Friday, September 19, 2025
Homeតារាខ្មែរម្តាយក្មេកព្រាប សុវត្ថិ រីករាយពេលឃើញកូននិងចៅមានសេចក្តីសុខ និងជោគជ័យ

ម្តាយក្មេកព្រាប សុវត្ថិ រីករាយពេលឃើញកូននិងចៅមានសេចក្តីសុខ និងជោគជ័យ

ព្រាប សុវត្ថិ មានកូនសុទ្ធតែប្រុសទាំង៣នាក់ គឺសុវត្ថិ មុនីនាថ , សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលពួកគេ ច្រៀងនៅហង្សមាស ជាមួយលោកដែរ។

ដោយសារគ្មានកូនស្រីមួយគ្រាប់បែបនេះហើយ ទើបមានការលើកឡើងថា ព្រាប សុវត្ថិ ដែលនៅតែសង្ហា ហើយភរិយាអ្នកនាងឡុង ស្រីមុំ នៅតែស្រស់ស្អាតនោះ ប្រាកដជាតាមយកកូនស្រីថែមម្នាក់ទៀតជាមិនខាន ប៉ុន្តែលោកព្រាប សុវត្ថិ បានប្រាប់ថា កូនប្រុសលោកសុវត្ថិ សិរីវុឌ្ឍ នោះ គឺជាកូនពៅតែម្តង…។

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីពេលថ្មីៗនេះ ព្រាប សុវត្ថិ ដែលណែនាំឈ្មោះកូននីមួយៗឱ្យអ្នកកាសែតស្គាល់ ដោយលោកប្រាប់ថា កូនច្បងរបស់លោក គឺសុវត្ថិ មុនីនាថ , ចំណែកកូនកណ្តាល គឺសុវត្ថិ មុនីនាគ និងកូនពៅ គឺសុវត្ថិ សិរីវុឌ្ឍ។

ការថ្លែងបែបនេះបញ្ជាក់ថា ព្រាប សុវត្ថិ គ្មានបំណងតាមយកកូនស្រីម្នាក់ទៀតទេ បើទោះជាមានមិត្តភក្តិនិងតារាចម្រៀងរួមអាជីពសុទ្ធតែបានជំរុញឱ្យតារាហង្សមាស រូបនេះ តាមយកកូនស្រីម្នាក់ទៀតក៏ដោយ ព្រោះការមានកូនប្រុស៣នាក់នៅពេលនេះ គឺគ្រប់គ្រាន់សម្រាប់សុភមង្គលក្នុងគ្រួសាររបស់តារាចម្រៀងដែលល្បីល្បាញជាង២ទសវត្សនេះ។

ម្តាយក្មេករបស់ព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ បានប្រាប់អ្នកយកព័ត៌មានយើងថា កូនៗរបស់ព្រាប សុវត្ថិ ទាំង៣ ដែលពួកគេត្រូវជាចៅអ្នកស្រីនោះ ពួកគេមានសមត្ថភាពសិល្បៈខ្ពស់ណាស់ ដោយសារគេមានដុងនិងមានការបណ្តុះបណ្តាលពីឪពុករបស់គេផ្ទាល់តែម្តង គឺព្រាប សុវត្ថិ។

អ្នកស្រីបញ្ជាក់ថា សេចក្តីសុខរបស់អ្នកស្រីគឺនៅពេលដែលឃើញកូននិងចៅៗ មានសេចក្តីសុខ និងជោគជ័យអាជីពសិល្បៈនេះតែម្តង។

ប៉ុន្តែតារាចម្រៀងហង្សមាស ពេជ្រ សោភា ធ្លាប់និយាយថា ក្នុងចំណោមកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ នាងមើលឃើញថា ពួកគេមានដុងសិល្បៈរៀងៗខ្លួន ប៉ុន្តែមានតែកូនប្រុសទី២ ឈ្មោះសុវត្ថិ មុនីនាគ ទេ ដែលមានទឹកដមសំឡេងស្រដៀងទៅនឹងឪពុកពួកគេ និងពេលខ្លះ គឺច្រៀងទៅ ច្រឡំសំឡេងព្រាប សុវត្ថិ តែម្តង។

ព្រាប សុវត្ថិ ដែលត្រូវបានគេប្រៀបធៀបថា តារាចម្រៀងរលកក្រោយ ខេមរៈ សិរីមន្ត កំពុងតែដើរតាមគន្លងរបស់ខ្លួននិងជាគូប្រជែងយ៉ាងខ្លាំងក្លា ពេលដែលអ្នកទាំងពីរឈរនៅផលិតកម្មរស្មីហង្សមាស តែមួយនេះ ត្រូវបានមហាជនចាត់ទុកថានៅត្រឹមឆ្នាំ២០១៩នេះ លោកនៅតែការពារតំណែងជាតារាចម្រៀងឈានមុខគេនៅហង្សមាស នៅឡើយ គឺមានន័យថា សិរីមន្ត មិនទាន់អាចយកកៅអី របស់លោកបានទេ។

ប៉ុន្តែការយកកូនទាំង៣ចូលច្រៀងនៅទ្រនំជាមួយគ្នានេះ មានន័យថា ព្រាប សុវត្ថិ បាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់បទពិសោធន៍ទាំងឡាយដល់កូនប្រុស នៅពេលដែលលោកចូលនិវត្តន៍ពីអាជីពចម្រៀងនាពេលខាងមុខ។

យ៉ាងណា តាមរយៈរូបរាងនៅតែសង្ហារបស់ព្រាប សុវត្ថិ លោកសាស្ត្រាចារ្យ សេង សំអាន មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្លាប់និយាយថា ព្រាប សុវត្ថិ នៅល្បីបានច្រើនឆ្នាំតទៅទៀត ព្រោះសំឡេងពេលនេះ មិនទាន់បែកទេ ហើយ “ខ្ញីចាស់កាន់តែហឹរ“។

ព្រាប សុវត្ថិ ដែលស្ថិតក្នុងចំណោមតារាចម្រៀងម្នាក់មានទ្រព្យច្រើន ដែលប្រភពទាំងនោះភាគច្រើន ចេញពីប្រាក់ចំណូលសិល្បៈជាង២០ឆ្នាំនេះក្តី ប៉ុន្តែអ្នកចម្រៀងហង្សមាសរូបនេះ មិនពឹងលើអាជីពសិល្បៈមួយមុខឡើយ។

តារាដែលមានកូន៣នាក់សុទ្ធតែប្រុសទាំង៣ លោកព្រាប សុវត្ថិ បានងាកមករកស៊ីផ្នែកអចលនទ្រព្យយ៉ាងសកម្មរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែតាមព័ត៌មានថា ព្រាប សុវត្ថិ មានដីធ្លីនៅខេត្តរតនគិរី និងម្តុំវត្តសំរោងអណ្តែត ច្រើនប្លង់ដែលមានតម្លៃរាប់លានដុល្លារឯណោះ ហេតុនេះហើយ ទោះជា លោកលែងច្រៀងក៏មិនបារម្ភពីសេដ្ឋកិច្ចដែរ។ ប៉ុន្តែរាល់លើក នៅពេលដែលសួររឿងទ្រព្យ ព្រាប សុវត្ថិ មិនដែលចង់និយាយរឿងនេះឡើយ។

មហាជនមួយចំនួន បានលើកឡើងថា ព្រាប សុវត្ថិ នឹងប្រឈមការបាត់បង់តំណែងនៅថ្ងៃមួយ ជាមិនខានទៅឱ្យខេមរៈ សិរីមន្ត ព្រោះការចូលហង្សមាស របស់ សិរីមន្ត គឺតារារូបនេះមិនមែនចង់ធ្វើជាតួរងទេ គឺចង់ធ្វើ “តួឯក”។

ប៉ុន្តែលោកម៉ិញ សុធីវណ្ណ ថ្លែងថា ជាទម្លាប់របស់ហង្សមាស តាមលោកដឹង គឺគេមិនលើកតារាណាពីខាងក្រៅជាងតារារបស់គេដែលមានស្រាប់នោះទ។ លោកថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត អាចដឹងឈ្នះចាញ់បាន តាមរយៈការកាត់ក្តីអ្នកណាចេញបទចម្រៀងបានច្រើនជាង នោះគឺជាអ្នកឈ្នះ ហើយ៕

RELATED ARTICLES