុងក្រោយនេះ សុផាឡែន ក៏អាចរកប្រាក់ចំណូលក្នុង១ខែៗ រាប់ម៉ឺនដុល្លារដែរ ហេតុនេះហើយវីឡានោះនឹងចេញជារូបរាងក្នុងពេលឆាប់ៗជាមិនខានឡើយ ខណៈដែលមានការលេចឮថា តារាតូចច្រឡឹងរូបនេះក៏មានដីធំនៅខេត្តសៀមរាបផងដែរ។

លាង សុផាឡែន បន្ថែមថា “ដោយសារតែខ្ញុំមិនចូលចិត្តលេងម៉ូដឡានដូចគេ ទើបមានលុយខ្លះទិញដីទៅ។ ដីនៅសៀមរាបហ្នុងរាងពិបាកលក់បន្តិច ព្រោះអាជ្ញាធរមិនទាន់ចាក់ផ្លូវ។ ដីហ្នុងខ្ញុំអាចលក់ដាច់ ឬពុះឡូត៍លក់ មិនដឹងទេចាំមើលសិន ព្រោះមានដីបងប្អូនខ្ញុំនៅជិតហ្នុងដែរ។ សម្រាប់ខ្ញុំមិនចង់លេងម៉ូដឡានអីទេ គឺចង់សន្សំលុយប្រើការដូចជាការឆ្មក់ទិញដីនៅម្តុំអ៊ីអន២នោះ ខ្ញុំទិញត្រូវតែម្តងហើយបានធ្វើផ្ទះនៅ”។

ទស្សនិកជនរង់ចាំមើលថា អនាគតស្វាមីរបស់លាង សុផាឡែន ដែលនាងដឹកដៃកំពូលស្នេហ៍ក្រាបផ្ទឹម ក្រោយសង់វីឡារួចនោះជាសង្សារចាស់ឬថ្មី? ខណៈដែលកន្លងមកតារាដែលចូលចិត្តប្តូរពណ៌សក់នេះ ក៏លេចឮថា មានតន្ត្រីករម្នាក់តាមស្នេហានាងដែរ៕